
ទីក្រុងឡុងដ៍៖ រដ្ឋមន្ត្រីក្រសួងការបរទេសរបស់ចក្រភពអង់គ្លេស នៅថ្ងៃនេះ បានជំរុញឲ្យប្រទេសចិនមានតម្លាភាពបន្ថែមទៀតអំពីការកសាងកម្លាំងយោធាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រនៃពេលវេលាមានសន្តិភាព ដោយលោកព្រមានពីភាពសម្ងាត់អំពីសកម្មភាពយោធារបស់ចិន អាចនាំមកនូវហានិភ័យនៃសោកនាដកម្មដោយសារគណនាខុស។
លោក ចេម ក្លេវើលី (James Cleverly) រដ្ឋមន្ត្រីការបរទេសអង់គ្លេស បានលើកឡើងតាមរយៈសុន្ទរកថា ក្នុងពិធីជប់លៀងមួយ នាទីក្រុងឡុងដ៍ ដើម្បីផ្ញើសារទៅកាន់ប្រទេសចិន ដោយលោកបង្ហាញទស្សនៈ អំពីទំនាក់ទំនង ដែលបានបន្សល់ទុកជាយូរមកហើយនូវយុគសម័យមាស ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក ដេវីដ កាម៉ារូន (David Cameron)។
លោកបានកត់សម្គាល់ថា នៅចន្លោះឆ្នាំ២០១៤ និង២០១៨ ប្រទេសចិនបានដាក់ឲកយដំណើរការនាវាចម្បាំងថ្មីដ៏ធំសម្បើម ហើយចិនយោធាចិនកំពុងតែបង្កើតមូលដ្ឋានយោធា នៅក្នុងសមុទ្រចិនខាងត្បូងផងដែរ។
ដោយព្រួយបារម្ភពីឥទ្ធិពលយោធាចិន លោក ចេម ក្លេវើលី បានជំរុញឲ្យប្រទេសចិនបើកចំហបន្ថែមទៀតអំពីគំនិតគោល និងចេតនាចម្បង នៅពីក្រោយការពង្រីកយោធារបស់ខ្លួន។
លោកបាននិយាយថា «តម្លាភាព គឺជាផលប្រយោជន៍របស់មនុស្សគ្រប់គ្នា ហើយការសម្ងាត់អាចបង្កជាហានិភ័យនៃសោកនាដកម្មដោយសារការគណនាខុស»។
លោកក៏បានព្រមានអំពីផលប៉ះពាល់ដ៏មហន្តរាយ ដែលអាចកើតមានពីជម្លោះណាមួយ នៅលើកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងអះអាងថា ជាខេត្តរបស់ខ្លួន។
លោកបាននិយាយដូច្នេះទៀតថា «គ្មានប្រទេសណាអាចការពារខ្លួនពីផលប៉ះពាល់បានទេ។ ការដាក់ខ្លួនឯងនៅឯកោងមិនជួយការពារគ្រោះមហន្តរាយចំពោះសេដ្ឋកិច្ចពិភពលោកទេ ហើយភាគច្រើនបំផុតគឺប្រទេសចិនក៏រងផលប៉ះពាល់ដែរ។ ខ្ញុំតក់ស្លុតណាស់នៅពេលសញ្ជឹងគិតពីការបំផ្លិចបំផ្លាញផ្នែកធនធានមនុស្ស និងហិរញ្ញវត្ថុ ដែលអាចកើតមានព្រមគ្នាដែរនោះ។ វាសំខាន់ណាស់ ដែលគ្មានភាគីណាមួយអាចចាត់វិធានការជាឯកតោភាគី ដើម្បីផ្លាស់ប្តូរស្ថានភាពបានទេ»។
នាពេលថ្មីៗកន្លងមកនេះ ប្រទេសចិនមិនបានច្រានចោលការប្រើប្រាស់កម្លាំងយោធា ដើម្បីដណ្តើមយកទឹកដីកោះតៃវ៉ាន់ទេ ហើយនៅក្នុងខែមេសា ឆ្នាំ២០២៣នេះ ប្រទេសចិនបានរៀបចំល្បែងសង្រ្គាមជាហូរហែ បន្ទាប់ពីប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) បានជួបពិភាក្សាជាមួយប្រធានសភាតំណាងរាស្រ្ត សហរដ្ឋអាមេរិក លោក ខេវិន ម៉ាកខាធី (Kevin McCarthy) នៅពេលឈប់សម្រាកលើទឹកដីសហរដ្ឋអាមេរិក។
រដ្ឋាភិបាលទីក្រុងប៉េកាំង បានចាត់ទុកលោកស្រីប្រធានាធិបតីកោះតៃវ៉ាន់ថា ជាមេខ្លោងបំបែកខ្លួន ដែលចង់ឲ្យកោះតៃវ៉ាន់មានឯករាជ្យភាព ដោយលោកស្រីអះអាងថា គួរតែទុកឲ្យប្រជាជនតៃវ៉ាន់ ជាអ្នកសម្រេចចិត្តអំពីអនាគតរបស់កោះតៃវ៉ាន់ ព្រោះវាល្អជាជាងចូលរួមជាមួយប្រទេសចិនដីគោក។
ត្រង់ចំណុចនេះ លោក ចេម ក្លេវើលី ក៏បានសម្តែងការសោកស្តាយចំពោះការប្រព្រឹត្តរបស់ប្រទេសចិនចំពោះជនជាតិភាគតិច អ៊ុយគួរ នៅក្នុងខេត្ត ហ្ស៊ីនជាំងភាគខាងលិចប្រទេសចិន ដែលអង្គការសហប្រជាជាតិ បាននិយាយចោទប្រកាន់កាលពីឆ្នាំ២០២២ថា រដ្ឋាភិបាលទីក្រុងប៉េកាំងអាចប្រព្រឹត្តអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅទីនោះ។
លោកបានថ្លែងដោយមិនបញ្ជាក់លម្អិតឲ្យបានច្បាស់លាស់ថា «យើងនឹងមិនទុកឲ្យអ្វី ដែលបានកើតឡើងនៅខេត្តស៊ីនជាំងត្រូវបំភ្លេចចោល ឬលុបចោលនោះទេ»។
នៅក្នុងសុន្ទរកថានិយាយរិះគន់តែប្រទេសចិននេះ លោក ចេម ក្លេវើលី ក៏បានប្រតិកម្មចំពោះការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ដោយលោក បាននិយាយរំលឹកទីរដ្ឋាភិបាលក្រុងប៉េកាំង ដែលជាសមាជិកម្នាក់ក្នុងចំណោមសមាជិកមានសិទ្ធិវេតូប្រាំនាក់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឲ្យចិនដឹងអំពីច្បាប់ និងកាតព្វកិច្ច របស់ខ្លួន ពេលបានចូលជាសមាជិកអង្គការសហប្រជាជាតិ។
លោកបានមានប្រសាសន៍ថា «ការរួមរស់ដោយសន្តិភាពត្រូវចាប់ផ្តើមដោយការគោរពច្បាប់ និងស្ថាប័នជាមូលដ្ឋាន រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលការពារគ្រប់ប្រទេសឲ្យរួចផុតពីការឈ្លានពានរបស់ប្រទេសដទៃ»។
នៅក្នុងសុន្ទរកថាដ៏វែងនេះ លោក ចេម ក្លេវើលី ក៏បានទទួលស្គាល់ផងដែរនូវជម្រៅ និងភាពស្មុគស្មាញនៃប្រវត្តិសាស្ត្រ និងអរិយធម៌របស់ប្រទេសចិន ក៏ដូចជាជោគជ័យនៃគោលនយោបាយរបស់ប្រទេសចិន ក្នុងការកាត់បន្ថយភាពក្រីសម្រាប់មនុស្សជាង៨០០លាននាក់ ក្នុងរយៈពេល៤៥ឆ្នាំកន្លងមកនេះ។
លោកបានសង្កត់ធ្ងន់ថា នៅលើពិភពលោកនេះមិនអាចមានសង្រ្គាមត្រជាក់ថ្មីទេ ហើយប្រទេសនានា ត្រូវតែធ្វើការជាមួយប្រទេសចិន ដើម្បីធ្វើឲ្យមានវឌ្ឍនភាពលើបញ្ហាប្រឈមដ៏ធំបំផុតមួយចំនួន ដែលពិភពលោកកំពុងប្រឈមមុខ។
លោករដ្ឋមន្ត្រីការបរទេសបានបន្ថែមថា ចក្រភពអង់គ្លេសនឹងត្រូវបង្កើនថវិកាទ្វេដងសម្រាប់គ្រោងនឹងសាងសង់ស្ថានទូតអង់គ្លេសថ្មី នៅក្នុងទីក្រុងប៉េកាំង ដែលទើបតែទទួលបានការយល់ព្រមពីរដ្ឋាភិបាលចិន។
លោកបាននិយាយថា «យើងមិនរស់នៅក្នុងពិភពវេទនាសូន្យសុងទេ។ ផលប្រយោជន៍របស់ចិន គឺជាផលប្រយោជន៍របស់យើង។ យើងត្រូវតែប្រឈមមុខនឹងការពិត ដែលមិនអាចគេចផុតបាន ព្រោះគ្មានបញ្ហាសកលណាមួយ ដូចជាបញ្ហាប្រែប្រួលអាកាសធាតុ ការការពារជំងឺរាតត្បាតកូវីដ-១៩ និងចាប់ពីអស្ថិរភាពសេដ្ឋកិច្ចសកលរហូតដល់ការរីកសាយភាយអាវុធនុយក្លេអ៊ែរ ដែលបញ្ហាទាំងនេះមិនអាចដោះស្រាយបានដោយគ្មានប្រទេសចិនបានឡើយ»៕
Tags
Share
Related News

ព្រះមហាក្សត្រថៃ បន្ធូរបន្ថយទោសរបស់លោក ថាក់ស៉ីន ស៊ីណាវ៉ាត្រា ពីរយៈពេល ៨ឆ្នាំ មកនៅត្រឹមតែ ១ឆ្នាំ

រុស្ស៊ី បន្ទោស អ៊ុយក្រែន ចំពោះការ វាយប្រហារ ដោយ យន្តហោះ ដ្រូន ធ្វើឲ្យឆេះ ឃ្លាំង ស្តុក ប្រេងនៅ គ្រីមៀ

ឆ្មាំសមុទ្រហ្វីលីពីន ប្រឈមមុខដាក់គ្នាជាមួយឆ្មាំសមុទ្រចិន តាមជួរកោះប៉ប៉្រិបថ្ម ក្នុងសមុទ្រចិនខាងត្បូង

អ្នកការពារក្រុងបាក់មូតរបស់អ៊ុយក្រែន បារម្ភបាត់បង់ការគាំទ្រផ្នែកគ្រាប់រំសេវ ដើម្បីវាយបកលើកងទ័ពរុស្ស៊ី

ការចំណាយផ្នែកយោធានៅលើពិភពលោកឡើងដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ដោយសារសង្គ្រាមនៅអ៊ុយក្រែន

អ្នកបើកបរយន្តហោះចម្បាំងរុស្ស៊ី ច្រឡំទម្លាក់គ្រាប់បែកលើទីក្រុងរបស់ខ្លួនឯង ដោយស្មានថា ទឹកដីអ៊ុយក្រែន

ប្រធានាធិបតីបារាំង ពឺងផ្អែកលើប្រធានាធិបតីចិន ដើម្បីនាំប្រធានាធិបតីរុស្ស៊ី មកកាន់តុចរចារកសន្តិភាព

របបដឹកនាំយោធាភូមា រំលាយចោលគណបក្សប្រឆាំងរបស់លោកស្រី អ៊ុងសាន ស៊ូជី និងកម្ទេចចោលក្រុមតស៊ូនៅតាមព្រំដែន

របបដឹកនាំយោធាភូមា រំលាយចោលគណបក្សប្រឆាំងរបស់លោកស្រី អ៊ុងសាន ស៊ូជី និងកម្ទេចចោលក្រុមតស៊ូនៅតាមព្រំដែន

មីស៊ីល និងដ្រូន របស់រុស្ស៊ីបំផ្លាញអគារលំនៅឋាន និងសម្លាប់ជនស៊ីវិលអ៊ុយក្រែន ស្ថិតនៅក្បែរទីក្រុងគៀវ
MSJ TV
Archive
Popular & Recent News








Comment