• Today: November 21, 2024

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា៖ កម្មវិធីគោលនយោបាយ ជាអាទិភាពទាំង៦ ដែលនឹងត្រូវបានដាក់ឱ្យចាប់ផ្តើមអនុវត្តភ្លាមៗ នៅក្នុងឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំរដ្ឋសភា នីតិកាលទី៧ នៃថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានសន្យា និងធ្វើការប្តេជ្ញាជាឱឡារិក ជូនបងប្អូនជនរួមជាតិទូទាំងប្រទេសថា [ខ្ញុំនឹងប្តូរផ្តាច់ដឹកនាំស្ថាប័ននីតិប្រតិបត្តិរបស់ជាតិ ធានាអនុវត្តឱ្យបានសម្រេចជោគជ័យ នូវ «កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល» ដែលជាការសន្យារបស់គណបក្សប្រជាជនកម្ពុជា ជូនដល់ប្រជាពលរដ្ឋ នៅមុនការបោះឆ្នោត ហើយដែលខ្ញុំបានដាក់ជូនអង្គរដ្ឋសភាដ៏ ឧត្តុង្គឧត្តមនាពេលនេះ ពិសេសដោយផ្តោតការយកចិត្តទុកដាក់លើ កម្មវិធីគោលនយោបាយ ជាអាទិភាពទាំង ៦ ដែលនឹងត្រូវបានដាក់ឱ្យចាប់ផ្តើមអនុវត្តភ្លាម នៅក្នុងឆ្នាំ២០២៣]។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា កម្មវិធីគោលនយោបាយ ជាអាទិភាពទាំង ៦ ដែលនឹងត្រូវបានដាក់ឱ្យចាប់ផ្តើមអនុវត្តភ្លាម នៅក្នុងឆ្នាំ២០២៣ រួមមានដូចខាហក្រោម៖
១- ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។
២- ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស ជូនដល់យុវជនមកពី គ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស។
៣- ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន។
៤- ការដាក់ចេញ និងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធ គាំពារសង្គមផ្លូវការ។
៥- ការដាក់ចេញនូវយន្តការសម្របសម្រួល និង កម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ។
៦- ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស និងការរៀបចំឱ្យមានសមាគមកសិករ នៅតាមទីជនបទ។

ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើការអំពាវនាវដល់អង្គរដ្ឋសភាទាំងមូល និងតាមរយៈរដ្ឋសភា ជនរួមជាតិកម្ពុជាគ្រប់ស្រទាប់ ទាំងនៅក្នុង និង ក្រៅប្រទេស មន្ត្រីគ្រប់ជាន់ថ្នាក់ នៅតាមបណ្តាក្រសួង និងស្ថាប័ននានា នៃអង្គនីតិប្បញ្ញត្តិ អង្គនីតិប្រតិបត្តិ អង្គតុលាការ កងកម្លាំងប្រដាប់អាវុធគ្រប់ ប្រភេទ និងស្ថាប័នថ្នាក់ក្រោមជាតិ គ្រប់លំដាប់ថ្នាក់ ព្រមទាំងដៃគូ និងតួអង្គអភិវឌ្ឍន៍ទាំងអស់ ដែលក្នុងនោះរួមមាន ដៃគូទ្វេភាគី និងពហុភាគី វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល មេត្តាផ្ដល់នូវការគាំទ្រយ៉ាងពេញទំហឹង និងចូលរួមអនុវត្តយ៉ាងសកម្ម នូវ «កម្មវិធី នយោបាយ» នេះ ឱ្យទៅជាចលនារួមដ៏ខ្លាំងក្លា ប្រកបដោយជវភាព សំដៅសម្រេចឱ្យបាននូវជោគជ័យជាផ្លែផ្កា សម្រាប់ជាឧត្តមប្រយោជន៍ជូនប្រជាជនកម្ពុជា ។ 

ក្នុងស្មារតីនេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងដាក់ចេញ ព្រមទាំងនឹងជំរុញអនុវត្តឱ្យបានជោគជ័យនូវ «យុទ្ធសាស្តបញ្ចកោណដំណាក់កាលទី១» ដែលជារបៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ចនៃ «កម្មវិធីនយោបាយ» នេះ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភាផងដែរ៕


Tags

Comment