ភ្នំពេញ៖ ក្នុងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ដែលក្នុងនេះរាជរដ្ឋាភិបាលពង្រឹងលើការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឌីជីថល និងបន្តផ្តោតលើកិច្ចការអាទិភាព ចំនួន ៥បន្ថែមទៀត។
សុន្ទរកថា ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងឧទ្ទេសនាម អំពី «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១» និង «វិធានការគន្លឹះរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា» ក្នុងអង្គប្រជុំលើកដំបូង នៃគណៈរដ្ឋមន្ត្រី នីតិកាលទី ៧ នៃរដ្ឋសភា នៅ វិមានសន្តិភាព ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ សីហា ២០២៣ សម្រាប់យុទ្ធសាស្ត្របញ្ចកោណ រួមមាន៖
១- ការកសាងរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថល ដែលមានគោលដៅយុទ្ធសាស្តផ្ដោតលើការដឹកនាំការធ្វើបរិវត្តកម្មឌីជីថល ដោយរាជរដ្ឋាភិបាលធ្វើជាគំរូ និង ដឹកមុខ ក្នុងការ ចាប់យកបច្ចេកវិទ្យាឌីជីថល តាមរយៈការធ្វើឌីជីថលភាវូបនីយកម្មកិច្ចការសាធារណៈរបស់រដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និង ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ជូនប្រជាជន និង វិស័យឯកជន, និង ការពង្រឹងអភិបាលកិច្ចផ្អែកលើទិន្នន័យ។
២- ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល, ធុរកិច្ចឌីជីថល, ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធនវានុវត្តន៍ឌីជីថល ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការជំរុញការធ្វើបរិវត្តកម្ម ឌីជីថលក្នុងវិស័យសេដ្ឋកិច្ច, ការបង្កើតធុរកិច្ចថ្មីឌីជីថល (Digital Startups), ការជំរុញការធ្វើ បរិវត្តកម្មឌីជីថលសហគ្រាស ការជំរុញការអភិវឌ្ឍខ្សែច្រវាក់ឌីជីថល និងពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិចត្រូនិក, និងការជំរុញការកសាង និងការអភិវឌ្ឍ ប្រព័ន្ធនវានុវត្តន៍ឌីជីថល ដើម្បី សម្រួលធុរកិច្ច និងពាណិជ្ជកម្ម សំដៅជំរុញសន្ទុះនៃកំណើនសេដ្ឋកិច្ច។
៣- ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើ ការកសាង និង ការពង្រីកហេដ្ឋារចនាសម្ព័ន្ធឌីជីថល រួមមាន៖ ការតភា្ជប់ ឌីជីថល និង ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងក្លាដ ឬ មជ្ឈមណ្ឌលទិន្នន័យ សំដៅ ពង្រឹងគុណភាព និង ប្រសិទ្ធភាព នៃបណ្តាញតភ្ជាប់ឌីជីថល, ការចែករំលែកព័ត៌មាន និង ការផ្តល់សេវាទូរគមនាគមន៍។
៤- ការកសាងភាពជឿទុកចិត្តលើប្រព័ន្ធឌីជីថល ដែលមានគោលដៅយុទ្ធសាស្ត ផ្តោតលើការកសាងភាពជឿទុកចិត្តលើប្រព័ន្ធឌីជីថល តាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងយន្តការស្ថាប័នសន្តិសុខ ឌីជីថល, និងការលើកកម្ពស់ការយល់ដឹងអំពីសន្តិសុខឌីជីថលដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ឱ្យបានទូលំទូលាយ
៥- ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយចាប់យកកាលានុវត្តភាព និង ទាញយកអត្ថប្រយោជន៍ជា អតិបរមា ពីបច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ, រក្សាស្ថិរភាពវិស័យ ហិរញ្ញវត្ថុ, និងជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ តាមរយៈការអនុវត្តគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨៕
Comment