ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅថា គ.ជ.ប បានបង្ហាញអំពីបញ្ជីឈ្មោះបេក្ខជនជាប់ឆ្នោត សម្រាប់ការបោះឆ្នោតសកល អាណត្តិទី៧ នៃសរដ្ឋសភា ឆ្នាំ២០២៣នេះ ដោយក្នុងនោះមានបេក្ខជនជាប់ឆ្នោតមកពីគណបក្សប្រជាជនកម្ពុជា ចំនួន ១២០ រូប និងមកពីគណបក្សហ្វ៊ុនស៊ិនប៉ិច ចំនួន ០៥ រូប។
ការបង្ហាញបញ្ជីឈ្មោះបេក្ខភាពជាប់ឆ្នោតនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅថា គ.ជ.ប បានប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣នេះ។
សូមជម្រាបថា តាមតារាងលទ្ធផលផ្លូវការ នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណតទី៧ បានឱ្យដឹងថា ក្នុងការបោះឆ្នោតសកល កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ មានប្រជាពលរដ្ឋ ចំនួន ៨ ២១៤ ៤៣០នាក់ បាននាំគ្នាទៅបោះឆ្នោត នៅក្នុងនោះ មានសំឡេងបានការ ចំនួន ៧ ៧៧៤ ២៧៦ សំឡេង និងសំឡេងមិនបានការសរុបចំនួន ៤៤០ ១៥៤ សំឡេង។ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រ ចំនួន ៦ ៣៩៨ ៣១១សំឡេង, គណបក្សហ្វ៊ុនសិនប៉ិច ទទួលបាន ៧១៦ ៤៩០សំឡេង, គណបក្សខ្មែររួបរួមជាតិ ទទួលបាន ១៣៤ ២៨៥សម្លេង, គណបក្សយុវជនកម្ពុជា ទទួលបាន ៩៧ ៤១២សំឡេង, គណបក្សធម្មាធិបតេយ្យទទួលបាន ៨៤ ០៣០សំឡេង និងគណបក្សដទៃទៀតទទួលបានសំឡេងបន្តិចបន្តួចបំផុត។
សូមបញ្ជាក់ថា ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋភាព បានធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ បានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ សេរី និងយុត្តិធម៌ មានប្រជាពលរដ្ឋ ប្រមាណ ៨៤.៥៩ភាគរយ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាង ៩លាននាក់៕
Comment