• Today: November 21, 2024

សម្តេចពិជ័យសេនា ទៀ បាញ់ ដឹកនាំប្រតិភូទៅចូលរួមកិច្ចប្រជុំសន្តិសុខអាស៊ីលើកទី២០នៅសិង្ហបុរី

 

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់បណ្ឌិត ចន ឈីប មែន អគ្គនាយក និងជាប្រធានប្រតិបត្តិនៃវិទ្យាស្ថានអន្តរជាតិសម្រាប់យុទ្ធសាស្រ្ត សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជានៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣នេះបានដឹកនាំគណៈប្រតិភូនៃកងយោធពលខេមរភូមិន្ទ ទៅចូលរួមកិច្ចប្រជុំសន្តិសុខអាស៊ីលើកទី២០ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នៅ ប្រទេសសិង្ហបុរី។


កិច្ចប្រជុំសម្រាប់ឆ្នាំ២០២៣ នឹងមានកិច្ចពិភាក្សាក្នុងសម័យប្រជុំពេញអង្គលើវិធានបទសំខាន់ៗរួមមាន ៖ បញ្ហាឥណ្ឌា-បាស៊ីហ្វិក ភាពជាដៃគូថ្មី ការអភិវឌ្ឍគំរូសម្រាប់ សន្តិសុខជាដើម។ កិច្ចប្រជុំកំពូល ក៏នឹងមានក្រុមពិភាក្សាតូចៗនៅក្នុងសម័យប្រជុំពិសេស រួមមាន៖សន្តិសុខនៃប្រព័ន្ធអ៊ិនធឺណិត ការអភិវឌ្ឍនៃសមត្ថភាពយោធា ការធ្វើសមតុល្យភាពក្នុងតំបន់ជាដើម។
បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថាក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលខាងលើនេះ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងអញ្ជើញថ្លែងការណ៍ប្រកបដោយអត្ថន័យខ្លឹមសារ នៅក្នុងសម័យប្រជុំពេញអង្គទី៧ ស្តីពី«ការអភិវឌ្ឍគំរូសម្រាប់សន្តិសុខប្រកប ដោយកិច្ចសហប្រតិបត្តិការ» ដោយផ្តោតលើទស្សនៈលើបញ្ហាប្រឈមនានា ដែលអាចបង្ក ឡើងដោយការអភិវឌ្ឍវិស័យយោធាយ៉ាងលឿននៅក្នុងតំបន់ និងមុខងារដែលសមត្ថភាពថ្មីៗទាំងនោះអាចដើរ តួនាទី ក្នុងការរក្សាតុល្យភាពស្ថិរភាពតំបន់ផងដែរ។សូមបញ្ជាក់ថាកិច្ចប្រជុំខាងលើក៏នឹងមានជំនួបរួម ជា មួយរដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិក ជាមួយរដ្ឋមន្រ្តីការពារជាតិនៃបណ្តាប្រទេសអាស៊ានមួយចំនួនដែរ។ ដោយឡែកក្រៅពីចូលរួមកិច្ចប្រជុំខាងលើនេះសម្តេចពិជ័យសេនា ទៀ បាញ់ ក៏នឹងមានជំនួបពិភាក្សាការងារទ្វេភាគីជាមួយរដ្ឋមន្រ្តីការពារជាតិ នៃបណ្តាប្រទេសមួយចំនួនផងដែរ ដោយក្នុងនោះមានរដ្ឋមន្រ្តីការពារជាតិចិន អូស្ត្រាលី សិង្ហបុរី និងទទួលជួបសម្តែងការគួរសមពីសំណាក់ឥស្សរជនសំខាន់ៗប្រចាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិកផ្សេងទៀត៕

Tags

Comment