• Today: December 22, 2024

រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកា ៦៩,៣៣៣ដុល្លារ សម្រាប់ការគាំទ្រការសង្កេតការណ៍បោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាចំនួន ៦៩,៣៣៣ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយមួយ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិ)។ 

កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ដោយ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង អ្នកតំណាងស្ថាប័នទទួលជំនួយ ដើម្បីអនុវត្តគម្រោងគាំទ្រការសង្កេតការណ៍បោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនូវថវិកាចំនួន ៦៩,៣៣៣ ដុល្លារអាមេរិក ស្ថាប័នទទួលជំនួយគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (គ.ប.ស.យ)។

នៅក្នុងគម្រោងនេះ អនុវត្តសម្រាប់សៀវភៅណែនាំដែលបានបោះពុម្ព អាវយឺត និងសម្ភារៈនានា នឹងត្រូវបានផ្តល់ជូនដល់អ្នកសង្កេតការណ៍បោះឆ្នោតរយៈពេលខ្លីចំនួន ១០,២៤១នាក់ ដែលនឹងត្រូវបានដាក់ពង្រាយទូទាំងប្រទេសកម្ពុជា ក្នុងអំឡុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅខែកក្កដាខាងមុខនេះ។

យើងរំពឹងថា គម្រោងនេះនឹងចូលរួមចំណែកធានាបាននូវការបោះឆ្នោតដោយសេរី និងយុត្តិធម៌ និងការគោរពឆន្ទៈអ្នកបោះឆ្នោតទាំងអស់ រួមទាំងស្ត្រី យុវជន និងក្រុមងាយបាត់ឱកាស។

ជំនួយឥតសំណងគូសាណូណិរបស់រដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជា នៅឆ្នាំ១៩៩១ ដើម្បី គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និង/ឬ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ 

សូមបញ្ជាក់ដែរថា ចាប់តាំងពីឆ្នំា១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកា ជាង៦៦លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិ ជាង៦៨០គម្រោង នៅទូទាំងប្រទេសកម្ពុជា៕

Tags

Comment