• Today: December 22, 2024

លោកបណ្ឌិត ហ៊ុន ម៉ាណែត ថាអាជីពជាគ្រូពេទ្យ ជាអាជីពជួយមនុស្ស ដូច្នេះទាមទារជាចាំបាច់ណាស់នូវការយកចិត្តទុកដាក់ខ្ពស់ក្នុងការស្រាវជ្រាវ

កំពង់ចាម៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស- និស្សិតក្រីក្រ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យកំពង់ចាម នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ បានលើកឡើងថា "អាជីពជាគ្រូពេទ្យ ជាអាជីពជួយមនុស្ស ដូច្នេះទាមទារជាចាំបាច់ណាស់នូវការយកចិត្តទុកដាក់ខ្ពស់ក្នុងការស្រាវជ្រាវ"។

ថ្លែងក្នុងពិធីនោះ បណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងថា អាជីពជាគ្រូពេទ្យ ជាអាជីពបៀបដូចទៅនឹងទេវតា ដែលជួយមនុស្សឱ្យបានជាសះស្បើយ និងរួចផុតពីការស្លាប់បាត់បង់ជីវិត ដូច្នេះគឺទាមទារជាចាំបាច់ណាស់នូវការយកចិត្តទុកដាក់ខ្ពស់ក្នុងការបន្តខិតខំស្រាវជ្រាវសិក្សារៀនសូត្រ និងធ្វើទំនើបកម្មជាប់ជាប្រចាំទាំងលើចំណេះដឹង, បច្ចេកទេស និងសម្ភារបរិក្ខារ សំដៅធ្វើយ៉ាងណាឱ្យដើរទាន់រាល់ការវិវឌ្ឍឥតឈប់ឈរនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលជួយដល់ការធានាបាននូវប្រសិទ្ធភាព និងស័ក្តិសិទ្ធិក្នុងការពិនិត្យ និងព្យាបាល។ 

លោកថា សុខភាព គឺជាទ្រព្យធនដ៏ចម្បងរបស់បុគ្គលម្នាក់ៗ និងសង្គមជាតិទាំងមូល ហើយទ្រព្យធននេះនឹងផ្តល់ផលវិជ្ជមានច្រើនសន្ធឹកសន្ធាប់ ដរាបណាមានការថែទាំ និងលើកកម្ពស់ឱ្យបានរឹងមាំ តាមរយៈកត្តាមួយចំនួន រួមមានជាអាទិ៍៖ 

ទី១. បុគ្គលម្នាក់ៗមានការយល់ដឹងច្បាស់លាស់អំពីការថែទាំ និងបំប៉នសុខភាពតាមក្បួនខ្នាត និងក្រឹត្យក្រមសុខាភិបាលត្រឹមត្រូវ, ទី២. ការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងផលិតផលអាហារ និងថ្នាំពេទ្យទាំងលើការផលិត និងការនាំចូល ដើម្បីធានាបាននូវគុណភាព និងសុវត្ថិភាពល្អប្រសើរជូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់, និងទី៣. ការកែទម្រង់ និងទំនើបកម្មវិស័យសុខាភិបាលជាជំហានៗតាមរយៈការជំរុញសេវាសុខាភិបាលឱ្យកាន់តែខិតកៀកជិតបំផុតនឹងមូលដ្ឋានរបស់ប្រជាជន, ការពង្រឹងសមត្ថភាពរបស់បុគ្គលិកសុខាភិបាល និងការផ្គត់ផ្គង់សម្ភារបរិក្ខារពេទ្យឱ្យបានគ្រប់គ្រាន់នៅទូទាំងប្រទេស។ 

លោកបានចូលរួមអបអរសាទរជូនចំពោះនិស្សិតជ័យលាភីទាំង ៨៥៦ រូប ដែលបានបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រសុខាភិបាលដោយជោគជ័យ ហើយសមិទ្ធផលទាំងអស់នេះបានកើតចេញពីការខិតខំប្រឹងប្រែងរបស់និសិ្សតផ្ទាល់ និងការគាំទ្រពីសំណាក់ក្រុមគ្រួសារអាណាព្យាបាល ដែលតែងបានលះបង់គ្រប់បែបយ៉ាង និងលើកទឹកចិត្តជាប់ជាប្រចាំ ព្រមទាំងការចំណាយពេលវេលាកម្លាំងកាយចិត្តក្នុងការបង្ហាត់បង្រៀនចែករំលែកចំណេះដឹង បទពិសោធន៍ និងដំបូន្មានល្អៗពីសំណាក់សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ។

ជាមួយគ្នានោះ លោកបានថ្លែងអំណរគុណដល់គណៈគ្រប់គ្រង, វេជ្ជបណ្ឌិត, សាស្រ្តាចារ្យ, លោកគ្រូ, អ្នកគ្រូ និងបុគ្គលិកទាំងអស់នៃសាកលវិទ្យាល័យកំពង់ចាម ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអប់រំបណ្តុះបណ្តាលធនធានមនុស្សលើជំនាញសុខាភិបាល ដែលកំពុងមានតម្រូវការខ្ពស់បម្រើឱ្យការថែទាំងសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

Tags

Comment