• Today: November 09, 2024

សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់អាហាររូបករណ៍ ចំនួន ៧០កន្លែង ដល់គណៈគ្រប់គ្រងគ្រឹះស្ថានពហុសិក្សា សម្តេច ហ៊ុន សែន នៅទីក្រុងបាម៉ាកូ សម្រាប់រយៈពេល១០ឆ្នាំ

ភ្នំពេញ៖ អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានទទួលជួបលោកស្រី អេវ៉ា មីស្លីវីក នាយិកាប្រតិបត្តិ និងលោក មហាម៉ាត់ ឌៀររ៉ា នាយកគ្រប់គ្រងថ្មី នៃគ្រឹះស្ថានពហុសិក្សាសម្តេច ហ៊ុន សែន នៅទីក្រុងបាម៉ាកូ ដោយសម្តេចតេជោ បានសម្រេចផ្តល់អាហាររូបករណ៍ ចំនួន ៧០កន្លែង ដល់គណៈគ្រប់គ្រងគ្រឹះស្ថានពហុសិក្សា សម្តេច ហ៊ុន សែន នៅទីក្រុងបាម៉ាកូ សម្រាប់រយៈពេល ១០ឆ្នាំ (២០២៣-២០៣៣)។ 

ជំនួបសម្តែងការគួរសមនេះ ធ្វើឡើនាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីពិនិត្យលើស្ថានការណ៍ និងសមិទ្ធផលព្រមទាំងចក្ខុវិស័យ នៃគ្រឹះស្ថានពហុសិក្សានេះ នៅពេលអនាគត។ 

សម្តេចតេជោ ហ៊ុន សែន បានសំដែងការពេញចិត្តចំពោះការគ្រប់គ្រងដ៏ល្អរបស់គ្រឹះស្ថានដែល មានលទ្ធភាពរ៉ាប់រងលើការចំណាយដំណើរការទាំងអស់របស់ខ្លួនចាប់តាំងពីឆ្នាំ២០១៨មក ដោយសារចំណូល នៃការបង់ថ្លៃសិក្សា និងសមិទ្ធផលសម្រេចបានដែលស្ថិតនៅក្នុងចំណោមសាលាល្បីៗកំពូលទាំង៥ នៅទូទាំងប្រទេសម៉ាលី ។ 

សម្តេចតេជោ ហ៊ុន សែន បានផ្តល់ការលើកទឹកចិត្តដល់គណៈគ្រប់គ្រងសាលាបន្តកិច្ចខិតខំប្រែងធានានិរន្តរភាពរបស់សាលាបន្តទៅទៀត។ ជាមួយគ្នានេះដែរ សម្រាប់ការអភិវឌ្ឍន៍ នៃគ្រឹះស្ថានពហុសិក្សានាពេលខាងមុខ សម្តេចតេជោ បានសម្រេចផ្តល់អាហាររូបករណ៍ចំនួន ៧០កន្លែង ដល់គណៈគ្រប់គ្រងគ្រឹះស្ថាន សម្រាប់រយៈពេល ១០ឆ្នាំ (២០២៣-២០៣៣) ក្នុងនោះ ៤០កន្លែង សម្រាប់សិស្សានុសិស្សកម្រិតបឋមសិក្សា និង ៣០កន្លែងទៀត សម្រាប់កម្រិតមធ្យមសិក្សា។ 

ជាកិច្ចឆ្លើយតប លោកស្រី អេវ៉ា មីស្លីវីក និងលោក មហាម៉ាត់ ឌៀររ៉ា បានថ្លែងការដឹងគុណដ៏ជ្រាលជ្រៅ ក្នុងនាមកុមារម៉ាលីទាំងអស់ នៃគ្រឹះស្ថានពហុសិក្សា ចំពោះអំណោយ និងកាយវិការដ៏វិសេសថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ដល់វិស័យសិក្សាធិការនៃប្រទេសម៉ាលី។ 

សូមបញ្ជាក់ថា គ្រឹះស្ថានពហុសិក្សា សម្តេច ហ៊ុន សែន នៅទីក្រុងបាម៉ាកូ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣ ក្រោមជំនួយឧបត្ថម្ភរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងអ្នកស្រី អេវ៉ា មីស្លីវិក និងដៃគូជនជាតិម៉ាលីមួយរូបទៀត នៅក្នុងក្របខ័ណ្ឌ នៃការពង្រឹងនូវសាមគ្គីភាព រវាងប្រទេសទាំងពីរនៅក្នុងក្រុមគ្រួសារហ្វ្រង់កូហ្វូន និងក្របខ័ណ្ឌនៃប្រទេសកំពុងអភិវឌ្ឍន៍ ហើយនិងកិច្ចសហប្រតិបត្តិការភាពជាដៃគូ ត្បូង-ត្បូងផងដែរ៕

Tags

Comment