• Today: November 21, 2024

សម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី ចំនួន ១៥ថ្ងៃទៀត បន្ទាប់ពីព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ តែងតាំងនាយករដ្ឋមន្ត្រីថ្មី អាណត្តិទី៧ នៃរដ្ឋសភា

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ នេះ បន្ទាប់ពិព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ចាត់តាំង ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី នៃកម្ពុជា សម្រាប់អាណត្តិទី៧ នៃរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នៅបន្តធ្វើជានាយករដ្ឋមន្ត្រីចាំផ្ទះរយៈពេល ១៥ថ្ងៃទៀត។

 សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សរសេរថា “ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យចាត់តាំងនាយករដ្ឋមន្ត្រីថ្មី សម្រាប់ដឹកនាំប្រទេស បន្ទាប់ពីខ្ញុំសម្រេចដកខ្លួនចេញ ដើម្បីផ្តល់ឱកាសឲ្យក្រុមបន្តវេនដឹកនាំបន្ត។ ពិនិត្យតាមពេលវេលា ខ្ញុំជានាយករដ្ឋមន្ត្រីដែលចូលកាន់តំណែងក្មេងជាងគេ (អាយុ៣២ឆ្នាំ) និងយូរជាងគេនៅក្នុងពិភពលោក”។ 

 សម្តេចតេជោបានសរសេរទៀតថា “បើគិតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ជាថ្ងៃដែលខ្ញុំចាកចេញពីដំណែងតាមផ្លូវច្បាប់ និងគិតពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ ជាថ្ងៃដែលសភាបោះឆ្នោតផ្តល់ការទុកចិត្តខ្ញុំជានាយករដ្ឋមន្ត្រីផ្លូវការ ខ្ញុំបានកាន់ដំណែងជានាយករដ្ឋមន្ត្រីចំនួន ៣៨ឆ្នាំ ៧ខែ និង ៨ថ្ងៃ ត្រូវជា ៤៦៣ខែ ២០១៤សប្តាហ៍ និងចំនួន ១៤ ០៩៩ថ្ងៃ”។ សម្តេចតេជោបានបន្ថែមថា “ប្រសិនបើគិតពីការងារក្នុងរដ្ឋាភិបាល ចាប់តាំងពីថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៩ ក្នុងមុខតំណែងជារដ្ឋមន្ត្រីការបរទេស ជាឧបនាយករដ្ឋមន្ត្រី ជានាយករដ្ឋមន្ត្រីស្តីទី និងជានាយករដ្ឋមន្ត្រីត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខ្ញុំធ្វើការបាន៤៤ឆ្នាំ ៧ខែ ១៤ថ្ងៃត្រូវជា ៥៣៥ខែ ២ ៣២៨សប្តាហ៍ និង ១៦ ២៩៧ថ្ងៃ”។

 សម្តេចតេជោ ហ៊ុន សែន បានសរសេរបញ្ជាក់ថា “ពេលនេះខ្ញុំបន្តជានាយករដ្ឋមន្ត្រី ១៥ថ្ងៃទៀត បន្ទាប់ទៅខ្ញុំនឹងឡើងឋានៈទៅជាឪពុកនាយករដ្ឋមន្ត្រីម្តង។ មិនទាន់ចប់ត្រឹមនេះទេ ខ្ញុំនឹងបន្តការងារក្នុងមុខនាទីផ្សេងទៀតយ៉ាងតិចត្រឹមឆ្នាំ២០៣៣ ដែលពេលនោះខ្ញុំនឹងបំពេញការងារជាងកន្លះសតវត្សរ៍”។

 សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីចបានបញ្ជាក់យ៉ាងដូច្នេះថា “សូមអរគុណភរិយាជាទីស្រឡាញ់ ដែលបានចិញ្ចឹមកូនដ៏កំសត់មួយនេះ ក្នុងពេលវេលាដ៏លំបាកបំផុតរហូតគេ ក្លាយជាមេដឹកនាំកំពូលរបស់ជាតិ នាពេលនេះ”៕

Tags

Comment