
ណាយរ៉ូប៊ី៖ មេដឹកនាំសាសនា នៅក្នុងប្រទេសកេនយ៉ា កំពុងប្រឈមមុខនឹងការចោទប្រកាន់តាមផ្លូវច្បាប់ ពីបទសម្លាប់រង្គាល តាមរយៈការបញ្ចុះបញ្ចូលអ្នកជឿស៊ប់ក្នុងគ្រិសសាសនា ឲ្យនាំគ្នាអត់បរិភោគចំណីអាហាររហូតដាច់ខ្យល់ស្លាប់អស់មនុស្សជិត១០០នាក់ នាពេលថ្មីៗកន្លងមកនេះ។
នាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់ប្រទេសកេនយ៉ា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ អាជ្ញាធរកេនយ៉ា បានបើការស៊ើបអង្កេតលើរណ្តៅសពរួមជាច្រើនកន្លែង ដែលត្រូវបានគេរកឃើញនៅលើទីស្មសានកប់ខ្មោចនៃនិកាយសាសនាតូចមួយ នៅជិតទីក្រុងម៉ាលីនឌី (Malindi) ប្រទេសកេនយ៉ា។
សាកសពរាប់សិបត្រូវបានគេរកឃើញនៅលើដីជាកម្មសិទ្ធិរបស់ក្រុមសាសនាកេនយ៉ា ដែលអាជ្ញាធរបានដាក់ស្លាកថា ទីសក្ការៈបូជារបស់មេក្រុមតូចមួយ ដែលត្រូវបានចាប់ខ្លួនក្រោមការចោទប្រកាន់ពីបទលើកទឹកចិត្តឲ្យអ្នកជឿតាមទ្រឹស្តីរបស់ខ្លួនឲ្យបង្អត់អាហាររហូតដល់ស្លាប់ ដើម្បីបានទៅជួបព្រះយេស៊ូ។
គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ចំនួនអ្នកស្លាប់បានកើនឡើងដល់៧៣នាក់ បន្ទាប់ពីសាកសពចំនួន២៦កន្លែងទៀត ត្រូវបានគេរកឃើញ ខណៈប៉ូលីសនៅតែបន្តស្វែងរកក្នុងដីរបស់ព្រះវិហារគ្រិសសាសនា មានឈ្មោះថា ដំណឹងល្អនៃព្រះវិហារអន្តរជាតិ ដែលជានិកាយតូចមួយមានទីតាំងស្ថិតនៅលើដីដាច់ស្រយាលមួយកន្លែង ក្បែរទីក្រុង ម៉ាលីនដា ប្រទេសកេនយ៉ា។
ក្រុមមន្ត្រីកេនយ៉ា បាននិយាយថា សាកសពត្រូវបានរកឃើញជាបន្តបន្ទាប់នៅក្នុងផ្នូររួមធំ កប់នៅរាក់ៗ រាយប៉ាយ ពាសពេញតំបន់ព្រៃឈើ ដែលគ្របដណ្តប់លើផ្ទៃដីទំហំ៨០០ហិកតា។
យោងតាមរបាយការណ៍របស់ប៉ូលិស កេនយ៉ា និកាយគ្រិសសាសនាមួយនេះ ត្រូវបានគេពិពណ៌នាថា ជានិកាយសាសនាគួរឲ្យសង្ស័យបំផុត បន្ទាប់គ្រូគង្វាលរបស់ព្រះវិហារ ត្រូវបានគេចោទប្រកាន់ថា បានផ្សព្វផ្សាយជំនឿ និងការអនុវត្តដ៏ចម្លែក រួមទាំងការណែនាំឲ្យជឿស៊ប់បង្អត់អាហារខ្លួនឯង ដើម្បីកុំខូចកេរ្តិ៍ឈ្មោះ និងបានទៅជួបព្រះយេស៊ូ។
នាយកផ្នែកស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់ប្រទេសកេនយ៉ា បាននិយាយថា គ្រូគង្វាលម្នាក់នេះធ្លាប់ប្រឈមមុខបញ្ហាផ្លូវច្បាប់ជាច្រើនករណីចាប់តាំងពីឆ្នាំ២០១៧ ហើយត្រូវបានចាប់ខ្លួននៅក្នុងខែមីនា ឆ្នាំ២០២៣នេះ ក្រោមការចោទប្រកាន់ថា បានសម្លាប់កុមារពីរនាក់ តាមរយៈការអង្អត់ចំណីអាហាររហូតដល់ស្លាប់។ ទោះបីជាក្រោយមកគ្រូគង្វាលម្នាក់នេះ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំម្តងហើយ ក៏ត្រូវចាប់បានម្តងទៀត នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ បន្ទាប់ពីមនុស្ស១៥នាក់ ត្រូវបានជួយសង្គ្រោះនៅលើដីជាកម្មសិទ្ធីរបស់គ្រូគង្វាល ដែលមានបួននាក់ត្រូវបានគេរាយការណ៍ថា មានអាការៈស្លេកស្លាំង និងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានធ្វើសេចក្តីរាយការណ៍ថា ពួកគេបានស្លាប់មុនពេលទៅដល់មន្ទីរពេទ្យ ខណៈមនុស្ស ១១នាក់ផ្សេងទៀត រួមទាំងអនីតិជនពីរនាក់ ត្រូវបានជួយសង្គ្រោះទាន់ពេលវេលានៅឯមន្ទីរពេទ្យ។ គ្រូគង្វាលរបស់ព្រះវិហារគ្រិសសាសនារូបនេះ កំពុងតែស្ថិតក្នុងមន្ទីរឃុំឃាំង ហើយទំនងជាប្រឈមមុខនឹងការចោទប្រកាន់បន្ថែម ទៀតពីបទសម្លាប់រង្គាលដោយប្រើទ្រឹស្តីសាសនា។
នាយកផ្នែកស៊ើបអង្កេតឧក្រិដ្ឋកម្ម បានបន្ថែមថា ការស្វែងរកនៅលើដីជាកម្មសិទ្ធិរបស់ព្រះវិហារ បានចាប់ផ្តើមកាលពីសប្តាហ៍មុន បន្ទាប់ពីការផ្តល់ព័ត៌មានជាសាធារណៈ ដោយកត់សម្គាល់ផ្នូរជាច្រើន ត្រូវបានរកឃើញនៅលើទីតាំងជាច្រើន។
ចំណែកលោកប្រធានផ្នែកស៊ើបអង្កេតអំពើឃាតកម្មរបស់ប្រទេសកេនយ៉ា បាននិយាយថា តំបន់ទាំងមូលត្រូវបានហ៊ុមព័ទ្ធជាកន្លែងឧក្រិដ្ឋកម្ម ដោយសារប៉ូលិសបានកំណត់ទីតាំងផ្សេងទៀត ដែលជាកន្លែងមានកប់សពជាច្រើនទៀត។
នៅក្នុងសុន្ទរកថា តាមទូរទស្សន៍ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ប្រធានាធិបតីកេនយ៉ា លោក វីល្លៀម រ៉ូតូ (William Ruto) បាននិយាយថា អំពើរបស់គ្រូគង្វាលប្រចាំព្រះវិហារ គឺស្រដៀងទៅនឹងអំពើភេរវកម្ម ដោយប្រើសាសនា ដើម្បីជំរុញសកម្មភាពដ៏អាក្រក់របស់ពួកគេ។
ចំណែករដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេសកេនយ៉ាវញ បានពណ៌នាការស្លាប់នេះថា ជាការសម្លាប់រង្គាល។
អាជ្ញាធរកេនយ៉ា បាននិយាយថា មនុស្ស៣៣នាក់ជាអ្នកជឿស៊ប់ចំពោះនិកាយសាសនានេះ ត្រូវបានជួយសង្គ្រោះ ចាប់តាំងពីប្រតិបត្តិការស្វែងរកបានចាប់ផ្តើមកាលពីសប្តាហ៍មុន ហើយស្ថានភាពសុខភាពរបស់ពួកគេមិនល្អឡើយ ដោយសារអ្នកខ្លះ នៅតែប្រកែកមិនព្រមទទួលទាន។
រីឯសាខាកាកបាទក្រហមរបស់ប្រទេសកេនយ៉ា បាននិយាយថា យ៉ាងហោចណាស់សមាជិកព្រះវិហារ១៧៨នាក់ត្រូវបានរាយការណ៍ថា បានបាត់ខ្លួន ហើយសាខាកាកបទក្រហមបានបង្កើតក្រុមការងារ ដើម្បីជួយស្វែងអ្នកទាំងនោះឲ្យដឹងច្បាស់ថា នៅរស់ ឬស្លាប់៕
Tags
Share
Related News

ព្រះមហាក្សត្រថៃ បន្ធូរបន្ថយទោសរបស់លោក ថាក់ស៉ីន ស៊ីណាវ៉ាត្រា ពីរយៈពេល ៨ឆ្នាំ មកនៅត្រឹមតែ ១ឆ្នាំ

រុស្ស៊ី បន្ទោស អ៊ុយក្រែន ចំពោះការ វាយប្រហារ ដោយ យន្តហោះ ដ្រូន ធ្វើឲ្យឆេះ ឃ្លាំង ស្តុក ប្រេងនៅ គ្រីមៀ

ឆ្មាំសមុទ្រហ្វីលីពីន ប្រឈមមុខដាក់គ្នាជាមួយឆ្មាំសមុទ្រចិន តាមជួរកោះប៉ប៉្រិបថ្ម ក្នុងសមុទ្រចិនខាងត្បូង

អ្នកការពារក្រុងបាក់មូតរបស់អ៊ុយក្រែន បារម្ភបាត់បង់ការគាំទ្រផ្នែកគ្រាប់រំសេវ ដើម្បីវាយបកលើកងទ័ពរុស្ស៊ី

ការចំណាយផ្នែកយោធានៅលើពិភពលោកឡើងដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ដោយសារសង្គ្រាមនៅអ៊ុយក្រែន

អ្នកបើកបរយន្តហោះចម្បាំងរុស្ស៊ី ច្រឡំទម្លាក់គ្រាប់បែកលើទីក្រុងរបស់ខ្លួនឯង ដោយស្មានថា ទឹកដីអ៊ុយក្រែន

ប្រធានាធិបតីបារាំង ពឺងផ្អែកលើប្រធានាធិបតីចិន ដើម្បីនាំប្រធានាធិបតីរុស្ស៊ី មកកាន់តុចរចារកសន្តិភាព

របបដឹកនាំយោធាភូមា រំលាយចោលគណបក្សប្រឆាំងរបស់លោកស្រី អ៊ុងសាន ស៊ូជី និងកម្ទេចចោលក្រុមតស៊ូនៅតាមព្រំដែន

របបដឹកនាំយោធាភូមា រំលាយចោលគណបក្សប្រឆាំងរបស់លោកស្រី អ៊ុងសាន ស៊ូជី និងកម្ទេចចោលក្រុមតស៊ូនៅតាមព្រំដែន

មីស៊ីល និងដ្រូន របស់រុស្ស៊ីបំផ្លាញអគារលំនៅឋាន និងសម្លាប់ជនស៊ីវិលអ៊ុយក្រែន ស្ថិតនៅក្បែរទីក្រុងគៀវ
MSJ TV
Archive
Popular & Recent News








Comment