• Today: December 22, 2024

ក្រុមប្រជាពលរដ្ឋរងគ្រោះជាង៣០០នាក់ដោយសារទិញផ្ទះបុរី VIP ផ្ទុះការវ៉ារហូតឈានដល់បិទផ្លូវលេខ២១៧ ដើម្បីស្វែងរកដំណោះស្រាយ

ភ្នំពេញ៖ ប្រជាពលរដ្ឋជាអតិថិជនដែលរងគ្រោះសារការទិញផ្ទះនៅបុរី VIP ជាង ១០០នាក់បាននាំគ្នាផ្ទុះការតវ៉ាសារជាថ្មី ដើម្បីស្វែងរកដំណោះស្រាយបន្ទាប់ពីពួកខាតបង់លុយកាក់រាប់ពាន់ រាប់ម៉ឺនដុល្លារដើម្បីទិញដី ទិញផ្ទះ ប៉ុន្តែម្ចាស់បុរីអត់មានដីឲ្យ អត់ផ្ទះ និងខ្លះទៀតអត់ទទួលបានបណ្ណកម្មសិទ្ធជាដើម។ 

ករណីអតិថិជនរងគ្រោះដោយសារចាញ់បោកម្ចាស់បុរី VIP នាំគ្នាតវ៉ាបិទផ្លូវលេខនេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២៣ នៅ​ត្រង់​ចំណុច​មុខ​ច្រកចូល​បុរី​ VIP ស្ថិត​នៅ​ក្នុងភូមិ​ម៉ឺត្រ្តា សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ 

ក្រុមប្រជាពលរដ្ឋតវ៉ា បាននិយាយថា ​ពួកគាត់ទិញ​ដី ទិញ​ផ្ទះ បង់ប្រាក់​គ្រប់​អស់ហើយ ប៉ុន្តែ​ជា​ច្រើន​ឆ្នាំ​មកនេះ អត់ទទួល​បាន​ប័ណ្ណកម្មសិទ្ធិ ហើយ​អ្នកខ្លះ​ក៏​ពុំ​ដឹង​ថា ដី និង​ផ្ទះ​កន្លែងណាទើបនាំគ្នាប្រមូលផ្តុំដើម្បី​ស្វែងរក​ការ​អន្តរាគមន៍​ពី​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង​សម្ដេច​គតិបណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន និង​សុំ​ឲ្យ​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ ព​ន្លឿ​ន​ការ​ដោះស្រាយ​។ 

ប្រជាពលរដ្ឋនិយាយទៀតថា ម្ចាស់បុរី និង​ផ្ទះល្វែង​ VIP មានឈ្មោះ ហម រ៉​ន និង​ឈ្មោះ វ៉​ន ណា​ក់ ដោយអ្នកខ្លះបានទិញតាំងពី​ឆ្នាំ​២០១៨ គិត​រហូត​មក​ទល់​នឹង​ពេល​នេះបាន​បង់ប្រាក់​គ្រប់​ចំនួន​តាម​កិច្ចសន្យា​រ អ្នកខ្លះ​ទទួល​បាន​ផ្ទះ​តែអត់​ទាន់​បាន​ប័ណ្ណកម្មសិទ្ធិ​ អ្នកខ្លះ​ទៀត​ អត់​ទាំង​ដី និង​ផ្ទះ​ថែម​ទៀត​ផង។

កន្លង​មកពួក​គាត់​ធ្លាប់​បាន​តវ៉ា​បិទផ្លូវ​ច្រើន​លើក​មក​ហើយ ប៉ុន្តែម្ចាស់បុរី VIP ឈ្មោះ ហម រ៉​ន និង​ឈ្មោះ វ៉​ន ណា​ក់ មិនដែលឃើញចេញមុខមកដោះស្រាយជាមួយ​ប្រជាពលរដ្ឋ​ជា​អតិថិជន​របស់​ខ្លួន​ឡើយ។ សាលារាជធានី​ភ្នំពេញ បាន​សម្របសម្រួល​នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ​ក៏​ច្រើន​លើក​ផង​ដែរ ប៉ុន្តែ​ពុំ​បាន​ធ្វើ​ឲ្យ​វិវាទ​មួយ​នេះ សះជា​បាន​នោះ​ទេ។ 

នៅថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៣ សាលា​រាជធានី​ភ្នំពេញ ក៏​បាន​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​លទ្ធផល​នៃ​ការ​ប្រជុំ​ដោះស្រាយ​វិវាទ​នេះ​ផង​ដែរ ដោយ​បញ្ជាក់​ថា វិវាទ​នេះ មាន​លក្ខណៈ​ស្មុគស្មាញ និង​ពាក់ព័ន្ធ​ច្រើន​ភាគី។ 

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ០៨:៣០នាទីព្រឹក មានការប្រមូលផ្តុំធ្វើការតវ៉ាបិទផ្លូវ សាធារណៈដែលកំពុងមានចរាចរណ៍យ៉ាងមមាញឹកលេខ២១៧ ត្រង់ចំណុចមុខបុរី វីអាយភី ស្ថិតនៅ ភូមិម៉ឺន្ត្រា សង្កាត់ស្ពានថ្ម ផ្លូវបំបែកទំនប់សណ្តស្ទឹង និងគល់ស្ពានព្រែកជ្រៃ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម និងស្ដុបបាគូ ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ បង្កដោយអ្នកទិញអចលនទ្រព្យ ជាមួយម្ចាស់បុរី វីអាយភី ប្រមាណ ១០០នាក់ ទោះបីជាអាជ្ញាធរមានសមត្ថកិច្ចបានសំណូមពរឱ្យពួក គាត់បើកផ្លូវសាធារណៈឡើងវិញ ក៏ពួកគាត់មិនស្ដាប់តាមការអង្វរករ ហើយបន្តធ្វើសកម្មភាពបិទផ្លូវ រហូតដល់ម៉ោង ០២និង២០នាទីរសៀល។ 

រដ្ឋបាលរាជធានីភ្នំពេញ សូមសម្តែងការសោកស្តាយយ៉ាងពន់ពេកចំពោះអ្នកបានទិញអចលនទ្រព្យជាមួយម្ចាស់បុរី វីអាយភី ជឿតាមការញុះញង់របស់អ្នកទិញដូចគ្នាឱ្យធ្វើសកម្មភាពមិនគួរ គប្បីតវ៉ាបិទផ្លូវសាធារណៈដែលជាទង្វើយកផ្លូវសាធារណៈធ្វើជាចំណាប់ខ្មាំង ដើម្បីធ្វើការដោះស្រាយ វិវាទរបស់ខ្លួន នាំឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាសណ្ដាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ។ 

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់សារជាថ្មីថា ករណីវិវាទនេះជាវិវាទការអនុវត្ត កិច្ចសន្យាដែលមានការឯកភាពរវាងភាគីទាំងពីរ (អ្នកទិញ និងអ្នកលក់) ជាសំណុំរឿងរដ្ឋប្បវេណ៏ ស្ថិតក្រោមសមត្ថកិច្ចដោះស្រាយរបស់ស្ថាប័នតុលាការ និងមានភាពស្មុគស្មាញចាក់ស្រេះដោយមាន ការពាក់ព័ន្ធជាមួយភាគីទី៣ ឬភាគីច្រើនបន្ថែមទៀត។ ក្នុងរយៈពេលកន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំព្យាយាមសម្របសម្រួលដោះស្រាយតាមយន្តការក្រៅប្រព័ន្ធតុលាការជាច្រើនលើកច្រើនសារ ចាប់ពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតដល់មានការអញ្ជើញគ្រប់ភាគីពាក់ព័ន្ធវិវាទទាំងអស់មកធ្វើការ ដោះស្រាយបន្តទៀត កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ព្រមទាំងបាន ចេញសេចក្តីប្រកាសព័ត៌មានជាសាធារណៈ ស្ដីពីលទ្ធផលនៃការប្រជុំដោះស្រាយវិវាទនៅថ្ងៃដដែលនោះ ផងដែរ។ តាមរយៈខ្លឹមសារនៃកិច្ចប្រជុំខាងលើ បើទោះជាគ្រប់ភាគីពាក់ព័ន្ធទាំងអស់បានស្ម័គ្រចិត្ត ប្រគល់សិទ្ធិជាផ្លូវការជូនរដ្ឋបាលរាជធានីភ្នំពេញធ្វើការសម្របសម្រួលដោះស្រាយតាមយន្តការក្រៅប្រព័ន្ធតុលាការក៏ដោយ ក៏មកដល់ពេលនេះភាគីមួយចំនួននៅពុំទាន់ប្រគល់ឯកសារប្រគល់សិទ្ធិមក រដ្ឋបាលរាជធានីភ្នំពេញនៅឡើយ។ 

អាជ្ញាធររាជធានីភ្នំពេញ បានចាត់ថា ករណីខាងលើនេះ មានបុគ្គលមួយចំនួននៅក្នុងវិវាទនេះបានញុះញង់ ឱ្យអ្នកមានវិវាទដូចគ្នាដទៃទៀត ធ្វើសកម្មភាព និងអាកប្បកិរិយាពុំគួរគប្បី ដោយធ្វើសកម្មភាពអុកឡុក យកផ្លូវសាធារណៈធ្វើជាចំណាប់ខ្មាំង នាំឱ្យមានការថ្នាំងថ្នាក់មិនសប្បាយចិត្តពីសំណាក់សាធារណជន ទូទៅ ដែលកន្លងមកសាធារណជនតែងតែមានការអាណិតអាសូរ និងសំណូមពរអាជ្ញាធរជួយធ្វើការសម្របសម្រួលដោះស្រាយដោយសន្តិវិធីក្រៅប្រព័ន្ធតុលាការ។

រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តការអត់ធ្មត់ ព្យាយាមដោះស្រាយឱ្យអស់លទ្ធភាពតាមយន្តការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ស្របតាមខ្លឹមសារ កិច្ចប្រជុំកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ឬយន្តការច្បាប់នានា ចៀសវាងការធ្វើសកម្មភាពខុស ច្បាប់នានា ដូចករណ៏បិទផ្លូវសាធារណៈនៅថ្ងៃនេះ។ 

អាជ្ញាធរបានធ្វើសូមអំពាវនាវថា នៅពេលខាងមុខកុំឱ្យយក ផ្លូវសាធារណៈធ្វើជាចំណាប់ខ្មាំងក្នុងការដោះស្រាយវិវាទរបស់ខ្លួន បែរជាធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋទូទៅ។ ក្នុងករណីនៅតែមានការបិទផ្លូវសាធារណៈសារជាថ្មីទៀត ប្រសិនបើមាន សំណូមពរ ឬបណ្តឹងពីប្រជាពលរដ្ឋដែលរងព្យសនកម្មពីសកម្មភាពបិទផ្លូវសាធារណៈ អាជ្ញាធរមាន សមត្ថកិច្ចនឹងពិចារណាចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ជាធរមាន៕

Tags

Comment