• Today: December 22, 2024

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានសភានៃប្រទេសនេប៉ាល់


នៅវិមានសន្តិភាព  នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ហ្កាណេស ប្រាសាដ ទីមីលស៊ីណា (Ganesh Prasad Timilsina) ប្រធានរដ្ឋសភានេប៉ាល់។ 
ឯកឧត្តម ទីមីលស៊ីណា បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ក្នុងឱកាសដែលសម្ដេចបានទទួលគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» ពីអង្គការពុទ្ធសាសនិកពិភពលោក។


ឯកឧត្តម បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តម បានមកកាន់ព្រះរាជាណាចក្រកម្ពុជាកាលពី ៦ខែមុន ហើយឯកឧត្តមមានសេចក្ដីរីករាយណាស់ ដែលបានមកកាន់កម្ពុជាសារជាថ្មី ដើម្បីពង្រីកពង្រឹងទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យវប្បធម៌ ទេសចរណ៍ វិនិយោគ និងជាពិសេស លើវិស័យដែលប្រទេសទាំងពីរ បានចុះហត្ថលេខាព្រមព្រៀងគ្នាហើយ។
ឯកឧត្តម បានសម្ដែងនៅជំនឿជឿជាក់ថា ឈរលើមូលដ្ឋានដែលប្រទេសទាំងពីរ មានភាពដូចគ្នា ជាពិសេសលើវិស័យព្រះពុទ្ធសាសនា ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមប្រធានរដ្ឋសភានេប៉ាល់ ដែលបានមកចូលរួមក្នុងពិធីទទួលគោរមងាកិត្តិយស «ពុទ្ធមាមកាភិបាល» និងការសម្ដែងនូវការអបអរសាទរជូនសម្ដេច ។
សម្ដេចតេជោ បានមានប្រសាសន៍ថា សម្ដេចពិតជាមានកិត្តិយសណាស់ ដែលបានទទួលគោរមងាខ្ពស់បំផុត ទាក់ទងនឹងព្រះពុទ្ធសាសនា ហើយក៏ជាមោទនភាពណាស់ដែរ ដែលសម្ដេចធ្លាប់ជាក្មេងវត្ត ហើយពេលនេះ ត្រូវបានទទួលស្គាល់ ជាអ្នកប្រតិបត្តិព្រះពុទ្ធសាសនា ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានឯកភាពជាមួយនឹងឯកឧត្តមប្រធានរដ្ឋសភា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈជំរុញការអនុវត្តលើវិស័យទាំងឡាយ ដែលបានព្រមព្រៀងគ្នាហើយ ដោយឈរលើមូលដ្ឋាន ដែលប្រទេសទាំងពីរមានដូចគ្នានោះ៕
 

Tags

Comment