ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជេញប្រតិកម្មខ្លាំងៗ ចំពោះករណីចៅក្រមស៊ើបសួរសាលាដំបូងក្រុងភ្នំពេញ បានសម្រេចមិនឃុំខ្លួនលោក បែល វ៉ាន់ដែន អនុប្រធាននាយកដ្ឋាន នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលនោះ និងដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនោះ។
នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរសារបង្ហោះលើបណ្តាញតេលេក្រាមថា "បើតុលាការមិនចាត់ការតាមផ្លូវច្បាប់ទេ ទុកឲ្យខ្ញុំដាក់វិន័យតាម
ផ្លូវរដ្ឋសិន។ អាងមានអំណាចប្រើប្រាស់អាវុធគំរាមអ្នកទន់ខ្សោយ"។
សម្តេចតេជោ បានសរសេរទៀតថា "នេះជាសារព្រមានចំពោះមន្ត្រីទាំងអស់ សូមកុំអាងអំណាចធ្វើបាបអ្នកទន់ខ្សោយ ជាពិសេសសូមកុំប្រើប្រាស់អាវុធខុសច្បាប់"។
សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់បទបញ្ជាលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ ត្រូធ្វើការជាមួយតុលាការ សូមកុំឲ្យជនល្មើសប្រើប្រាស់អាវុធខុសច្បាប់បាននៅក្រៅឃុំមុនពេលកាត់ទោសដែលជននោះអាចតាមគំរាមកំហែងដល់អ្នកផ្សេងទៀត។
នៅថ្ងៃទី១១ ខែមេសានេះ សម្តេចតេជោ បានចេញអនុក្រិត្យ បញ្ចប់មុខតំណែងលោក បែល វ៉ន់ដេត ពីអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងកិច្ចការទូទៅ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលផងដែរ។
សូមរំឭកថា នារសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចមិនឃុំខ្លួនជនត្រូវចោទម្នាក់មានឈ្មោះនបែល វ៉ន់ដេត ជាមន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ពីបទគំរាមសម្លាប់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត បន្ទាប់ពីមន្ត្រីនគរបាល ប្រគល់ខ្លួនជននេះឲ្យតុលា ការចាត់ការតាមច្បាប់។
លោកស្រី អ៊ុក រ៉េតគន្ធា ចៅក្រមស៊ើបសួរក្នុងសំណុំរឿងនេះ បានដោះលែងឈ្មោះ បែល វ៉ាន់ដែត ភេទប្រុស មានតួនាទីជា អនុប្រធាននាយកដ្ឋាននៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល គ្រាន់តែដាក់ជនសង្ស័យរូបនេះ ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការតែប៉ុណ្ណោះ។
បន្ទាប់ពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៣ បានចោទប្រកាន់ពីបទ គំរាមសម្លាប់ និងបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។
សូមបញ្ជាក់បន្ថែមថា ករណីគំរាមសម្លាប់នេះ កើតឡើងដោយសារគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត Land Rover ពណ៌ស និងរថយន្ត Ford Ranger ពណ៌ខ្មៅ រហូតធ្វើឲ្យម្ចាស់រថយន្ត Land Rover ខឹងជិះតាមដល់មុខផ្ទះ និងដកកាំភ្លើងភ្ជង់លើម្ចាស់រថយន្ត Ford Ranger តែម្តង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង២៤យប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ក្នុងបុរីជីបម៉ុង ផ្លូវលេខ៥៩៨ សង្កាត់ច្រាំចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយជនបង្កក្នុងហេតុការណ៍នោះ ឈ្មោះ បែល វ៉ាន់ដែត អាយុ៣៨ឆ្នាំ ត្រូវនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនតាមពាក្យបណ្តឹង។
ចំណែកភាគីម្ខាងទៀត ជាជនរងគ្រោះមានឈ្មោះ ឆៃ វ៉ាន់ម៉ូលីវ័ន្ត ភេទប្រុស អាយុ២៣ឆ្នាំ ជានិស្សិត បានប្តឹងទៅនគរបាលក្នុងមូលដ្ឋាន ទើបនគរបាលខណ្ឌឫស្សីកែវ ស្រាវជ្រាវឃាត់បាននៅវេលាម៉ោង១០យប់ គឺក្នុងរយៈពេលក្រោយកើតហេតុជាងមួយម៉ោង ដើម្បីយកមកសួរនាំនៅនគរបាលខណ្ឌ។
ពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតអាវុធខ្លី១ដើម ម៉ាកGlook ពណ៌ខ្មៅ គ្រាប់១៣គ្រាប់ គ្មានច្បាប់អនុញ្ញាត , រថយន្តមួយគ្រឿងម៉ាក រ៉េងរ៉ូវើ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-0199 ។
ក្រោយពីចាបើខ្លួនហើយ ភាគីទាំងពីរបានព្យាយាមសម្របសម្រួលបញ្ចប់វិវាទនៅក្រៅប្រព័ន្ធតុលាការ នៅប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់ ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ប៉ុន្តែមិនបានបញ្ចប់បាន ទើបនគរបាលសម្រេចកសាងសំណុំរឿងនញ្ជូនទៅតុលាការ៕
Comment