• Today: December 22, 2024

សម្ដេចក្រឡាហោម ស ខេង តំណាងរាស្រ្តមណ្ឌលបាត់ដំបង បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិកនៃរដ្ឋសភា


នាព្រឹកថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង តំណាងរាស្រ្តមណ្ឌលបាត់ដំបង បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិកនៃរដ្ឋសភា។
    កិច្ចប្រជុំនេះ មានការយាង និងអញ្ជើញចូលរួមពីតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ចំនួន១២៥អង្គ/នាក់។ របៀបវារៈនៃកិច្ចប្រជុំនេះ គឺការបោះឆ្នោតជ្រើសតាំងប្រធាន អនុប្រធាននៃរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញទាំង១០នៃរដ្ឋសភា និងការបោះឆ្នោយផ្ដល់សេចក្ដីទុកចិត្តចំពោះរាជរដ្ឋាភិបាល។
    រដ្ឋសភា បានបោះឆ្នោតជ្រើសតាំងលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ជាប្រធានរដ្ឋសភា, ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជាអនុប្រធានទី១ និងឯកឧត្តម វង សូត្រ ជាអនុប្រធានទី២ ព្រមទាំងជ្រើសតាំងប្រធាន អនុប្រធានគណៈកម្មការជំនាញទាំង១០ នៃរដ្ឋសភាផងដែរ។
    ទន្ទឹមគ្នានោះផងដែរ រដ្ឋសភាក៏បានបោះឆ្នោតអនុម័តជាឯកច្ឆន្ទ ផ្ដល់សេចក្ដីទុកចិត្តចំពោះរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ ដែលមានឯកឧត្តមកិត្តិទេសភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី អមដោយឥស្សរជនជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្រ្តី និងរដ្ឋមន្ត្រីនៃក្រសួងស្ថាប័នមួយចំនួនទៀតផងដែរ។
    សូមបញ្ជាក់ថាបន្ទាប់ពីទទួលបានការបោះឆ្នោតផ្ដល់សេចក្ដីទុក្ខចិត្តពីរដ្ឋសភា នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងអញ្ជើញដឹកនាំសមាជិករាជរដ្ឋាភិបាល ស្បថសច្ចាប្រណិធានចូលកាន់មុខតំណែងជាផ្លូវការនៅព្រះបរមរាជវាំង៕

Tags

Comment