
ភ្នំពេញ៖ ក្រុមអ្នកនយោបាយ និងអ្នកវិភាគ ដែលមាននិន្នាការប្រឆាំងជ្រុលនិយមមួយក្តាប់តូច ដែលតែងតែធ្វើការវិភាគជាបន្តបន្ទាប់ និងចោទប្រកាន់ទាំងទទឹងទិសថា “មានការបែកបាក់ផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ ក្នុងរង្វង់គណបក្សប្រជាជនកម្ពុជា គឺជាកាយល់ខុសទាំងស្រុង”។
នេះបើតាមសាររបស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផ្ញើជូនដល់ជនរួមជាតិ ដែលបណ្តាញសារព័ត៌មាន msj ទទួលបាននៅរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ នេះ។
ប្រតិកម្មឆ្លើយតបរបស់សម្តេចក្រឡាហោម ស ខេង ទៅនឹងក្រុមអ្នកនយោបាយ និងអ្នកវិភាគដូរបាយ ដែលមាននិន្នាការប្រឆាំងជ្រុលនិយម បានឱ្យដឹងថា ក្រោយការបោះឆ្នោតជាសាកលជ្រើសរើសតំណាងរាស្រ្ត អាណត្តិទី៧ និងជាពិសេសក្រោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញសារពិសេស បន្ទាប់ពីបានចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រុមអ្នកនយោបាយ និងអ្នកវិភាគដែលមាននិន្នាការប្រឆាំង បានលើកឡើងជាបន្តបន្ទាប់ នូវរបស់ដែលហៅថា “មានការបែកបាក់ផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ ក្នុងរង្វង់គណបក្សប្រជាជនកម្ពុជា”។
ក្នុងន័យនេះ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានចេញសារថា “ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិខ្មែរទាំងអស់ ជាពិសេសប្រជាពលរដ្ឋខ្មែរច្រើនលើសលប់ ដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជា ជ្រាបថា៖ ជ័យជម្នះ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ របស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបានសំឡេងឆ្នោត ៨២,៣០% នៃអត្រាអ្នកបានទៅបោះឆ្នោត ៨៤,៥៩% បានស្តែងឲ្យឃើញនូវកម្លាំងសាមគ្គីជាប្រពៃណីដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា និងការបន្តគាំទ្រយ៉ាងទូលំទូលាយពីសំណាក់ប្រជាពលរដ្ឋ មកលើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា”។
សម្តេចក្រឡាហោម ស ខេង “ប្រសិនបើមានការបែកបាក់ ដូចការគិតស្មានរបស់ពួកគេមែននោះ ម្លេះសមគណបក្សប្រជាជនកម្ពុជា មិនមានភាពរឹងមាំ និងមិនទទួលបានការគាំទ្រពីសំណាក់ប្រជាជន កាន់តែច្រើនជាលំដាប់ពីអាណត្តិមួយទៅអាណត្តិមួយនោះទេ”។
សម្តេចក្រឡាហោម បានឆ្លើយតបទៀតថា “ឧបាយកលបំបែកបំបាក់សាមគ្គីផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា បានកើតឡើងតាំងពីអតីតកាល ពោល គឺកើតឡើងតាំងពីគណបក្សនយោបាយខ្លះ ពុំទាន់បានចាប់កំណើតផង រហូតដល់មានគណបក្សខ្លះបានត្រូវរលំរលាយបែកបាក់ខ្ចាត់ខ្ចាយ ក៏ពួកគេនៅតែធ្វើនយោបាយដ៏ឆោតល្ងង់ មានឧបាយកលទុច្ចរិត តែផ្ទុយទៅវិញ គណបក្សប្រជាជនកម្ពុជា នៅតែរក្សាបានការឯកភាពផ្ទៃក្នុងដ៏រឹងមាំ និងមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋដ៏ច្រើនលើសលប់ ដើម្បីបន្តដឹកនាំប្រទេសប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍ”។
សម្តេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ប្រាប់ទៅក្រុមអ្នកប្រឆាំងមួយក្តាប់តូចទាំងនោះទៀតថា “គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំរាជរដ្ឋាភិបាល នាពេលបច្ចុប្បន្ននេះ គឺបានបង្ហាញច្បាស់ក្នុងប្រវត្តិសាស្រ្ត នៃបេសកម្មរបស់ខ្លួន គ្រប់កាលៈទេសៈ គឺសុទ្ធតែមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គ្រប់ជាន់ថ្នាក់ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរទូទៅ ដូចសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកបានមានប្រសាសន៍បញ្ជាក់រួចហើយ កាលពីព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រវ៉ាត់ក្រុងទី៣ ម្សិលម៉ិញនេះ”។
ជាថ្មីម្តងទៀត សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ជំហរដ៏មុតមាំជូនបងប្អូនជនរួមជាតិ ជ្រាបថា “ខ្ញុំតែងតែគោរព និងគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាត និងសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការជ្រើសតាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្រ្តី សម្រាប់អាណត្តិនេះ និងអាណត្តិបន្តបន្ទាប់ទៀត”។
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជន បានបញ្ជាក់នូវជំហរថា “ចំពោះការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត ខ្ញុំក៏នឹងគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន។ ក្នុងន័យនេះ ខ្ញុំនឹងបន្តគាំទ្រ និងជួយទំនុកបម្រុងឲ្យរដ្ឋាភិបាល អាណត្តិទី៧ ដែលមានឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានបំពេញភារកិច្ចរបស់ខ្លួន ឲ្យទទួលបានជោគជ័យតាមគោលការណ៍ទាំងឡាយដែលសម្រេចដោយសន្និបាតគណបក្សប្រជាជនកម្ពុជា”។
ជាចុងបញ្ជប់សម្តេចក្រឡាហោម ស ខេង សូមជូនពរដល់បងប្អូនជនរួមជាតិទាំងអស់ជួបប្រទះតែសេចក្តីសុខ និងសេចក្តីចម្រើនក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍន៍ ៕
Tags
Share
Related News

រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ ប្តេជ្ញាធ្វើយ៉ាងណាពង្រឹងសេដ្ឋកិច្ចជាតិ តាមរយៈបង្កើតការងារឱ្យបានច្រើន

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ចក្ចុវិស័យសំខាន់បំផុតរបស់រាជរដ្ឋាភិបាល គឺត្រូវបម្រើប្រជាពលរដ្ឋធំ

ប្រមុខរាជរដ្ឋាភិបាលថ្មី ត្រៀមកញ្ចប់ថវិកាប្រមាណ ១០០លានដុល្លារ ដើម្បីត្រៀមអន្តរគមន៍លើវិស័យកសិកម្ម

យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មានបាវចនាចំនួន ៥ គឺ “កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព”

សមាគមនសារព័ត៌មាន AE MSJ អបអរសាទរឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

សម្តេចតេជោ ហ៊ុន សែន៖ ក្រុមប្រឹក្សា និងពិគ្រោះយោបលក៏ត្រូវរៀបចំឲ្យមាននៅក្នុងនីតិកាលទី៧ ជាបន្តទៀត

សម្តេចតេជោ ហ៊ុន សែន “មានកក្តាសំខាន់ៗ ចំនួន ៤ ដែលត្រូវឲ្យ ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រី”

លោក ហ៊ុន ម៉ានី បន្តចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាឃុំស្គុះ ស្រុកសំរោងទង

ឯកឧត្តម រាជ សុភទ្ទ ត្រូវបានព្រះមហាក្សត្រចេញព្រះតាជក្រឹត្យតែងតាំងជារដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាក្ខន្ធលោក ហង់ ចក្រា ចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុក

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ ឧបសគ្គមានបញ្ហាប្រឈមពីរ គឺ «កត្តាទីលាន ,ឧបសគ្គ និងកត្តាមនុស្ស»

សម្រាប់យុទ្ធនាការឃោសនារកសម្លេងឆ្នោត នីតិកាលទី៧ នៃរដ្ឋសភាជាតិ សង្កេតឃើញមានគណបក្សចំនួន ០៤ ចេញមុខជាងគេ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន «វិស័យអប់រំជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ»

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ កម្មការិនីជិត២ម៉ឺននាក់ជាបន្តទៀត នៅស្រុកអង្គស្នួល ខេត្តកណ្ដាល

សម្តេចតេជោ ហ៊ុន សែន៖ យុទ្ធនាការ WiFi អំពាវនាវមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត គឺជាការបិទផ្លូវខ្លួនឯង

រដ្ឋសភាជាតិបើកសម័យប្រជុំលើកទី៩ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗចំនួនពីរ

សម្ដេចតេជោហ៊ុន សែន ស្នើសុំឱ្យម្ចាស់បុរីបញ្ចប់ ការរឹបអូសផ្ទះអតិថិជន និងរៀបចំការបង់ប្រាក់រំលោះឡើងវិញ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងថា យុវជនជំនាន់បច្ចុប្បន្នមានកិច្ចការសំខាន់ៗ៣ ដែលត្រូវបំពេញ

អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង ចំនួន ០២រូបទៀត ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យលើកលេងទោស
MSJ TV
Archive
Popular & Recent News








Comment