• Today: December 21, 2024

ស្ត្រីពាណិជ្ជករស្រស់ស្អាតហាយសូរម្នាក់ ប្រើប្លង់ដីក្លែងក្លាយដើរដាក់បញ្ចាំយកលុយពីជនរងគ្រោះរាប់លានដុល្លារ ត្រូវចាប់ខ្លួនក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខណៈប្ដីកំពុងរត់គេចខ្លួន


ភ្នំពេញ៖ ស្ត្រីជាពាណិជ្ជករដ៏ស្រស់ស្អាត និងហាយសូរម្នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ចាប់ខ្លួននៅព្រលានយន្តយន្តហោះបន្ទាប់ពីធ្វើដំណើរមកពីក្រៅប្រទេសវិញ ពាក់ព័ន្ធករណីឆបោក និងក្លែងឯកសារសាធារណៈ (ប្លង់ដីក្លែងក្លាយ) យកដាក់បញ្ចាំយកប្រាក់ជាង ១៥ម៉ឺនដុល្លារ និងមានអ្នករងគ្រោះជាច្រើននាក់ទៀត សរុបចូលលានដុល្លារ។
     ប្រវត្តិការចាប់ខ្លួនស្ត្រីអ្នកជំនួញខាងលើ ធ្វើឡើងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ស្ត្រីត្រូវចោទក្រោយពីចាប់ខ្លួននគរបាលបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។
    ការចាប់ខ្លួនស្ត្រីអ្នកជំនួញហាសូរ ធ្វើឡើងតាមរយៈដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៥៥៥ "ហ" ដ.ច.ន ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ចេញដោយលោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ 
    ស្ត្រីត្រូវចោទមានឈ្មោះ ជា សុផល្លា អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពាណិជ្ជករ មានអាសយដ្ឋាន ផ្ទះលេខ៥ បុរីពិភពថ្មី សំរោងអណ្តែត ផ្លូវលេខ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ដាក់ក្រោមការពិនិត្យពីបទ “ឆបោក ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈ តាមមាត្រា ៣៧៧ មាត្រា ៣៧៨ មាត្រា ៦២៩ និងមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ”។
     សូមជម្រាបថា កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឈ្មោះ ជា សុផល្លា និងប្តីឈ្មោះ ឈាង សុភក្តិ បានមកខ្ចីប្រាក់ពីក្រុមហ៊ុន 3C GROW CO.,LTD ចំនួន ១៥៩,០០០ដុល្លារ និងយកប្លង់ដីផ្ទាល់ខ្លួនមកដាក់បញ្ចាំធានាលើប្រាក់ដែលបានខ្ចី ហើយក្រុមហ៊ុនក៏បានប្រគល់ប្រាក់កម្ចីឲ្យប្តីប្រពន្ធមួយគូនេះ មុនពេលក្រុមហ៊ុនយកប្លង់ទៅដាក់បន្ទុកនៅមន្ទីរសុរិយោដី ប៉ុន្តែក្រុមហ៊ុនយកប្លង់ដីទៅដាក់បន្ទុកមន្ត្រីជំនាញខាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ បានបញ្ជាក់ថា “មានភាពមិនប្រក្រតី (ក្លែងក្លាយ) និងបានធ្វើកំណត់ហេតុដកហូតប្លង់ដីនោះ ដើម្បីរក្សាទុកមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ”។ 
     ក្រោយមកទៀត ភាគីខាងក្រុមហ៊ុនបានព្យាយាមទាក់ទងទៅប្តីប្រពន្ធមួយគូនេះ ប៉ុន្តែពួកគេតែងគេចវេសមិនចូលខ្លួនមកដោះស្រាយជាមួយក្រុមហ៊ុនឡើយ រហូតដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ក្រុមហ៊ុន 3C GROW CO.,LTD ដាក់បណ្តឹងប្តឹងប្តី ប្រពន្ធខាងលើទៅតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
      តាមប្រភពក្រៅផ្លូវការបានបង្ហើបថា ស្ត្រីពាណិជ្ជករ និងប្តីកន្លងមកធ្លាប់បោកប្រាស់ប្រាស់គេច្រើនណាស់តាមរយៈយកប្លង់ដីដាក់បញ្ចាំដែលភាគច្រើនជាប្លង់ដីក្លែងបានលុយខ្ទង់លានដុល្លារ និងតែងតែយកឈ្មោះថ្នាក់ដឹកនាំ និងឈ្មោះអ្នកមានឥទ្ធិពលមកប្រើប្រាស់ធ្វើជាខ្នងបង្អែក ក្នុងគោលបំណងគំរាមម្ចាស់បំណុល ដើម្បីគេចមិនទទួលខុសត្រូវ។
       ចំណែកជនត្រូវចោទមានឈ្មោះ ឈាង សុភក្តិ អាយុ ៤១ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០១១២៨៧៩១៣ អាសយដ្ឋាន ផ្ទះលេខ១៥៧ E0E1 ផ្លូវ១១៣ ភូមិ៤ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវជាប្តីសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនផងដែរ៕


Tags

Comment