• Today: December 22, 2024

ឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ ពាក់ពន្ធ័ករណីហែកគណនីហ្វេសប៊ុកយកទៅឆបោកម្ចាស់ផ្ទះវីងប្តូរប្រាក់អស់ជាង ៥០លានរៀល និង១០០០ដុល្លារ

បន្ទាយមានជ័យ៖ ជនសង្ស័យ ចំនួន០៣នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវ និងឃាត់ខ្លួនជាបន្តបន្ទាប់ ក្រុមជនសង្ស័យបានធ្វើសកម្មភាពលួចហេកគណនី facebook អ្នកដទៃហើយយកទៅឆបោកប្រាក់ពីភ្នាក់ងារ វីង និងប្ដូរប្រាក់ ០២កន្លែង អស់ជាង ៥០លានរៀល និងចំនួន ១,០០០ដុល្លារ។ 

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ នេះ លោកវរសេនីយ៍ទោ សោម សារុន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា បានទទួលបណ្តឹងជនរងគ្រោះ ចំនូន០២នាក់ មានឈ្មោះ វឿន វី ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅ ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងឈ្មោះ ស៊ុន សុខ ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិសឿ ឃុំសឿ ស្រុកមង្គលបូរី ជាភ្នាក់ងារ Wing និង Wing Bank ព្រមទាំងប្តូរប្រាក់ ត្រូវបានជនសង្ស័យបានហេកគណនីហ្វេសប៊ុក ឆបោកប្រាក់អស់ជាង ៥០លានរៀល និង១,០០០ដុល្លារ។ 

ដោយអនុវត្តន៍បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានដឹកនាំកម្លាំង សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ រួមមាន៖ ទី១- ឈ្មោះ រី ឌី ភេទប្រុសអាយុ ១៩ឆ្នាំ ,ទី២- ឈ្មោះ ចែម ដារ៉ា ភេទ ប្រុស អាយុ ២៧ឆ្នាំ និងទី៣- ឈ្មោះ ហ៊ុន លីហេង ភេទប្រុស អាយុ ២៦ឆ្នាំយកមកសួនាំពាក់ព័ន្ធករណីខាងលើ។ 

តាមបណ្តឹងជនរងគ្រោះ ឈ្មោះ វឿន វី បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅមានជនមិនស្គាល់អត្តសញ្ញាណប្រើប្រាស់លេខទូរស័ព្ទ ០៧១ ៦៣ ០៦ ១៦៦ ,០៧១ ៩២ ១០ ៩៥៨ , ០៧១ ៨៤ ៩៧ ៦០០ ,០១៥ ៧២ ៧៤ ២៦ , ០១៧ ៤២ ៨៨ ៧៤ បានលួចហែកគណនីហ្វេសបុកឈ្មោះ ចាន់ថៃ ឡុងគឿ ហើយឆាតទៅគណនីហ្វេសប៊ុក Vong Vy ដោយសរសេររៀបរាប់ថា បានផ្ញើរប្រាក់បាត់ថៃចូលក្នុងគណនីធនាគាររបស់ឈ្មោះ វឿន វី រួចរាល់ហើយដោយឱ្យឈ្មោះ វឿន វី ប្ដូរប្រាក់បាតទៅជាប្រាក់រៀលខ្មែរ ហើយឱ្យផ្ញើរប្រាក់បន្តទៅលេខទូរស័ព្ទ ៥ខ្សែមានលេខ ០៧១ ៦៣ ០៦ ១២២ ,០៧១ ៩៦ ១០ ៩៥៨ ,០៧១ ៨៤ ៩៧ ៦០០ ,០១៥ ៧៦ ៧៥ ៦៦ , ០១៧ ៤២ ៨៨ ៧៤ តាមរយៈធនាគារ Wing ចំនួន ១៤លើក ស្មើនឹងប្រាក់ចំនួន ៥០ ៨៤០ ០០០ (ហាសិបលានប៉ែតសិបបួនម៉ឺន)រៀល ក្រោយពីបានវេរប្រាក់ហើយ ទើបឈ្មោះ វឿន វី បានពិនិត្យមើលប្រតិបត្តិការ តែមិនឃើញមានទឹកប្រាក់ចូល ដូចការសរសេរឆាតទេ បន្ទាប់មកឈ្មោះ រឿន វី បានទាក់ទងទៅឈ្មោះ កាយ ណារាជ ដែលជាម្ចាស់ហ្វេសបុក ឈ្មោះ ចាន់ថ ឡុងគឿ ទើបដឹងថាហ្វេសបុកឈ្មោះ ចាន់ថៃ ឡុងគឿ ត្រូវបានគេលួចហែកយកទៅឆបោក ប្រាក់ទេ ទើបដឹងថាខ្លួនចាញ់បោកគេ។ 

យោងបណ្តឹងជនរងគ្រោះ ឈ្មោះ ស៊ុន សុខ បានឲ្យដឹងថា មានម្ចាស់គណនីធនាគារ អេស៊ីលីដា ឈ្មោះ RY DY ដែលមានលេខកូដគណនី ០៧១៣ ៩៨៤១៣៦ បានលួចហែកគណនីហ្វេសបុករបស់ឈ្មោះ អ៊ិន សំណាង ហើយយកទៅឆាតបោកប្រាក់ឈ្មោះ ស៊ុន សុខ ចំនួន ១០០០ដុល្លារ ដោយឈ្មោះ ស៊ុន សុខ និងឈ្មោះ អ៊ិន សំណាង ធ្លាប់ស្គាល់រាប់អានគ្នា ទើបឈ្មោះ ស៊ុន សុខ ព្រមផ្ទេរប្រាក់ឱ្យទៅគណនី អេស៊ីលីដាឈ្មោះ RY DY ដែលមានលេខកូដគណនី ០៧១ ៣៩ ៨៤១៣៦ ចំនួន ១ ០០០ដុល្លារ ។ បន្ទាប់ពីឈ្មោះ ស៊ុន សុខ បានផ្ទេរប្រាក់រួចរាល់បានទាក់ទងទៅឈ្មោះ អ៊ិន សំណាង ទើបដឹងថាហ្វេសបុករបស់ឈ្មោះ អ៊ិន សំណាង ត្រូវបានគេលួចហែកយកទៅឆបោកប្រាក់គេ   ។ 

បច្ចប្បន្នជនសង្ស័យទាំង០៣នាក់ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីសួនាំ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕

Tags

Comment