ទីក្រុងខាទូម៖ ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃទីនេះថា នៅក្នុងប្រទេស ស៊ូដង់ មនុស្សជិត៣០០នាក់ ត្រូវបានសម្លាប់ក្នុងរយៈពេលប្រាំថ្ងៃចុងក្រោយនេះ នៅក្នុងជម្លោះប្រដាប់អាវុធរវាងកំពូលមេទ័ពពីររូប ដែលកំពុងតែដណ្តើមអំណាចគ្នា ហើយចំនួនអ្នកស្លាប់ទំនងជាកើនខ្ពស់ជាងនេះ ដោយសារតែសាកសពជាច្រើននៅរណូករណែលតាមដងផ្លូវ។
ឧត្តមសេនីយគូប្រជែងរបស់ស៊ូដង់ កាលពីថ្ងៃម្សិលមិញ បានធ្វើព្យាយាមជាថ្មីឲ្យមានបទឈប់បាញ់គ្នារយៈពេល២៤ម៉ោង ប៉ុន្តែការប្រយុទ្ធគ្នាជាបន្តបន្ទាប់នៅតែបន្ត ហើយក្រុមជំនួយផ្តល់ បានទាមទារថា ពួកគេត្រូវការការធានាដល់សន្តិសុខ ដើម្បីជួយជនស៊ីវិល ដែលជាប់គាំងដោយការប្រយុទ្ធគ្នា នៅក្នុងទីក្រុងអស់រយៈពេលប្រាំថ្ងៃកន្លងមកហើយ។
ជនជាតិស៊ូដង់ ដែលមានការភ័យខ្លាច បានភៀសខ្លួនចេញពីទីក្រុង ខាទូម នៅព្រឹកព្រលឹមថ្ងៃនោះ ដោយបានប្រមូលរបស់របរ ដែលពួកគេអាចយកទៅតាមខ្លួនបាន ហើយព្យាយាមចាកចេញពីលំនៅឋានក្នុងទីក្រុង ដែលជាកន្លែងកងកម្លាំងស្មោះត្រង់នឹងមេទ័ពកំពូលពីរនាក់របស់ប្រទេសស៊ូដង់ បានប្រយុទ្ធគ្នាដោយប្រើរថក្រោះ កាំភ្លើងធំ និងការវាយប្រហារតាមផ្លូវអាកាស ចាប់តាំងពីថ្ងៃសៅរ៍។
ក្រុមគ្រូពេទ្យនៅក្នុងទីក្រុងបាននិយាយថា ការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើង ក្នុងរយៈពេលប៉ុន្មានម៉ោងដំបូង បន្ទាប់ពីបទឈប់បាញ់បានចូលជាធរមាន នៅម៉ោង៦ល្ងាច ដោយមានការប៉ះទង្គិចគ្នាជាបន្តបន្ទាប់នៅកណ្តាលទីក្រុង ខាទូម ប្រទេសស៊ូដង់ ដែលស្ថិតនៅក្នុងទ្វីបអាហ្វ្រិកខាងជើង។
ប៉ុន្តែ គូជម្លោះប្រដាប់អាវុធទាំងពីរ មិនបានផ្តល់ការធានាដល់ក្រុមជួយសង្គ្រោះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បុគ្គលិកពេទ្យ និងក្រុមរថយន្តសង្គ្រោះឡើយ។
ក្រុមជនស៊ីវិល ដែលអស់សង្ឃឹមក្នុងការរស់នៅក្នុងទីក្រុង បាននឹងកំពុងខ្វះស្បៀងអាហារ និងការផ្គត់ផ្គង់ផ្សេងទៀត ខណៈពួកគេបានជ្រកកោននៅក្នុងផ្ទះ ដើម្បីគេចចេញពីការប្រយុទ្ធគ្នាដោយគ្រាប់កាំភ្លើង នៅតាមដងផ្លូវ។ ចំណែកមន្ទីរពេទ្យវិញ បានរងការខូចខាត និងបង្ខំឲ្យបិទ ឬត្រូវពេញដោយអ្នករបួស ខណៈបុគ្គលិកពេទ្យអស់កម្លាំង និងខ្វះថ្នាំពេទ្យសម្រាប់ព្យាបាល រីឯយុទ្ធជនប្រដាប់អាវុធបានចាប់ផ្តើមលួចទំនិញតាមហាង និងប្លន់អ្នកណាហ៊ានចេញក្រៅផ្ទះ។
បន្ទាប់ពីបរាជ័យនៃការប៉ុនប៉ងបង្កើតបទឈប់បាញ់ កាលពីល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ មនុស្សរាប់រយនាក់បានបោះបង់ការព្យាយាមរក្សាភាពស្ងប់ស្ងាត់ និងបានភៀសខ្លួនចេញពីផ្ទះ សូម្បីតែការផ្ទុះ និងការបាញ់កាំភ្លើង បានអង្រួនទីក្រុង ខាទូម។ អ្នកស្រុកជាច្រើននាក់ បាននិយាយថា ពួកគេអាចឃើញបុរស ស្ត្រី និងកុមារ នាំគ្នាចាកចេញពីផ្ទះដោយមានអីវ៉ាន់បន្តិចបន្តួច ខ្លះដើរដោយជើងទទេ ខ្លះទៀតនៅកកកុញក្នុងរថយន្ត។
កាលពីល្ងាចថ្ងៃទី១៩ ខែមេសា ពួកកងទ័ព និងគូប្រជែងរបស់ខ្លួន កងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា បានប្រកាសដាច់ដោយឡែកពីគ្នាថា បទឈប់បាញ់ថ្មីរយៈពេល២៤ម៉ោងបានចាប់ផ្តើមហើយ ប៉ុន្តែការប្រយុទ្ធនៅតែបន្តយ៉ាងសាហាវដដែល។
អ្នកនាំពាក្យសេតវិមាន លោកស្រី ការីន ហ្សង់ព្យា (Karine Jean-Pierre) បានអំពាវនាវឲ្យភាគីទាំងពីរប្រកាន់ខ្ជាប់នូវបទឈប់បាញ់ បោះបង់អំពើហិង្សា ហើយត្រឡប់ទៅការចរចាវិញ ព្រមទាំងទទួលខុសត្រូវក្នុងការធានាការការពារជនស៊ីវិល។
រហូតមកដល់ពេលនេះ កំពូលមេទ័ពទាំងពីរ ដែលជាអតីតសម្ព័ន្ធមិត្តប្រឆាំងនឹងចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសស៊ូដង់ ហាក់បីដូចជាបានប្តេជ្ញាចិត្តក្នុងការកម្ទេចគ្នាទៅវិញទៅមក ក្នុងការតស៊ូដណ្តើមអំណាចនេះ។
ការប៉ុនប៉ងបង្កើតឲ្យមានបទឈប់បាញ់ កាលពីថ្ងៃអង្គារ បានបរាជ័យ សូម្បីតែបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អែនតូនី ប្លីងគិន (Antony Blinken) បាននិយាយទៅកាន់ឧត្តមសេនីយ៍ម្នាក់ៗ តាមទូរស័ព្ទ និងអំពាវនាវឲ្យមានបទឈប់បាញ់ បន្ទាប់ពីរងសម្ពាធពីសម្ព័ន្ធមិត្តក្នុងតំបន់នេះ ដូចជាប្រទេសអេហ្ស៊ីប ដែលគាំទ្រយោធា ស៊ូដង់ ចំណែកអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមម្ខាងទៀត។
ពេញមួយថ្ងៃកាលពីថ្ងៃពុធ ភាគីទាំងពីរបានប្រយុទ្ធគ្នាជុំវិញទីបញ្ជាការយោធាសំខាន់ៗ ស្ថិតនៅកណ្តាលទីក្រុង ខាទូម ដែលក្រុមកងទ័ពម្ខាងទៀត បានព្យាយាមម្តងហើយម្តងទៀត ដើម្បីចូលកាន់កាប់ទីក្រុង និងគ្រប់គ្រងព្រលានយន្តហោះនៅក្បែរនោះ។
អ្នកស្រុកនិយាយថា បុរសប្រដាប់អាវុធ ដែលភាគច្រើនក្នុងឯកសណ្ឋានក្រុមម្ខាងទៀត បានឆ្មក់ចូលផ្ទះអ្នកស្រុក ការិយាល័យធ្វើការ និងហាងនានា នៅទូទាំងទីក្រុង ខាទូម ដើម្បីលួចប្លន់យកទ្រព្យសម្បត្តិ និងសម្ភារៈប្រើប្រាស់។
ពួកទាហានទាំងនេះ បានបំបែកគ្នាដើរជាក្រុមតូចៗ ពីផ្ទះមួយទៅផ្ទះមួយ ពីហាងមួយទៅហាងមួយ ហើយលួចគ្មានលើកលែងអ្វីឡើយ។
អ្នកស្រុកបាននិយាយថា គ្រួសារជាច្រើនចាប់ផ្ដើមកាន់អាវុធ ដើម្បីការពារទ្រព្យសម្បត្តិរបស់ខ្លួន ព្រោះមិនមានជម្រើសផ្សេងទៀតទេ៕
Comment