• Today: December 22, 2024

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ៖ ការរីកចម្រើនរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជួយដល់កម្មករនិយោជិតកាន់តែប្រសើរ


ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញការសាទរចំពោះការអភិវឌ្ឍរីកចម្រើនរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលរួមចំណែកបង្កើតឱកាសការងារ ជួយលើកស្ទួយជីវភាពកម្មករនិយោជិតកាន់តែប្រសើរ ព្រមទាំងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជាយ៉ាងសំខាន់ណាស់ដែរ។


ឯកឧត្តម អ៊ិត សំហេង កោតសរសើរបែបនេះ គឺក្នុងឱកាសទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ដែលដឹកនាំដោយលោក ចិន ជានកាង (Chen Jiangang) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានពាំនាំដំណឹងល្អៗជូនឯកឧត្តមបណ្ឌិត អ៊ិត សំហេង ថា នៅថ្ងៃទី២២ ខែឧសភា ខាងមុខនេះ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ បានគោរពអញ្ជើញសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយកម្មករ និយោជិត ទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រសំបកកង់រថយន្ត ដែលមានឈ្មោះថា ជេនេរ៉ល ថាយអឺរ ថេកណូឡូជី (ខេមបូឌា) ឯ.ក។ តំណាងក្រុមហ៊ុនតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុរូបនេះ ក៏បានអញ្ជើញឯកឧត្តមរដ្ឋមន្ត្រី ចូលរួមក្នុងកម្មវិធីនេះផងដែរ។

លោក ចិន ជានកាង បានបន្តថា កន្លងមកនេះ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុបានទាក់ទាញវិនិយោគិនជាច្រើនមកសិក្សានៅប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ ជាពិសេសតាមរយៈការទទួលគណៈប្រតិភូសំខាន់ៗទាំង២ គឺគណៈប្រតិភូក្រសួងការបរទេសចិន និងគណៈប្រតិភូសហគមន៍ជំរុញពាណិជ្ជកម្មទូទាំងប្រទេសចិន។ ការអញ្ជើញមកទស្សនាទាំងអស់នេះ គឺបានបង្ហាញជាសញ្ញាថា រដ្ឋាភិបាលចិនបានបើកចំហការចេញចូលប្រទេសកាន់តែធំទូលាយ ហើយក៏កាន់តែមានទំនុកចិត្តថា វិនិយោគិនចិននឹងមកវិនិយោគនៅប្រទេសកម្ពុជាកាន់តែច្រើន។
ជាមួយគ្នានោះ រោងចក្រផលិតសំបកកង់រថយន្ត ជេនេរ៉ល ថាយអឺរ ថេកណូឡូជី ដែលឯកឧត្តមបណ្ឌិត អ៊ិត សំហេង ធ្លាប់បានទៅទស្សនកិច្ចនៅទីក្រុងវូស៊ីកន្លងទៅនោះ បច្ចុប្បន្ននេះ បានវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ តាមសំណើ និងការទាក់ទាញរបស់ឯកឧត្តមរដ្ឋមន្រ្តី អ៊ិត សំហេង។ ការវិនិយោគនេះ គឺជាគម្រោងធំបំផុតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ ក្រុមហ៊ុននេះបានបណ្តាក់ទុនវិនិយោគចំនួន ៣០០ លានដុល្លារ។ ចំពោះដំណឹងដ៏ល្អនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានសម្ដែងនូវការសប្បាយរីករាយ និងស្វាគមន៍ចំពោះវត្តមានរោងចក្រនេះនៅកម្ពុជា។


ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនរូបនេះ ក៏បានប្ដេជ្ញាថា នឹងខិតខំប្រឹងប្រែងទាក់ទាញវិនិយោគិនមកកាន់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ដើម្បីផ្ដល់ឱកាសការងារកាន់តែច្រើនជូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសនឹងខិតខំប្រឹងប្រែងទាក់ទាញវិស័យដែលប្រើប្រាស់បច្ចេកវិទ្យាកាន់តែទំនើប មកវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ។
ឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង ក៏បានស្នើតាមរយៈក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីឱ្យវិទ្យាស្ថានមិត្តភាពកម្ពុជា-ចិនបង្កើនការវិនិយោគបន្ថែមទៅលើការបណ្ដុះបណ្ដាល ពិសេសសម្ភារៈ គ្រូបច្ចេកទេសវិជ្ជាជីវៈ ដើម្បីបង្កើនការបណ្ដុះបណ្ដាលធនធានមនុស្សបន្ថែមទៀត ឆ្លើយតបនឹងតម្រូវការក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុផងដែរ៕
 

Tags

Comment