• Today: December 22, 2024

គណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន បានបំពេញទស្សនៈកិច្ច នៅវិទ្យាស្ថាន និងសាកលវិទ្យាល័យចំនួន០២ ក្នុងប្រទេសវៀតណាម ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យភ័ស្ដុភារកម្ម


ប្រទេសវៀតណាម៖    នាថ្ងៃទី១៦ និងទី១៧ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម ឈៀង ពេជ្រ អគ្គនាយក នៃអគ្គនាយកដ្ឋានភ័ស្តុភារកម្ម ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំមន្ត្រីរាជការចំណុះអគ្គនាយកដ្ឋានភ័ស្តុភារកម្ម តំណាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ដើម្បីចូលរួមជួបពិភាក្សាសំណេះសំណាល អំពីកិច្ចសហប្រតិបត្តិការ និងការរៀបចំអនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាមួយនឹងវិទ្យាស្ថានអភិវឌ្ឍន៍ និងយុទ្ធសាស្រ្តដឹកជញ្ជូន (Transport Development and Strategy Institute) និងសាកលវិទ្យាល័យ Vietnam Maritime University (VMU)។ 


នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានភ័ស្តុភារកម្ម និងវិទ្យាស្ថានអភិវឌ្ឍន៍ និងយុទ្ធសាស្រ្តដឹកជញ្ជូន (TDSI) បានរៀបចំកិច្ចប្រជុំទ្វេភាគី ដើម្បីពិភាក្សាចែករំលែកនូវបទពិសោធន៍ជាក់ស្តែង និងឱកាសសហប្រតិបត្តិការរៀបចំគម្រោងអភិវឌ្ឍន៍ក្នុងវិស័យភ័ស្តុភារកម្ម ជាមួយដៃគូអភិវឌ្ឍន៍នានា។ ដោយឈរលើគោលបំណងក្នុងការផ្លាស់ប្តូរអ្នកជំនាញ ការសិក្សារៀនសូត្រការងារពីគ្នាទៅវិញទៅមក និងការផ្តល់ការសហការលើការសិក្សាស្រាវជ្រាវក្នុងអេកូឡូស៊ីឡូជីស្ទីក អគ្គនាយកដ្ឋានភ័ស្តុភារកម្ម និងវិទ្យាស្ថានអភិវឌ្ឍន៍ និងយុទ្ធសាស្រ្តដឹកជញ្ជូន នឹងមានការចុះអនុស្សារណៈនៃការយោគយល់គ្នារវាងគ្នា នាពេលឆាប់ៗខាងមុខ។
នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ អគ្គនាយកភ័ស្តុភារកម្ម ក៏បានបន្តជួបពិភាក្សាសំណេះសំណាល អំពីកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ Vietnam Maritime University (VMU)។ ក្នុងនោះ សាកលវិទ្យាល័យ VMU បានសំដែងការស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមផ្លាស់ប្តូរចំណេះដឹង និងការសហការផ្តល់វគ្គបណ្តុះបណ្តាលខ្លី វគ្គបណ្តុះបណ្តាលថ្នាក់ឧត្តម និងក្រោយឧត្តម ដល់មន្រ្តីរាជការនៃអគ្គនាយកដ្ឋានភ័ស្តុភារកម្ម នាពេលខាងមុខផងដែរ។ 
ឆ្លងកាត់កិច្ចប្រជុំទ្វេភាគី ឯកឧត្តមអគ្គនាយក បានថ្លែងអំណរគុណដល់វិទ្យាស្ថានអភិវឌ្ឍន៍ និងយុទ្ធសាស្រ្តដឹកជញ្ជូន (TDSI) និង សាកលវិទ្យាល័យ Vietnam Maritime University (VMU) ចំពោះពោះកិច្ចសហការរវាងគ្នា។ ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយក ក៏សង្ឃឹមថានឹងមានការផ្លាស់ប្តូរការសិក្សាវគ្គខ្លី និងវគ្គបណ្តុះបណ្តាលផ្សេងៗ ជាមួយវិទ្យាស្ថាន និងសាកលវិទ្យាល័យល្បីៗនៅប្រទេសវៀតណាមផងដែរ៕

Tags

Comment