ភ្នំពេញ៖ កម្លាំងនគរបាលចាប់ខ្លួនបុរសម្នាក់ ដែលបានស្រែកឡូឡា និងយកកាំភ្លើងគំរាមជនរងគ្រោះ ក្នុងហាងកាត់សក់យីហោ RHM ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមាន រាជធានីភ្នំពេញ បន្ទាប់ពីទទួលពាក្យបណ្តឹង។
នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ នេះ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលស្រែកឡូឡា និងមានកាំភ្លើងគំរាមកំហែងទៅលើអ្នកដទៃមានឈ្មោះ លឹម សុងឆ័យ ភេទប្រុស អាយុ ៣៣ឆ្នាំ ជាអាជីវករ ស្នាក់នៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានចាប់ខ្លួន និងដកហូតបាន អាវុធខ្លីមួយដើម ម៉ាក Glock19 ពណ៌ខ្មៅ (ប្រើហ្គាស) និងគ្រាប់កាំភ្លើងមួយចំនួន។
បុរសជនសង្ស័យបានធ្វើសម្មភាពគំរាមកំហែងជនរងគ្រោះដោយអាវុធ ក្នុងហាងកាត់សក់យីហោ RHM កាលនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ ដោយសារមូលហេតុជនសង្ស័យខឹងបុគ្គលិកនៅក្នុងហាងកាត់សក់ហាមឃាត់កុំឲ្យសើចលឺពេក ព្រោះរំខានភ្ញៀវដទៃដែលនៅក្បែរនោះ។
ជនសង្ស័យជិះរថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក លិចស៊ីស ពាក់ស្លាកលេខ ភ្នំពេញ 2AG-2222 បានស្រែកជេរឡូឡា និងគំរាមប្រើប្រាស់អាវុធលើជាងកាត់សក់ ក្នុងហាងកាត់សក់ RHM ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ និងបសនយកគ្រាប់កាំភ្លើងមកបាច់នៅក្នុងហាងបង្កឲ្យការភ័យខ្លាច និងភ្ញាក់ផ្អើលពេញហាងកាត់សក់។
តាមរយៈសកម្មភាពក្នុងវីដេអូនេះ បានបញ្ជាក់ថា ទាំងជាងកាត់សក់ និងភ្ញៀវ មានការភ័យខ្លាចយ៉ាងខ្លាំង រហូតជាងកាត់សក់នោះលើម្រាមដៃ១០សំពះសុំទោសម្ដងហើយម្ដងទៀត ខណៈភ្ញៀវដទៃបានរត់ចេញក្រៅទាំងជាប់កន្សែងកាត់សក់គ្របលើខ្លួនថែមទៀតផង។
បច្ចប្បន្នបុរសជាជនសង្ស័យបានត្រូវបានសមត្ថកិច្ចចាប់ខ្លួនយកមកសាកសួរ និងកសាងសំណុំបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់៕
Comment