• Today: November 21, 2024

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៖ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមប្រកបដោយភាពជោគជ័យ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ការសម្រេចចិត្តរបស់សម្ដេច គឺត្រឹមត្រូវចំពោះការមិនគិតថ្លៃសំបុត្រ និងការផ្សព្វផ្សាយពីបណ្ដាញផ្សព្វផ្សាយនានា រួមជាមួយនឹងការផ្ដល់ការឧបត្ថម្ភដល់ប្រតិភូកីឡា និងកីឡាករដោយមិនគិតថ្លៃ» ដែលនាំឱ្យកម្ពុជាបានធ្វើជាម្ចាស់ផ្ទះការប្រកួតស៊ីហ្គេមប្រកបដោយភាពជោគជ័យបំផុត។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃគ្រឹះស្ថានឧត្តមសិក្សាកសិកម្មចំនួន០៣ ដែលក្នុងនោះរួមមាន សាកលវិទ្យាល័យភូមិន្ទកសិកម្ម ,វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ដែលសរុបទាំងអស់ចំនួន ៣២៧៩នាក់ នារី១ ៣១៩នាក់ ស្មើនឹងជាង៤០% ដែលបានបញ្ចប់ការសិក្សាតាមជំនាញរបស់ខ្លួនដោយជោគជ័យ ក្នុងឆ្នាំ២០១៩ , ២០២០ ,២០២១ និងឆ្នាំ២០២២ ដែលពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នេះ។ 

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម នៅសល់តែ ២ថ្ងៃទៀតត្រូវបញ្ចប់ហើយកម្ពុជាបានធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមប្រកបដោយភាពជោគជ័យ។ សម្ដេចតេជោបានបន្ថែមទៀតថា ការសម្រេចចិត្តរបស់សម្ដេច គឺត្រឹមត្រូវចំពោះការមិនគិតថ្លៃសំបុត្រ និងការផ្សព្វផ្សាយពីបណ្ដាញផ្សព្វផ្សាយនានា រួមជាមួយនឹងការផ្ដល់ការឧបត្ថម្ភដល់ប្រតិភូកីឡា និងកីឡាករដោយមិនគិតថ្លៃ។ 

សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃនេះ ក៏បានប្រកាសថា ក្រោយបញ្ចប់ការប្រកួតស៊ីហ្គេម សម្តេចអនុញ្ញាតឱ្យកីឡាករ កីឡាការិនី និងប្រតិភូកីឡាដែលមកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមទាំងអស់អាចចូលទស្សនានៅប្រសាទអង្គរវត្តរបស់កម្ពុជា ដោយគ្មានការលក់សំបុត្រឡើយ ប៉ុន្តែសម្រាប់អ្នកគាំទ្រកីឡាករ កីឡាការិនី គឺត្រូវតែទិញសំបុត្រមិនហ្វ្រីទេ។ 

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «យើងពិតជាមានមោទនភាព ចំពោះការដឹកនាំរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធាន CAMSOC ដែលបានដឹកនាំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាពេលនេះប្រកបដោយជោគជ័យ»។ សម្ដេចតេជោ ក៏បានកោតសរសើរដល់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានគិតគូរ ចាត់ចែងយ៉ាងល្អក្នុងការសន្សំថវិការៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះបានយ៉ាងល្អប្រសើរផងដែរ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានបង្ហាញដោយក្តីមោទនភាព ចំពោះការខិតខំប្រកួតរបស់កីឡាករ កីឡាការិនីកម្ពុជា ដែលបានប្រឹងប្រែងដើម្បីទទួលបាននូវមេដាយមាសជាច្រើន ធ្វើឱ្យកម្ពុជាឈានឡើងមួយកម្រិតទៀត ក្នុងវិស័យកីឡានៅក្នុងតំបន់ ក្នុងនោះក៏មានប្រភេទកីឡាមួយចំនួនអាចឈានទៅរកមេដាយមាសជាប្រវិត្តិសាស្រ្ដលើកដំបូងជូនជាតិក្នុងឱកាសព្រឹត្តិការណ៍កីឡានេះផងដែរ កីឡាហែលទឹក និងរត់ប្រណាំង។

សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអរគុណដល់សមត្ថកិច្ច និងអាជ្ញាធរដែនដី ប្រជាពលរដ្ឋ កីឡាករ កីឡាការិនី សិល្បករសិល្បការិនីគ្រប់ទម្រង់ ក្រុមយុវជនស្ម័គ្រចិត្ត និងភាគីពាក់ព័ន្ធ ដែលបានចូលរួមគ្រប់រូបភាព គ្រប់ផ្នែក គ្រប់សកម្មភាព ធ្វើឱ្យព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ អាចដំណើការរៀបចំទៅដោយជោគជ័យ និងមានមោទនភាពជាតិបំផុតជាប្រវត្តិសាស្រ្ដនេះ។

សូមជម្រាបផងដែរថា ការរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នេះ កម្ពុជាធ្វើជាម្ចាស់ផ្ទៃបានចំណាយថវិកាប្រមាណ១១៨លានដុល្លារ៕

Tags

Comment