• Today: December 22, 2024

លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ ត្រូវបានអាជ្ញាសាលា និងអាវុធហត្ថខណ្ឌសែនសុខ ធ្វើការរឹបអូសរថយន្ត Rang rover


ភ្នំពេញ៖ លោក គឹង វណ្ណះ អភិបាលរងខេត្តបន្ទាយមានជ័យ ត្រូវបាន  អាជ្ញាសាលា រួមកម្លាំងអាវុធហត្ថខណ្ឌសែនសុខ បានធ្វើការចុះរឹបអូស រថយន្តប្រភេទ Rang rover មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2V-6161 ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ នៅវេលាម៉ោង ៣រសៀល កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ កន្លងមកនេះ នៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ពន្ធ័ករណីជំពាក់លុយមិនព្រមសង (រំលោភលើទំនុកចិត្ត និងពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចទូទាត់)។


តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា រថយន្តមួយគ្រឿង ម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2V-6161 ត្រូវបានគេស្គាល់ថា ជាកម្មសិទ្ធរបស់លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ ត្រូវបានអាជ្ញាសាលា រួមកម្លាំងអាវុធហត្ថខណ្ឌសែន សុខ ធ្វើការស្ទាក់ចាប់ឃាត់ ពាក់ព័ន្ទទៅនឹងរឿងជំពាក់លុយមិនសង។
ពាក់ពាក់ព័ន្ធករណីចាប់រថយន្តលោកអភិបាលរងខេត្តបន្ទាយមានជ័យនេះ គឺរឿងជំពាក់លុយជនរងគ្រោះ ចំនួន ០២នាក់ សរុបប្រមាណជិរ ១លានដុល្លារ ហើយម្ចាស់បំណុលបានប្តឹងទៅស្ថាប័នតុលាកា និងត្រូវបានតំណាងអយ្យកាធ្វើការចោទប្រកាន់ជាផ្លូវការពាក់ព័ន្ធករណី ឆបោក  និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន។ ចំពោះព័ត៌មានខាងលើនេះហាក់មានការបិទបាំង និងលាក់លៀមមិនឲ្យក្រុមអ្នកកាសែតដឹងឡើយ។
សូមជម្រាបថា ដើមបណ្តឹង ចំនួន ០២នាក់ រួមមាន៖ ទី១- ឈ្មោះ ស៊ន សម្បត្តិ ភេទប្រុស និងទី២- លោកស្រី សុខ ស្រីនី រស់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្តឹងលោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធរឿងឆបោកលុយរាប់សែនដុល្លារ រំលោភលើទំនុកចិត្ត និងពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចទូទាត់បាន។ 


ក្រោយពីមានបណ្តឹង បៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក គឹង វណ្ណៈ ត្រូវបានតំណាងអយ្យកាធ្វើការចោទប្រកាន់ជាផ្លូវការ ពាក់ព័ន្ធករណី ឆបោក  និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន មានទឹកប្រាក់ប្រមាណជិត ១លានដុលារ ។
មន្ត្រីអ្នកនាំពាក្យអយ្យការអមសាលលាដំបូងរាជធានីភ្នំពេញ ធ្លាប់បានប្រាប់កាសែតថា “សំណុំរឿងខាងលើតំណាងអយ្យការបានបើកការស៊ើបសួររួចហើយ ពីបទឆបោក  និងបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន” ។ 
តាមពាក្យបណ្តឹងរបស់ជនរងគ្រោះខាងលើទាមទារលុយដែលលោក គឹង វណ្ណៈ ដែលបានជំពាក់ដោយក្នុងនោះ លោកស្រី សុខ ស្រីនី ទាមទារលុយដែលជំពាក់ ៥០ម៉ឺនដុល្លារ និងទាមទារសំណងជំងឺចិត្ត ៥ម៉ឺនដុល្លារ និងលោក ស៊ន សម្បត្តិ ទាមទារលុយដែលជំពាក់ ៣០ម៉ឺនដុល្លារ និងទាមទារសំណងជំងឺចិត្ត ២ម៉ឺនដុល្លារ។ 
សូមរម្លឹកដែរថា លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ ធ្លាប់ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន និងនាំយកមកអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន (សែកស្អុយ)។
ក្រោយពីឃាត់បានរថយន្តខាងលើ សមត្ថកិច្ចបញ្ជូនទៅទីបញ្ជាការអាវុធហត្ថក្រុងភ្នំពេញ រងចាំដោះស្រាយតាមនីតិវិធី ៕

Tags

Comment