• Today: November 21, 2024

សម្តេចតេជោ ហ៊ុន សែន ព្រមានដកដំណែងមន្ត្រីណាដែលកាប់ព្រៃឈើទន្ទ្រានយកដីរបស់រដ្ឋ និងចាប់ខ្លួនយកទៅអនុវត្តច្បាប់ដោយមិនលើកលេងឡើយ


ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានព្រមានចាត់វិធានការក្តៅចំពោះមន្ត្រីណាដែលមានការពាក់ព័ន្ធនឹងការកាប់បំផ្លាញសម្បត្តិធនធានព្រៃឈើ ដើម្បីទន្ទ្រានយកដីធ្វើកម្មសិទ្ធ ត្រូវតែដកចេញពីក្រមខណ្ឌរដ្ឋ និងត្រូវចាប់ខ្លួនអនុវត្តតាមផ្លូវច្បាប់ដោយមិនលើកលេងឡើយ។ 


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងពិធីប្រគល់សញ្ញាបត្រដល់សិស្សចៅក្រម ក្រឡាបញ្ជី អាជ្ញាសាលា និងសិស្សសារការី នៅតំបន់ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ នេះ។ 
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាដល់អភិបាលខេត្តទាំងអស់ ទប់ស្កាត់ឲ្យខានតែបានរាល់សកម្មភាពកាប់ទន្ទ្រានដីព្រៃ នៅមុនពេលដំណាក់កាលបោះឆ្នោតជាតិខាងមុខនេះ។ សម្ដេចតេជោក៏បានព្រមានចាត់វិធានការច្បាប់ជាធរមានដល់ជនប្រព្រឹត្ត និងជនជាប់ពាក់ព័ន្ធផងដែរ។ 
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឲ្យតែពេលជិតការបោះឆ្នោតតែងតែមានក្រុមឱកាសនិយមនាំគ្នាឈ្លាតកេងចំណេញដោយកាប់បំផ្លាញព្រៃឈើ កាប់ទន្ទ្រានយកដីធ្លីរបស់រដ្ឋជាដើម ព្រោះឱកាសនេះ ប្រសិនអាជ្ញាធរមានវិធានការពួកគេថតយករូបភាពយកទៅបង្ហោះ ដើម្បីវាយប្រហារមកលើគណបក្សប្រជាជន ប៉ុន្តែករណីបែបនេះ រដ្ឋាភិបាលមិនអនុញ្ញាតទេ ត្រូវតែបង្ក្រាបឲ្យបានដោយគ្មានការយោបយលអ្នកមាន អ្នកក្រ ឬអ្នកមានអំណាចនោះទេ ត្រូវតែអនុវត្តន៍ច្បាប់ដោយគ្មានការលើកលេងដាច់ខាត៕


Tags

Comment