• Today: November 21, 2024

សម្តេចតេជោ ហ៊ុន សែន សូមបន្តអំពាវនាវប្រទេសជាសមាជិកអង្គការ NATO និងប្រទេសហត្ថលេខី ចូលរួមទប់ស្កាត់អាមេរិកកុំឲ្យផ្តល់គ្រាប់បែកចង្កោមឲ្យទៅអ៊ុយក្រែន ដើម្បីធ្វើសង្គ្រាមជាមួយរុស្ស៊ី

     ភ្នំពេញ៖  សម្តេចតេជោ ហ៊ុន សែន សូមបន្តអំពាវនាវដល់ប្រទេសជាសមាជិកអង្គការ NATO នឹងប្រទេសសម្ព័ន្ធមិត្តអាមេរិកមួយចំនួន ចូលរួមទប់ស្កាត់ឲ្យខានតែបានទៅដល់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីអ៊ុយក្រែន កុំឲ្យប្រើប្រាស់គ្រាប់បែកចង្កោមដែលជាអាវុធដ៏សាហាវបំផុត នៅក្នុងសង្រាមជាមួយរុស្ស៊ី។ 

   នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរលើបណ្តាញ Twitter ថា “ក្នុងនាមខ្ញុំប្រមុខរាជរដ្ឋាភិបាលកម្ពុជា សូមបន្តអំពាវនាវដល់ប្រទេសជាសមាជិកអង្គការ NATO នឹងប្រទេសសម្ព័ន្ធមិត្តអាមេរិកមួយចំនួន ដូចជាចក្រភពអង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ កាណាដា ដែលសុទ្ធសឹងតែជាប្រទេសហត្ថលេខីនៃ អនុសញ្ញាហាមឃាត់គ្រាប់បែកចង្កោម សូមមានភាពទទួលខុសត្រូវ និងចូលរួមទប់ស្កាត់ឲ្យខានតែបាន ទៅដល់ប្រធានាធិបតីអាមេរិក ចូ បៃដិន និងប្រធានាធិបតីអ៊ុយក្រែន កុំឲ្យប្រើប្រាស់អាវុធដ៏កាចសាហាវនេះ”។ 

   ការអំពាវនាវរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បន្ទាប់ពីមានការផ្សាយព័ត៌មានយ៉ាងច្រើនផ្សាយថា “សហរដ្ឋអាមេរិកនឹងផ្តល់គ្រាប់បែកចង្កោមឲ្យទៅអ៊ុយក្រែនដើម្បីប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី”។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំឭកថា “បទពិសោធន៍ឈឺចាប់របស់កម្ពុជាដែលទទួលការទម្លាក់គ្រាប់បែកចង្កោមពីអាមេរិកនាដើមទស្សវត្សរ៍១៩៧០ មកដល់ពេលនេះ ជាងកន្លះសតវត្សរ៍ហើយនៅមិនទាន់រកវិធីបំផ្លាញចោលអស់នៅឡើយ”៕ 

Tags

Comment