ណៃពិដោរ៖ យោងតាមទូរទស្សន៍រដ្ឋភូមា បានឲ្យដឹងថា គណៈកម្មាធិការរៀបចំការបោះឆ្នោតភូមាន បានប្រកាសថា គណបក្សរបស់មេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) នឹងត្រូវរំលាយចោល ដោយសារខកខានមិនបានចុះឈ្មោះឡើងវិញ ឲ្យស្របតាមច្បាប់បោះឆ្នោតថ្មី។
ទូរទស្សន៍បានផ្សាយប្រកាស កាលពីល្ងាចថ្ងៃម្សិលមិះថា គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោក អ៊ុសាន ស៊ូជី ត្រូវបានលុបឈ្មោះចោល រួមទាំងជាគណបក្សនយោបាយចំនួន៤០ទៀត ដែលខកខានមិនបានបំពេញតាមកាលបរិច្ឆេទនៃការចុះឈ្មោះរបស់របបដឹកនាំយោធា។
កាលពីខែមករា ឆ្នាំ២០២៣ របបយោធាភូមា បានផ្តល់ពេលពីរខែដល់គណបក្សនយោបាយទាំងអស់ ត្រូវចុះឈ្មោះឡើងវិញមុនពេលការបោះឆ្នោត ឲ្យស្របតាមច្បាប់បោះឆ្នោតថ្មី។ ប៉ុន្តែគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ បានប្រកាសថា ខ្លួននឹងមិនចូលរួមចប្រកួតប្រជែងឡើយ ដោយចាត់ទុកថា ការបោះឆ្នោតនាពេលខាងមុខ គឺមិនស្របច្បាប់នោះទេ។
អតីតសមាជិកសភាម្នាក់មកពីគណបក្សរបស់លោកស្រី អ៊ុងសាន ស៊ូជី បានប្រកាសកាលពីថ្ងៃអង្គារថា «យើងមិនទទួលយកជាដាច់ខាតសម្រាប់ការបោះឆ្នោត ដែលនឹងត្រូវធ្វើឡើងនៅពេលមេដឹកនាំនយោបាយ និងសកម្មជននយោបាយ ជាច្រើនត្រូវបានចាប់ខ្លួន ចំណែកប្រជាជនត្រូវពួកយោធាធ្វើទុកបុកម្នេញ»។
កាលពីខែវិច្ឆិកា ឆ្នាំ២០២០ គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតសភារបស់ប្រទេសភូមា។ ប៉ុន្តែមិនដល់បីខែផង កងទ័ពបានធ្វើរដ្ឋប្រហារ និងចាប់ឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជី រួមទាំងសកម្មជននយោបាយផ្សេងទៀត។
លោកស្រី អ៊ុងសាន ស៊ូជី អាយុ៧៧ឆ្នាំ កំពុងជាប់ពន្ធនាគារសរុប៣៣ឆ្នាំ បន្ទាប់ពីតុលាការភូមា កាត់ទោសពីបទជាប់ពាក់ព័ន្ធសកម្មភាពនយោបាយជាបន្តបន្ទាប់។ ចំណែកអ្នកគាំទ្ររបស់លោកស្រី បាននិយាយថា ការចោទប្រកាន់នេះមានចេតនារារាំងលោកស្រីមិនឲ្យចូលរួមយ៉ាងសកម្មក្នុងឆាកនយោបាយភូមា។
ក្រុមកងទ័ពភូមា បាននិយាយថា មានការក្លែងបន្លំសម្លឹកបោះឆ្នោតយ៉ាងច្រើន ដូច្នេះមេដឹកនាំយោធាក៏សម្រេចចិត្តធ្វើរដ្ឋប្រហារទម្លាករដ្ឋាភិបាលជាប់ឆ្នោតតែម្តង។
ក្រោយពីរបបយោធាឡើងកាន់អំណាចភ្លាម ប្រជាជនភូមា ជាពិសេសនៅក្នុងរដ្ឋធំៗនៅក្នុងប្រទេសភូមា បានប្រកាសបង្កើតតស៊ូប្រដាប់អាវុធ ដើម្បីតវ៉ាចំពោះការគ្រប់គ្រងរបស់មេដឹកនាំយោធា។
យោងតាមក្រុមឃ្លាំមើលសិទ្ធិមនុស្សនៅក្នុងប្រទេសភូមា បានឲ្យដឹងថា មនុស្សជាង៣ ១០០នាក់ត្រូវបានសម្លាប់ និងជាង២០ ០០០នាក់ត្រូវបានចាប់ខ្លួន និងរាប់លាននាក់ទៀត បានរត់ចោលផ្ទះសម្បែង ដើម្បីចូលរួមចលនាតស៊ូប្រឆាំងនៅតាមព្រំដែន។
សង្គ្រាមស៊ីវិលក្នុងប្រទេសភូមា បានរីករាលដាលកាន់តែធំ ចាប់តាំងពីរដ្ឋប្រហារយោធា ក្នុងឆ្នាំ២០២០ ហើយបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងជាងមួយលាននាក់ បានរត់ចោលលំនៅឋាន ដើម្បីចូលរួមជាមួយក្រុមចលនាតស៊ូបះបោរនៅតា
នាយឧត្តមសេនីយ មីន អួងឡាំង (Min Aung Hlaing) ប្រមុខដឹកនាំរដ្ឋាភិបាលយោធាភូមា នៅក្នុងសុន្ទរកថាដ៏កម្រមួយ បានប្រកាសថា ទាហានរបស់លោកនឹងកម្ទេចចោលក្រុមបះបោរលាក់ខ្លួននៅតាមព្រំដែនទាំងអស់។
លោកបាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងចាត់វិធានយ៉ាងម៉ឺងម៉ាត់ចំពោះអ្វី ដែលលោកបានពិពណ៌នាថា ជាក្រុមភេរវកម្មប្រដាប់អាវុធ។
លោកបានបន្ថែមថា ប្រទេសដែលបានថ្កោលទោសរដ្ឋប្រហាររបស់លោក គឺជាអ្នកគាំទ្រក្រុមភេរវកម្ម និងមិនព្រមចូលរួមជាមួយរបបយោធាក្នុងការរៀបចំកែទម្រង់លទ្ធិប្រជាធិបតេយ្យរបស់ភូមា។
ក្នុងពិធីប្រារព្ធទិវាកងទ័ពភូមា ដែលរំឭកថ្ងៃតស៊ូប្រឆាំងរបបអាណានិគមជប៉ុន នាឆ្នាំ១៩៤៥ និងជាការចងចាំចំពោះវីរភាពរបស់កងទ័ពភូមា។
ដូចសុន្ទរកថាជាច្រើនទៀតរបស់មេដឹកនាំយោធាភូមាដទៃទៀតដេរ លោកឧត្តមសេនីយ មីន អួងឡាំង ធ្លាប់បានហែលឆ្លងកាត់ការឈឺចាប់ ដោយចក្រពត្តិនិយមអង់គ្លេស និងហ្វាស៊ីសនិយមជប៉ុន ដែលលោកបាននិយាយថា បានបែងចែកប្រជាជនភូមា និងបង្ខំកងកម្លាំងប្រដាប់អាវុធឲ្យធ្វើអន្តរាគមន៍ម្តងហើយម្តងទៀត ក្នុងជីវិតនយោបាយរបស់ខ្លួន អស់រយៈពេល៧៥ឆ្នាំ កន្លងមកហើយ។
លោកឧត្តមសេនីយ មីន អួងឡាំង បាននិយាយទៀតថា មានតែទាហានទេ ដែលបានបំពេញកាតព្វកិច្ចរបស់ខ្លួន ដោយលះបង់សាច់ស្រស់ឈាមស្រស់យ៉ាងច្រើន ដើម្បីបុព្វហេតុសន្តិភាព និងការឯកភាពជាតិភូមា៕
Comment