
មូស្គូ៖ មន្ត្រីរដ្ឋាភិបាលរុស្ស៊ី នៅថ្ងៃនេះ បន្តចោទប្រកាន់ថា ភ្នាក់ងារសម្ងាត់របស់អ៊ុយក្រែន បានបើកការវាយប្រហារដោយយន្តហោះដ្រូនជាបន្តបន្ទាប់លើទឹកដីរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ជាពិសេបានព្យាយាមសម្លាប់ប្រធានាធិបតីរុស្ស៊ី ក្នុងវិមានក្រឹមឡាំង កាលពីថ្ងៃអង្គារ។
យោងតាមមន្ត្រីនៅទីក្រុងមូស្គូ បាននិយាយថា ក្នុងពេលវាយប្រហារដោយយន្តហោះដ្រូននេះ លោក វ្ល៉ាឌីមៀ ពូទីន មិននៅទីនោះទេ ហើយយន្តហោះដ្រូនពីរគ្រឿងផ្សេងទៀត ត្រូវបានទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសរុស្ស៊ី។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ មានការវាយប្រហារដោយយន្តហោះដ្រូនជាច្រើន ដែលគេសង្ស័យថា បានកើតឡើងនៅក្នុងទឹកដីប្រទេសរុស្ស៊ី និងលើទឹកដីរុស្ស៊ី ទើបដណ្តើមបានពីអ៊ុយក្រែ ហើយមិនទាន់មានការអះអាងទទួលខុសត្រូវជាផ្លូវការពីអ៊ុយក្រែនឡើយ។
ទីភ្នាក់ងារព័ត៌មានរុស្ស៊ី បានរាយការណ៍ថា កាលពីថ្ងៃទី០៤ ខែឧសភា យន្តហោះដ្រូនយ៉ាងហោចណាស់ចំនួនបួនគ្រឿង ត្រូវគេប្រើប្រាស់ក្នុងការវាយប្រហារលើរោងចក្រចម្រាញ់ប្រេង របស់ប្រទេសរុស្ស៊ី ដែលមានចម្ងាយប្រហែល២០០គីឡូម៉ែត្រពីព្រំដែន។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី បាននិយាយថា កាលពីខែមុន យន្តហោះដ្រូនមួយគ្រឿង បានធ្លាក់នៅក្នុងទឹកដីរបស់ខ្លួន ក្នុងចម្ងាយប្រហែល៤០០គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន ដោយបានធ្វើឲ្យមនុស្សយ៉ាងហោចណាស់បីនាក់រងរបួស។
កាលពីខែកុម្ភៈ ឆ្នាំ២០២៣ដដែលនេះ យន្តហោះដ្រូនបានធ្លាក់នៅក្នុងភូមិមួយ ស្ថិតក្នុងចម្ងាយប្រហែល១០០គីឡូម៉ែត្រពីទីក្រុងមូស្គូ ហើយអភិបាលក្នុងតំបន់នេះ បាននិយាយចោតប្រកាន់ថា ជាការវាយប្រហារលើគោលហេដ្ឋារចនាសម្ព័ន្ធរបស់ជនស៊ីវិល។
រូបភាពនៃបំណែកយន្តហោះទាំងនោះ គឺដូចគ្នានឹងយន្តហោះដ្រូនផលិតដោយអ៊ុយក្រែន ដែលមានសមត្ថភាពហោះរហូតដល់ចម្ងាយ៨០០គីឡូម៉ែត្រ។
ចាប់តាំងពីដើមឆ្នាំ២០២៣មក តាមរយៈការវិភាគនៅក្នុងសេចក្តីរបាយការណ៍លើប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានតាមដានការវាយប្រហារដោយយន្តហោះដ្រូនចំនួន២០លើក បានកើតឡើងនៅក្នុងប្រទេសរុស្ស៊ី និងនៅលើទឹកដីរុស្ស៊ីទើបដណ្តើមបានពីអ៊ុយក្រែន។
ការវាយប្រហារមួយចំនួន ត្រូវគេមើលឃើញនៅក្នុងឧបទ្វីបគ្រីមៀ និងនៅក្នុងប្រទេសរុស្ស៊ី ជាពិសេសស្ថិតនៅតាមតំបន់ភាគខាងជើងឆៀងខាងកើតនៃព្រំដែនអ៊ុយក្រែន ក៏ដូចជានៅឧបទ្វីបគ្រីមៀផងដែរ ហើយទីតាំងឃ្លាំងស្តុកប្រេង អាកាសយានដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធថាមពល សុទ្ធតែជាគោលដៅ ក្នុងនោះមានឃ្លាំងប្រេងចំនួនបួន កន្លែងបានរងការវាយប្រហារដោយយន្តហោះដ្រូន។តាមរយៈការប្រៀបធៀបដោយប្រើរូបភាពពីផ្កាយរណបចំពោះកន្លែងស្តុកប្រេងរបស់រុស្ស៊ីនៅគ្រីមៀ ដែលបានរងការវាយប្រហារ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ដែលគេសង្ស័តថា ជាស្នាដៃយន្តហោះដ្រូនរបស់អ៊ុយក្រែន។ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ ធុងស្តុកប្រេងយ៉ាងហោចណាស់ចំនួនប្រាំពីរទីតាំង ត្រូវបានបំផ្លាញ ឬខូចខាតយ៉ាងធ្ងន់ធ្ងរ។
ទោះបីជាអ៊ុយក្រែនមិនបាននិយាយថា ខ្លួនបានវាយប្រហារណាមួយក៏ដោយ ប៉ុន្តែមន្ត្រីយោធារបស់រដ្ឋាភិបាលទីក្រុងគៀវ បាននិយាយថា បានធ្វើខូចដល់ផ្នែកដឹកជញ្ជូនរបស់រុស្ស៊ី។
ភាគីរុស្ស៊ី និងអ៊ុយក្រែន បានដាក់ពង្រាយយន្តហោះដ្រូន នៅក្នុងតំបន់មានជម្លោះ ដោយប្រទេសរុស្ស៊ីបានប្រើប្រាស់យន្តហោះដ្រូនផលិតដោយប្រទេសអ៊ីរ៉ង់ ដើម្បីវាយប្រហារលើគោលដៅនានាក្នុងប្រទេសអ៊ុយក្រែន។
បើគិតរយៈចម្ងាយវិញ អ្នកជំនាញនិយាយថា យន្តហោះដ្រូនបាញ់ចេញពីអ៊ុយក្រែន អាចហោះចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី ហើយអាចចូលរហូតដល់ទីក្រុងមូស្គូ ដែលមានចម្ងាយប្រហែល៤៥០គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន។
អ្នកជំនាញផ្នែកអាកាសចរណ៍ បានវិភាគថា ទោះបីជាអ៊ុយក្រែនមិនបានបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួនបានធ្វើការវាយប្រហារក៏ដោយ ការវាយឆ្មក់កាលពីឆ្នាំមុនបង្ហាញថា អ៊ុយក្រែនមានសមត្ថភាពក្នុងការវាយប្រហារពីរយៈចម្ងាយឆ្ងាយពីក្នុងទឹកដីអ៊ុយក្រែន។
កាលពីម្សិលមិញ មន្ត្រីរដ្ឋាភិបាលរុស្ស៊ី បានចោទ្រប្រកាន់អ៊ុយក្រែនថា ប៉ុនប៉ងសម្លាប់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ពេញមួយយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ តាមរយៈការប្រហារដោយយន្តហោះដ្រូន លើវិមានក្រឹមឡាំង ប៉ុន្តែមិនមានការខូចខាតសម្ភារៈរបស់វិមានក្រឹមឡាំងឡើយ ហើយមន្ត្រីរុស្ស៊ីបាននិយាយព្រមានថា ខ្លួនមានសិទ្ធិក្នុងការសងសឹកចំពោះទង្វើរបស់អ៊ុយក្រែន។
សារព័ត៌មានផ្លូវការរបស់រុស្ស៊ី បានធ្វើសេចក្តីរាយការណ៍ថា វិមានក្រឹមឡាំងបានវាយតម្លៃសកម្មភាពទាំងនេះថា ជាសកម្មភាពភេរវកម្មគ្រោងទុក និងជាការប៉ុនប៉ងធ្វើឃាតប្រធានាធិបតី នៅមុនថ្ងៃដង្ហែក្បួនអបអរសាទរទិវាជ័យជំនះ ថ្ងៃទី០៩ ខែឧសភា ហើយលោក វ៉្លាឌីមៀ ពូទីន មិនបានផ្លាស់ប្តូរកាលវិភាគរបស់លោកទេ និងកំពុងធ្វើការនៅឯលំនៅដ្ឋានរបស់លោក ស្ថិតនឲនៅខាងក្រៅទីក្រុងម៉ូស្គូ។
ទីក្រុងមូស្គូបានប្តេជ្ញាថា ក្បួនដង្ហែនឹងដំណើរការទៅជាធម្មតាដូចការគ្រោងទុក ទោះបីជាមានការអំពាវនាវឲ្យចាត់វិធានការប្រតិកម្មដ៏ខ្លាំងប្រឆាំងនឹងអ៊ុយក្រែនក៏ដោយ។
អតីតប្រធានាធិបតីរុស្ស៊ី និងជាអនុប្រធានឧត្តមក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី លោក ឌីមីទ្រី ម៉េដវេដេវ (Dmitry Medvedev) បានអំពាវនាវឲ្យចាត់វិធានការកម្ទេចចោល ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី (Volodymyr Zelensky) ។
ចំណែកប្រធានសភាឌូម៉ារបស់រុស្ស៊ី លោក វីយ៉ាឆេស្លាវ វ៉ូឡូឌីន (Vyacheslav Volodin) បាននិយាយថា «យើងនឹងទាមទារឲ្យមានការប្រើប្រាស់អាវុធធុនខ្លាំងបំផុត ដើម្បីបញ្ឈប់ និងកម្ទេចចោលរបបភេរវករទីក្រុងគៀវ»។
គណៈកម្មាធិការស៊ើបអង្កេតរបស់ប្រទេសរុស្ស៊ី ដែលតែងតែស៊ើបអង្កេតបទឧក្រិដ្ឋកម្មធំៗ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានបើកការស៊ើបអង្កេតសំណុំរឿងព្រហ្មទណ្ឌនេះ ស្តីពីអំពើភេរវកម្ម។
មន្ត្រីរដ្ឋាភិបាលអ៊ុយក្រែន និងប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានធ្វើរបាយការណ៍ថា ប្រព័ន្ធការការពារដែនអាកាសអ៊ុយក្រែនសម្រាប់ប្រឆាំងយន្តហោះចម្បាំងរុស្ស៊ី ចាប់ផ្តើមដំណើរការ ហើយសំឡេងស៊ីរ៉ែនព្រមានពីការវាយប្រហារតាមផ្លូវអាកាសបានបន្លឺសំឡេងរោរ៍ នៅទៅទាំងប្រទេសអ៊ុយក្រែន នាវេលាព្រឹកព្រលឹម ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣នេះ។
លោក ប៉ាវែល ហ្វែលជែនហាវអើ (Pavel Felgenhauer) អ្នកវិភាគផ្នែកវិស័យការពារជាតិរុស្ស៊ី ដែលបម្រើការជាមន្ត្រីស្រាវជ្រាវជាន់ខ្ពស់នៅបណ្ឌិត្យសភាវិទ្យាសាស្ត្រសូវៀត បាននិយាយថា ប្រសិនបើការចោទប្រកាន់របស់វិមានក្រឹមឡាំង គឺជាការពិត វានឹងពិបាកទាយទុកមុនថា តើយន្តហោះដ្រូនប្រភេទណា ដែលគេប្រើក្នុងពេលវាយប្រហារនោះ។
លោកបានលើកឡើងដូច្នេះថា «នៅពេលយប់នោះ លោក ពូទីន ហាក់ដូចជាមិននៅក្នុងវិមានក្រឹមឡាំងទេ។ លោកទៅទីនោះតែក្នុងម៉ោងធ្វើការ ហើយស្នាក់នៅទីនោះដែរ»។
លោកបាននិយាយថា នៅក្នុងការសងសឹកវិញ រុស្ស៊ីអាចធ្វើបាន ដោយគ្រាន់តែបញ្ជាកងកម្លាំងរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ឲ្យវាយប្រហារការិយាល័យប្រធានាធិបតីអ៊ុយក្រែន នៅកណ្តាលទីក្រុងគៀវ។
ប្រធានសភាឌូម៉ារបស់រុស្ស៊ី លោក វីយ៉ាឆេស្លាវ វ៉ូឡូឌីន បានអំពាវនាវថា «កម្ទេចចោលរបបទីក្រុងគៀវទៅ ដោយគ្មានការចរចាណាមួយជាមួយរបបលោក ហ្សឺឡឹនស្គី ឡើយ»៕
Tags
Share
Related News

ព្រះមហាក្សត្រថៃ បន្ធូរបន្ថយទោសរបស់លោក ថាក់ស៉ីន ស៊ីណាវ៉ាត្រា ពីរយៈពេល ៨ឆ្នាំ មកនៅត្រឹមតែ ១ឆ្នាំ

រុស្ស៊ី បន្ទោស អ៊ុយក្រែន ចំពោះការ វាយប្រហារ ដោយ យន្តហោះ ដ្រូន ធ្វើឲ្យឆេះ ឃ្លាំង ស្តុក ប្រេងនៅ គ្រីមៀ

ឆ្មាំសមុទ្រហ្វីលីពីន ប្រឈមមុខដាក់គ្នាជាមួយឆ្មាំសមុទ្រចិន តាមជួរកោះប៉ប៉្រិបថ្ម ក្នុងសមុទ្រចិនខាងត្បូង

អ្នកការពារក្រុងបាក់មូតរបស់អ៊ុយក្រែន បារម្ភបាត់បង់ការគាំទ្រផ្នែកគ្រាប់រំសេវ ដើម្បីវាយបកលើកងទ័ពរុស្ស៊ី

ការចំណាយផ្នែកយោធានៅលើពិភពលោកឡើងដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ដោយសារសង្គ្រាមនៅអ៊ុយក្រែន

អ្នកបើកបរយន្តហោះចម្បាំងរុស្ស៊ី ច្រឡំទម្លាក់គ្រាប់បែកលើទីក្រុងរបស់ខ្លួនឯង ដោយស្មានថា ទឹកដីអ៊ុយក្រែន

ប្រធានាធិបតីបារាំង ពឺងផ្អែកលើប្រធានាធិបតីចិន ដើម្បីនាំប្រធានាធិបតីរុស្ស៊ី មកកាន់តុចរចារកសន្តិភាព

របបដឹកនាំយោធាភូមា រំលាយចោលគណបក្សប្រឆាំងរបស់លោកស្រី អ៊ុងសាន ស៊ូជី និងកម្ទេចចោលក្រុមតស៊ូនៅតាមព្រំដែន

របបដឹកនាំយោធាភូមា រំលាយចោលគណបក្សប្រឆាំងរបស់លោកស្រី អ៊ុងសាន ស៊ូជី និងកម្ទេចចោលក្រុមតស៊ូនៅតាមព្រំដែន

មីស៊ីល និងដ្រូន របស់រុស្ស៊ីបំផ្លាញអគារលំនៅឋាន និងសម្លាប់ជនស៊ីវិលអ៊ុយក្រែន ស្ថិតនៅក្បែរទីក្រុងគៀវ
MSJ TV
Archive
Popular & Recent News








Comment