ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានធ្វើដំណើរតាមផ្លូវជាតិលេខ៥ ក៏ប្រទះឃើញរថយន្តដឹកអ្នកដំណើរ ០១គ្រឿង ជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បុកសួនច្បារពុះទ្រូងផ្លូវ និងបង្គោលភ្លើងបណ្តាលឲ្យមានមនុស្សជាច្រើននាក់រងរបួស លោកចុះជួយអន្តរាគមន៍ជួយសង្គ្រោះដោយទំនាក់ទំនងហៅសមត្ថកិច្ច និងរថយន្តសង្គ្រោះបន្ទាន់ ដើម្បីដឹកអ្នករងរបួសទៅកាន់មន្ទីរពេទ្យភ្លាមៗ។
អធិការបគរបាលស្រុកក្រគរ បានឲ្យដឹងដា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៦និង៣០នាទីរសៀល ស្ថិតលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ (១៥០-១៥១) ក្នុងភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ខណៈពេលផ្ទៃមេឃមានភ្លៀងរលឹមស្រិចៗ។
នគរបាលបានបន្តទៀតថា រថយន្ដរងគ្រោះ ម៉ាក តូយូតា ហាយយ៉ាស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BC-8834 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ធ្វើចរាចរណ៍ពីទិសខាងលិចទៅកើតក្នុងល្បឿនលឿន ខណៈមេឃភ្លៀងលុះមកដល់ចំណុចកើតផ្លូវកោងបួងចង្កូតជាហេតុធ្វើឲ្យរអិលជ្រុលទៅបុកឡើងសួនពុះទ្រូងផ្លូវ និងបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញមួយទំហឹង បណ្តាលឲ្យមនុស្ស ចំនួន ០៨នាក់ រងរបួសធ្ងន់ ក្នុងនោះស្រី ០៣នាក់។
ក្រោយពេលកើតមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានជួបប្រទះដោយចៃដន្នពេលធ្វើដំណើរក៏ឈប់រថយន្តចុះជួយអន្តរាគមន៍ទៅសមត្ថកិច្ច និងហៅរថយន្តសង្គ្រោះបន្ទាន់ដឹកជនរងគ្រោះយកទៅកាន់មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ និងមន្ទីរពេទ្យបង្អែកស្រុកឋឋក្រគរ ដើម្បីសង្គ្រោះអាយុជីវិត។
បច្ចុប្បន្ន រថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីកសាងសំណុំតាមនិតិវិធី៕
Comment