• Today: November 21, 2024

លោក បណ្ឌិត ហ៊ុន ម៉ាណែត ៖ កម្ពុជា គឺជាប្រទេសប្រជាធិបតេយ្យសេរីពហុបក្ស ដោយមានគណបក្សនយោបាយច្រើនចូលរួមនៅក្នុងការប្រកួតប្រជែង ហើយប្រជាពលរដ្ឋជាម្ចាស់ប្រទេសមានសិទ្ធិជ្រើសរើសអ្នកដឹកនាំរបស់ខ្លួនតាមរយៈការបោះឆ្នោត

 

ខេត្តក្រចេះ ៖ កម្ពុជា គឺជាប្រទេសប្រជាធិបតេយ្យសេរីពហុបក្ស ដោយមានគណបក្សនយោបាយច្រើនចូលរួមនៅក្នុងការប្រកួតប្រជែង ហើយប្រជាពលរដ្ឋជាម្ចាស់ប្រទេសមានសិទ្ធិជ្រើសរើសអ្នកដឹកនាំរបស់ខ្លួនតាមរយៈការបោះឆ្នោត។ នេះជាសម្រង់ប្រសាសន៍សំខាន់ៗរបស់ លោក បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣ ។ 


លោក បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ៖ កម្ពុជា គឺជាប្រទេសប្រជាធិបតេយ្យសេរីពហុបក្ស ដោយមានគណបក្សនយោបាយច្រើនចូលរួមនៅក្នុងការប្រកួតប្រជែង ហើយប្រជាពលរដ្ឋជាម្ចាស់ប្រទេសមានសិទ្ធិជ្រើសរើសអ្នកដឹកនាំរបស់ខ្លួនតាមរយៈការបោះឆ្នោត។ ជាក់ស្តែង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅនេះ ពិតជាបានដំណើរការដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាសអព្យាក្រឹត សន្តិសុខ របៀបរៀបរយ និងគ្មានអំពើហិង្សា ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋខ្មែរប្រមាណជាង ៨០ % នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយគណបក្សនយោបាយទាំង ១៧ ក៏មានឱកាសពេញលេញក្នុងការធ្វើសកម្មភាពស្របតាមបទប្បញ្ញត្តិច្បាប់ ដើម្បីស្វែងរកការគាំទ្រពីប្រជាពលរដ្ឋ។ ទាំងនេះ ពិតជាបានបង្ហាញអំពីភាពចាស់ទុំ និងភាពម្ចាស់ការនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំងជាការឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា នៅក្នុងការអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។
លោក បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ ថា : ជាង ៤៤ ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សដែលមានភាពត្រឹមត្រូវខាងនយោបាយ, មានការគាំទ្រពេញទំហឹងពីប្រជាជន, មានរចនាសម្ព័ន្ធចាត់តាំងពីលើដល់ក្រោម និងមានធនធានមនុស្សប្រកបដោយគុណធម៌ សមត្ថភាព សាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ និងរបៀបរបបធ្វើការច្បាស់លាស់ សំដៅធ្វើយ៉ាងណារក្សានូវនិរន្តរភាពយូរអង្វែងសម្រាប់អនាគតនៃជាតិ និងប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ជាប្រមុខដឹកនាំ ក៏នឹងនៅបន្តប្រកាន់ខ្ជាប់នូវគោលការណ៍សាមគ្គីប្រជាជាតិទាំងមូលដោយមិនរើសអើង នៅក្រោមដំបូលរដ្ឋធម្មនុញ្ញ និងអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈ ដើម្បីការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីឱ្យបានគង់វង្ស ព្រមជាមួយនឹងការបន្តការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យមានការរីកចម្រើនប្រកបដោយភាពសុខដុមរមនា ដូចអារ្យប្រទេសនានានៅក្នុងតំបន់ ជាពិសេសគ្មានការកើតឡើងវិញជាថ្មីនូវអំពើប្រល័យពូជសាសន៍ សង្គ្រាម និងការបែកបាក់ផ្ទៃក្នុងជាតិ ដូចដែលធ្លាប់កើតមានទ្បើងក្នុងពេលអតីតកាល។
លោក បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា  : ក្នុងនាមជាសកម្មជនយុវជនគណបក្ស ដែលជាជំនួយការរបស់គណបក្សក្នុងការបំផុសចលនាយុវជនឱ្យគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស គឺចំពោះមុខនេះ យើងត្រូវចូលរួមចំពេញភារកិច្ចមួយចំនួន ជាអាទិ៍៖ ទី១. ជំរុញ និងផ្សព្វផ្សាយដល់ប្រជាជនឱ្យចេញទៅបោះឆ្នោតឱ្យបានច្រើនបំផុត ដើម្បីអនុវត្តសិទ្ធិជ្រើសរើសអ្នកដឹកនាំ និងការពារលិទ្ធិប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា និងទី២. ខិតខំពន្យល់ និងណែនាំប្រជាជនឱ្យយល់ច្បាស់អំពីវិធីសាស្ត្រក្នុងការគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីក្លាយជាសន្លឹកឆ្នោតបានការក្នុងការគាំទ្រគណបក្សដែលខ្លួនពេញចិត្ត ស្របតាមការសម្រេចចិត្តរបស់ខ្លួនក្នុងបន្ទប់សម្ងាត់ ៕

Tags

Comment