• Today: December 22, 2024

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជ បានស្នើឱ្យសហភាពអឺរ៉ុប បន្តពិចារណាគាំទ្រ និងផ្តល់ហិរញ្ញប្បទានលើ “កម្មវិធីសូចនាករពហុឆ្នាំ២០២១-២០២៧ ដំណាក់កាលទី២” បន្ថែមទៀត

ភ្នំពេញ៖     ឯកឧត្តមកិត្តិទេសាបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី នៃកម្ពុជា បានស្នើឱ្យសហភាពអឺរ៉ុប បន្តពិចារណាគាំទ្រ និងផ្តល់ហិរញ្ញប្បទានលើ “កម្មវិធីសូចនាករពហុឆ្នាំ២០២១-២០២៧ ដំណាក់កាលទី២” បន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងការនាំចេញរបស់កម្ពុជាឆ្ពោះទៅកាន់ទីផ្សារសហភាពអឺរ៉ុប។

ការស្នើសុំរបស់នាយករដ្ឋមន្ត្រីកម្ពុជាចំពោះសហភាពអឺរ៉ុប បន្តពិចារណាគាំទ្រាំ និងផ្តល់ហិរញ្ញបទាននេះ ធ្វើឡើងក្នុងជំនួបរវាង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឱកាសអនុញ្ញាតឱ្យលោកជំទាវ ម៉ារីយា ដែល ខាមែន ម៉ូរេណូ (Maria Del Carmen Moreno)ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប បញ្ចប់អាណត្តិការទូត ជួបសម្ដែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៣ នៅវិមានសន្តិភាព។ 

នៅក្នុងជំនួបនេះ លោកជំទាវ ម៉ារីយា ដែល ខាមែន ម៉ូរេណូ (Maria Del Carmen Moreno) បានសម្តែងនូវការអបអរសាទរចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ លោកជំទាវក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះជោគជ័យជាច្រើនកន្លងមករបស់កម្ពុជា តាមរយៈការគ្រប់គ្រងវិបត្តិ នៃជំងឺកូវីដ-១៩ ការដាក់ចេញនូវកម្មវិធីជំនួយសង្គម ដ៏មានប្រសិទ្ធភាព, និងការធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ ប្រកបដោយមោទនភាព។ 

លោកជំទាវ ម៉ារីយា ដែល ខាមែន ម៉ូរេណូ (Maria Del Carmen Moreno)  ក៏បានបង្ហាញនូវជំហរដ៏មុតមាំរបស់សហភាពអឺរ៉ុប ក្នុងការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀត ជាមួយកម្ពុជា ជាពិសេស ជាមួយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតតែម្តង។ 

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី នៃកម្ពុជា បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការអបអរសាទររបស់លោកជំទាវ ម៉ារីយា ដែល ខាមែន ម៉ូរេណូ (Maria Del Carmen Moreno) ក៏ដូចជាកិច្ចសហប្រតិបត្តិការស្អិតរមួតកន្លងមក រវាងកម្ពុជា និងសហភាពអឺរ៉ុប។ ឯកឧត្តមនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីនិរន្តរភាព នៃគោលនយោបាយ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបន្តចាប់តាំងពីការដាក់ចេញយុទ្ធសាស្រ្តត្រីកោណ និងយុទ្ធសាស្រ្តចតុកោណទាំង ៤ ដំណាក់កាល ហើយសម្រាប់អាណត្តិនេះ ឆ្ពោះទៅមុខ រាជរដ្ឋាភិបាលនឹងផ្តោតជាពិសេសបំផុតទៅលើការកសាងមូលធនមនុស្ស ការកែទម្រង់វិស័យសុខាភិបាលនៅថ្នាក់មូលដ្ឋាន និងការកែទម្រង់វិស័យមុខងារសាធារណៈ។

ជាចុងក្រោយ ថ្នាក់ដឹកនាំទាំងពីរ បានប្តេជ្ញាបន្តជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និង សហភាពអឺរ៉ុប ឱ្យកាន់ជិតស្និទ្ធបន្ថែមទៀត ក៏ដូចជាការពង្រីកទិសដៅកិច្ចសហប្រតិបត្តិការទៅលើវិស័យថ្មីៗបន្ថែមទៀត ដូចជា៖ វិស័យអប់រំ និង ការអភិវឌ្ឍធនធានមនុស្ស, វិស័យសុខាភិបាល និងវិស័យមុខងារសាធារណៈ ដែលជាកិច្ចការសំខាន់ និងចាំបាច់ក្នុងការចូលរួមកសាងនូវស័ក្ដិសិទ្ធភាព និង ប្រសិទ្ធភាព ក្នុងការផ្ដល់សេវាសាធារណៈ។ 

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យសហភាពអឺរ៉ុប បន្តពិចារណាគាំទ្រ និងផ្តល់ហិរញ្ញប្បទានលើ “កម្មវិធីសូចនាករពហុឆ្នាំ២០២១-២០២៧ ដំណាក់កាលទី២” បន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងការនាំចេញរបស់កម្ពុជាឆ្ពោះទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ ភ្ជាប់ជាមួយនឹងការជម្រាបលា លោកជំទាវអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានគោរពជម្រាបជូនឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ថាលោកជំទាវនឹងបន្តបេសសកកម្មបន្ទាប់នៅប្រទេសស្រីលង្កា និងពាំនាំនូវកិច្ចដំណើរបង្រួបបង្រួមជាតិដ៏ជោគជ័យរបស់កម្ពុជា ដើម្បីចែករំលែកនៅទីនោះ ។

ជាទីបញ្ចប់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានជូនពរលោកជំទាវ សូមទទួលបានជោគជ័យក្នុងបេសកកម្មរបស់លោកជំទាវបន្តទៀតនៅថ្ងៃអនាគត៕

Tags

Comment