• Today: December 22, 2024

ក្រុមក្មេងបង្ហោះម៉ូតូបង្កការរិះគន់តាមបណ្តាញសង្គមពេលនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួន០៣នាក់


ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះយោតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលខេត្តបាត់ដំបងដែលអង្គភាពយើងទើបតែទទួលបាន បានអោយដឹងថា ក្រុមក្មេងបង្ហោះម៉ូតូបង្កការរិះគន់ពីមហាជននៅតាមបណ្តាញសង្គមពេលនេះត្រូវសមត្ថកិច្ចនគរបាលស្រុកសង្កែ ដែលដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ ជាអធិការ ចុះធ្វើការស្រាវជ្រាវរហូតកំណត់បានមុខសញ្ញា និងឈានដល់ការនាំខ្លួនចំនួន០៣នាក់កាលពីនៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ។


នគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ក្មេងបង្ហោះម៉ូតូទាំង០៣នាក់ រស់នៅក្នុងឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ដែលក្មេងទាំងបីនាក់ខាងលើកាលពីថ្ងៃទី១៧ ខែឧសភាឆ្នាំ២០២៣ ពួកគេបានធ្វើសកម្មភាពដោយជិះម៉ូតូបង្ហោះតាមដងផ្លូវសាធារណៈ បង្កឱ្យមានការរិះគន់ពីមហាជនពីគ្រប់មជ្ឈដ្ឋានក្នុងបណ្តាញសង្គម។ 
ក្រោយឃើញព័ត៌មាននេះភ្លាមលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាដល់អធិការដ្ឋាននគរបាលក្រុង ស្រុក ធ្វើការសហការជាមួយក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋានស្រាវជ្រាវរកក្រុមក្មេងនេះជាបន្ទាន់ រហូតនៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះទើបកំណត់បានមុខសញ្ញា និងឈានដល់ការនាំខ្លួនទាំង០៣នាក់មកធ្វេីការសាកសួរ។ 
ក្រោយពីធ្វើការសាកសួរពួកគេសុទ្ធតែបានទទួលស្គាល់នូវកំហុស ចំពោះសកម្មភាពដែលសង្គមមិនឱ្យតម្លៃ ហេីយបានប្តេជ្ញាថាឈប់ប្រព្រឹត្តិនូវសកម្មភាពបែបនេះបន្តទៀតនិងសូមយុវជនដទៃទៀតកុំយកគំរូតាមចំពោះសកម្មភាពមិនល្អរបស់ពួកគេ៕

Tags

Comment