កំពង់ចាម៖ ក្រុមមន្ត្រីការិយាល័យឧស្សាហកម្ម និងសិប្បកម្ម ស្រុកកោះសូទិន បានចុះពិនិត្យនិងរកឃើញទីតាំងលួចលផិតស្ករត្នោតក្លែងក្លាយ ចំនួន០៦កន្លែង ត្រូវបានមន្ត្រីជំនាញ និងអាជ្ញាធរមានសមត្ថកិច្ចធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពកែឆ្នៃតទៅទៀតដែលនាំឱ្យប៉ះពាល់ដល់សុខមាលភាពរបស់ប្រជាពលរដ្ឋអ្នកប្រើប្រាស់។
លោកហឿន សីហា ប្រធានស្ដីទី ការិយាល័យឧស្សាហកម្ម និងសិប្បកម្ម ស្រុកកោះសូទិន ខេត្តកំពង់ចាម បានដឹកនាំក្រុមការងារចុះពិនិត្យ និងធ្វើកិច្ចសន្យាឱ្យម្ចាស់សិប្បកម្មបញ្ឈប់សកម្មភាពផលិតស្ករត្នោតក្លែងក្លាយ នៅថ្ងៃទី១០ ខែមីនាឆ្នាំ ២០២៣នេះ ស្ថិតនៅក្នុងភូមិមហាសៀកក្រោម ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។
លោកហឿន សីហា ប្រធានស្តីទីការិយាល័យ ឧស្សាហកកម្ម និងសិប្បកម្មលោក បានឲ្យដឹងថា លោកបានដឹកនាំក្រុមការងារ សហការជាមួយនឹង អាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យ ទីតាំងផលិតស្គរត្នោត ចំនួន០៦កន្លែង នៅចំណុចដូចខាងលើ ឃើញថា គ្រួសារឡើងត្នោតមានប្រជាពលរដ្ឋ សរុបចំនួន០៦គ្រួសារ ពួកគាត់កំពុងផលិតស្ករត្នោតក្លែងក្លាយ និងមានវត្ថុធាតុដើមយកទៅកែច្នៃមានដូចជាទឹកត្នោតធម្មជាតិ ស្ករស ដែលមានសមត្ថភាព ផលិតបានជាស្ករត្នោត កែច្នៃក្លែងក្លាយ ក្នុងមួយថ្ងៃបាន ៧០គីឡូក្រាម និងការផលិតគ្មានអនាម័យទេ។
លោក ហឿន សីហា ឲ្យដឹងទៀតថា ក្រោយពីគ្រួសារអ្នកអ្នកកែឆ្នៃផលិតស្ករត្នោតក្លែងក្លាយសម្រេច គឺយកទៅលក់ឱ្យឈ្មួញកណ្តាលឈ្មោះ ប៊ុន ហេង នៅភូមិកំពង់ស្តី ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម យកទៅលក់បន្តលើទីផ្សារ និងបណ្តាខេត្តនានាផងដែរ។ ក្រោយពីការត្រួតពិនិត្យ របស់មន្ត្រីជំនាញ ម្ចាស់សិប្បកម្ម ទាំង០៦គ្រួដារ បានធ្វើកិច្ចសន្យាថា យល់ព្រមឈប់ផលិតស្ករត្នោតក្លែងក្លាយចាប់ពីពេលនេះតទៅប្រសិននៅបន្តលួចលាក់ធ្វើទៀតនឹងត្រូវទទួលទោសតាមច្បាប់។
សូមរម្លឹកថា នាពេលកន្លងមក ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ធ្លាប់ធ្វើការណែនាំដល់គ្រប់មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានី-ខេត្ត នៅក្នុងប្រទេសកម្ពុជា ឲ្យលុបបំបាត់រាល់សិប្បកម្មផលិតស្ករត្នោតក្លែងក្លាយទាំងអស់។ ក្រសួង ធ្លាប់បញ្ជាក់ថា គ្រប់មន្ទីរទាំងអស់ ត្រូវធ្វើការងារនេះឲ្យច្បាស់លាស់ ដើម្បីអនុវត្តផែនការមានប្រសិទ្ធភាព៕
Comment