កំពង់ឆ្នាំង៖ ក្នុងពិធីជួបសំណេះសំណាលកម្មករ កម្មការិនី នៅរោងចក្រ សហគ្រាស នៅស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ជាលើកទី២ ប្រមាណ ២ម៉ឺននាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្នើសុំឱ្យម្ចាស់បុរីបញ្ចប់ ការរឹបអូសផ្ទះអតិថិជន និងរៀបចំការបង់ប្រាក់រំលោះឡើងវិញ។
ខាងលើនេះ ជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅព្រឹកថ្ងៃសុក្រ ៦រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសនៅរោងចក្រ សហគ្រាស នៅស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា "ស្នើសុំម្ចាស់បុរីទាំងអស់ផ្តល់ការយោបយល់ ក្នុងពេលដែលវិបត្តិកូវីដ-១៩ បានមកដល់ធនាជាតិ ក៏ដូចស្ថាប័នមីក្រូហិរញ្ញវត្ថុ បានរៀបចំឥណទានឡើងវិញហើយរាប់សែនគណនី គឺការរៀបចំគណនីឡើងវិញ ឧទាហរណ៍រយៈពេលសង ៥ឆ្នាំ គាត់អាចបន្ថយរយៈពេលសងទៅជារយៈ៧ ឬ៨ឆ្នាំ ឬគាត់អាចយករបស់ដាក់បញ្ចាំ ឧទាហរណ៍តម្លៃដាក់បញ្ចាំបានតែ ៣ម៉ឺនដុល្លារទេ អញ្ចឹងដើម្បីបន្ថែមដើមទុនសម្រាប់រកស៊ីគេពង្រីកទំហំរបស់បញ្ចាំទៅជា ៥ម៉ឺនដុល្លារ ប៉ុន្តែឥឡូវនេះបញ្ហានៅត្រង់តាមបុរីនានាកិច្ចសន្យាពិតជាមានហើយតាមរយៈអ្នកលក់ និងអ្នកទិញដោយបង់រំលោះ បង់រំលោះរថយន្តមានកិច្ចសន្យា ជាពិសេសបង់រំលោះផ្ទះតែម្តង"។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា "ស្នើសុំឲ្យម្ចាស់បុរីទាំងអស់មេត្តាយោបយល់ចំពោះការលំបាករបស់អ្នកធ្លាប់មានប្រាក់ចំណូលខ្ពស់ ប៉ុន្តែប្រាក់ចំណូលវាធ្លាក់ អញ្ចឹងគប្បីរៀបចំឥណទានឡើងវិញ ដូចជា ត្រូវបង់រំលោះក្នុងរយៈពេល១៥ឆ្នាំ ដោយក្នុងមួយខែបង់ ៥០០ដុល្លារ អញ្ចឹងយើងផ្តូរទៅជាបង់ក្នុងរយៈពេល ២០ឆ្នាំ បន្ថយមកបង់ត្រឹមក្នុងមួយខែ ៤០០ឬ៣៥០ដុល្លារ ធ្វើដូច្នេះចៀសវាងការរឹបអូសដែលជារឿងឈឺចាប់មួយរបស់អ្នកទិញ ម្ចាស់បុរីអត់មានអីខាតទេ ថៅកែមានតែចំណេញវិញទេ ការប្រាក់នៅតែការប្រាក់ដដែល"។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា អញ្ចឹងស្នើសុំក្រុមហ៊ុនអចលនទ្រព្យ ដូចជា លោកឧកញ្ញា លី ហួរ ជាប្រធានសមាគមអចលនទ្រព្យកម្ពុជា ធ្វើការលើរឿងនេះ ជាមួយសមាជិកសមាគម និងម្ចាស់បុរីនានា។ កុំថាអត់បានបង់ខែហ្នឹងរឹមអូសខែហ្នឹង បើធ្វើបែបនេះវាគ្រោះថ្នាក់ធំសេដ្ឋកិច្ចកម្ពុជានឹងដើរដល់ដំណាក់កាលមួយគ្រោះថ្នាក់ជាពិសេសអ្នកបង់រំលោះ ព្រោះផ្ទះត្រូវបានគេរឹបអូស ឧទាហរណ៍ផ្ទះតម្លៃ ៧ម៉ឺនដុល្លារ បង់បាន ៥ម៉ឺនដុល្លារ ស្រាប់តែមិនបានបង់ក្នុងមួយរយះពេលគេរឹបអូស អញ្ចឹង ៥ម៉ឺនដុល្លារក៏បាត់ ផ្ទះក៏គេរឹបអូសវាជាការឈឺចាប់សម្រាប់អ្នកទិញ ហើយរាជរដ្ឋាភិបាលត្រូវតែគាំពារ៌ទាំងសងខាង។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា "ម្ចាស់បុរីដែលលក់ផ្ទះអត់មានអីខាតទេគ្រាន់តែពន្យាការបង់ប្រាក់ សងនៅតែសងដដែល"៕
Comment