• Today: December 22, 2024

ពលរដ្ឋចំនួន១១នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនឈើដោយគ្មានលិខិតអនុញ្ញាតចូលក្រុមហ៊ុន ដីង បាយអូថេក ត្រូវចៅក្រមស៊ើបសួរសាលាដំបូងខេត្តក្រចេះ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន

ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន១១នាក់ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តក្រចេះ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន ស្ថិតនៅក្រោមការពិនិត្យពីបទៈ ដឹកជញ្ជូនផល ប្រមូលផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ។ 

ប្រជាពលរដ្ឋទាំង១១នាក់បានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសរបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ កន្លងមកនេះ ខណៈពួកគេកំពុងធ្វើសកម្មភាពដឹកជញ្ជូនផល អនុផលព្រៃឈើចេញពីតំបន់ការពារព្រៃឡង់ដើម្បីចូលទៅក្រុមហ៊ុន ស៊ីង បាយអូថេក ដែលទទួលសិទ្ធឈូសឆាយ និងសម្អាតព្រៃសប្បទានសេដ្ឋកិច្ច ដើម្បីក្លែងបន្លំឯកសារពីឈើល្មើសច្បាប់ទៅជាស្របច្បាប់ៗ 

លោ កគុយ ពិទូ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តក្រចេះ សម្រេចឃុំខ្លួនជនសង្ស័យទាំង១១នាក់ ជាបណ្តោះអាសន្នក្នុងពន្ធនាគារគារខេត្តក្រចេះ ពីបទៈ ដឹកជញ្ជូនផល ប្រមូលផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត និងដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យតាមផ្លូវតុលាការ ប្រព្រឹត្តនៅចំណុចអូរកំភ្លុក ,ត្រាំអង្ក្រង ត្រពាំងទា  អន្ទង់ត្បាល់  បន្ទាយសៀម ,ត្រពាំងកាត់សក់  សោមដេប៉ូ ,ភ្នំចម៉ ក្នុងដែនការពារបរិសា្ថនកំពតគយ នៃដែនជម្រកសត្វព្រៃឡង់ ស្ថិតនៅភូមិអាជន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ 

ប្រជាពលរដ្ឋទាំង១១នាក់ ត្រូវចោទក្នុងបទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៩៦ កថាខណ្ឌ១ ចំណុច២ និង មាត្រា៩៨ កថាខណ្ឌ២ ចំណុច១ នៃច្បាប់ស្តីពី អំពីការគ្រប់គ្រងព្រៃឈើ។ ការសម្រេចឃុំនេះ បានធ្វើឡើងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ នេះ។ 

សូមបញ្ជាក់ថា ក្នុងអំឡុងខែមេសា ឆ្នាំ២០២៣ ករណីកាប់បំផ្លាញព្រៃឈើបានចាប់ផ្តើមកក្រើកឡើងវិញ ក្នុងតំបន់ការពារដែនជម្រលសត្វព្រៃឡង់ ដោយសារមានកាតកៀងគរប្រជាពលរដ្ឋពីសំណាក្រុមហ៊ុន ស៊ីង បាយអូថេក ដែលមានទីតាំងជាប់តំបន់ព្រៃឡង់ឲ្យមានការចូលកាប់ឈើដោយខុសច្បាប់ហើយក្រុមហ៊ុនជាអ្នកប្រមូលទិញក្នុងតម្លៃ៤០ទៅ៥០ម៉ឺនរៀល ក្នុងមួយម៉ែត្រគូប។ 

ក្រោយបែកធ្លាយសកម្មភាពកាប់បំផ្លាញព្រៃឈើយ៉ាងរង្គាលនេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដាក់បទបញ្ជាយ៉ាងមឺងមាត់ឲ្យលោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការអាវុធហត្ថលើផ្ទៃប្រទេស ក្រោមការមើលផ្ទាល់ពីឧត្តមសេនីយ៍ ហុង វិណុល មេបញ្ជាការរង រៀបចំកម្លាំងអត្តរាគមន៍នៅភ្នំជំរាយ ចំនួន១៥០នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ និងប៉េកាអឹម ១០ដើម បើចាំបាច់ត្រូវប្រើរពាសដែកចូលទៅក្រសោមក្រុមកាប់កាប់បំផ្លាញព្រៃឈើទាំងនោះឲ្យអស់។ បើមានអ្នកណាចេញមុខមកកាង ឬអន្តរាគមន៍មិនថាថ្នាក់ណាទេ ត្រូវចាប់វ៉ៃខ្នោះអនុវត្តន៍តាមច្បាប់មិនលើកលេងឡើយហើយបើមានអាវុធតដៃទេ បាញ់កម្ទេចចោលដោយមិនចាំបាច់ឆ្លងយោបល់ឬបទបញ្ជារញ៉េរញ៉ៃទេលោកជាអ្នកទទួលខុសត្រូវ។ 

សូមបញ្ជាក់ថា ក្នុងយុទ្ធនាការចុះបង្ក្រាបបទល្មើសព្រៃឈើខាងលើ កម្លាំងគណៈកម្មការជាតិ ឃាត់ខ្លួនមនុស្ស ចំនួន១១នាក់ គោយន្តកន្ត្រៃដឹកឈើ ចំនួន១៣គ្រឿង រថយន្តវ៉េអង ចំនួន០៧គ្រឿង ឈើរាប់រយម៉ែត្រគូប និងវត្ថុតាងពាក់ព័ន្ធនឹងបទល្មើសជាច្រើនទៀតផងដែរ។ 

ចំពោះករណីឈើ និងរថយន្តដែលសមត្ថកិច្ចរកឃើញក្នុងក្រុមហ៊ុន ស៊ីង បាយអេថេក សមត្ថកិច្ចកំពុងតែស្រាវជ្រាវបន្ត ប៉ុន្តែមេក្លោងក្នុងការប្រព្រឹត្តបទល្មើសឧក្រិដ្ឋកម្មកាប់បំផ្លាញព្រៃឈើក្នងតំបន់ការពារព្រៃឡង់មិនទាន់ចាប់បាននៅឡើយទេ៕

Tags

Comment