• Today: December 22, 2024

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ចាប់សត្វគោចំនួន០២ក្បាល ចងដាក់ឡានដើម្បីស្វែងរកមុខម្ចាស់ដែលប្រលេងឱ្យដើរយ៉ាងអនាធិបតេយ្យ ក្នុងក្រុងព្រះសីហនុ


ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាឱ្យចាប់សត្វគោ ចំនួន០២ក្បាល លើកដាក់ឡានយកទុកដើម្បីស្វែងរកមុខម្ចាស់គោ ដែលព្រលេងសត្វឱ្យដើរពាស់វាលពាសកាសទាំងយប់ទាំងថ្ងៃតាមដងផ្លូវសាធារណៈ ដែលនាំឱ្យបាត់បង់សណ្តាប់ធ្នាប់ និងអាចបង្កឱ្យមានគ្រោះថ្នាក់អាយុជីវិតមនុស្សផងដែរ។


ការប្រើធម៌ក្តៅចំពោះសត្វគោដែលដើររហេតរហូតយ៉ាងអនាធិបតេយ្យលើដងផ្លូវសាធារណៈដោយគ្មានការគ្រប់គ្រងត្រឹមត្រូវពីសំណាក់ម្ចាស់គោនេះ ធ្វើឡើងបន្ទាប់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានធ្វើការអំពាវនាវឱ្យម្ចាស់គោយកចិត្តទុកដាក់ចងខ្សែរ ដាក់ក្រោយឱ្យបានត្រឹមត្រូវ ប៉ុន្តែប្រជាពលរដ្ឋជាម្ចាស់គោនៅតែបណ្តែតបណ្តោយបែបនេះគ៏ប្រើវិធានការចាប់យកទៅទុកដើម្បីស្វែងរកម្ចាស់តែម្តង។
ឯកឧត្តម គួច ចំរើន បានសរសេរលើបណ្តាញសង្គមថា «ប្រាប់ហើយមិនស្ដាប់ ចាប់គោចងដាក់ឡាន ទាំងយប់ យកទៅទុកម្ដងមើល! គ្រោះថ្នាក់ គឺអាយុជីវិតមនុស្ស ហេតុអ្វីនៅតែលែងឱ្យដើរតាមថ្នល់ទៀត?ក្ដៅបន្តិចហើយ ចង់ឃើញមុខម្ចាស់គោម្ដង»។

សូមបញ្ជាក់ថា អភិបាលខេត្តរូបនេះ ក៏បានសរសេរទៀតថា «ម្ចាស់គោ សូមប្រញ៉ាប់ មកយកគោ ទៅចងខ្សែរ ឬដាក់ក្រោល អោយបានត្រឹមត្រូវ ត្រឹមម៉ោង ១៧និង០០ ថ្ងៃនេះ ហួសពេលនេះ ខ្ញុំឱ្យគេចាប់យកទៅរក្សាទុកហើយ។ ផ្លូវជាតិលេខ៤ ក្រុងព្រះសីហនុ។ បើគ្រោះថ្នាក់ គឺជីវិតមនុស្ស មិនមែនសេរីភាពគោនោះទេ»។
ជាមួយនឹងវិធានក្តៅរបស់អភិបាលខេត្តព្រះសីហនុ ចំពោះសត្វគោដែលបងប្អូនប្រជាពលរដ្ឋ ប្រលេងចោលឱ្យពាសវាលពាសកាលយ៉ាងអនាធិបតេយ្យ ធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈជាពិសេសអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុវជីវិតមនុស្សនោះ មហាជនមានការគាំទ្រយ៉ាងខ្លាំងចំពោះចំណាត់ការខាងលើនេះ ដើម្បីឱ្យម្ចាស់គោចេះទទួលខុស ព្រមទាំងគ្រប់គ្រងសត្វចិញ្ចឹមរបស់ខ្លួនដោយចងខ្សែ ឬដាក់ក្រោលឱ្យបានត្រឹមត្រូវតែម្តង៕

Tags

Comment