ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលថ្មី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ បានថ្លែងគូសបញ្ជាក់អំពីការធានា ៥យ៉ាង របស់រាជរដ្ឋាភិបាល ជូនដល់បងប្អូនជនរួមជាតិយើងទាំងអស់ តាមរយៈការដឹកនាំអនុវត្ត «កម្មវិធីនយោបាយ» នេះ សម្រាប់ដំណើរទៅមុខរបស់កម្ពុជា នៅក្នុង នីតិកាលទី ៧ នៃរដ្ឋសភា។
តាមរយៈសុន្ទរកថាកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំរដ្ឋសភា នីតិកាលទី៧ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ ការអនុវត្ត «កម្មវិធីនយោបាយ» រួមមាន៖
ទី១- ការធានាការពារឱ្យបានជាដាច់ខាត នូវសន្តិភាព ស្ថិរភាព សន្តិសុខ និង សុវត្ថិភាព សម្រាប់ការរស់នៅដោយក្សេមក្សាន្តរបស់ប្រជាជន នៅគ្រប់ទិសទីក្នុងផ្ទៃប្រទេស ព្រមទាំងការការពារឯករាជ្យ អធិបតេយ្យ និង បូរណភាពទឹកដី ឱ្យបានគង់វង្សចីរកាល មិនឱ្យកម្លាំងណាមកបំពាន ឬបំផ្លាញបានឡើយ។
ទី២- ការធានាបន្តជំរុញអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ក្នុងគ្រប់វិស័យ ដោយផ្តោតអាទិភាពលើ ការកែទម្រង់អភិបាលកិច្ច សំដៅពង្រឹងស្ថាប័នសាធារណៈ ដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និង ស្អាតស្អំ រួមបញ្ចូលផងដែរ នូវការពង្រឹងគោលការណ៍នីតិរដ្ឋ និងការពង្រឹងយុត្តិធម៌ក្នុងសង្គម ព្រមទាំងការបង្កើនប្រសិទ្ធភាព និងការលើកកម្ពស់គុណភាពសវាសាធារណៈ ការពង្រឹងបរិស្ថានម៉ាក្រូសេដ្ឋកិច្ច ដែលមានស្ថិរភាពរឹងមាំធន់នឹងវិបត្តិ និងទ្រទ្រង់ដល់កំណើនខ្ពស់ប្រកបដោយចីរភាព បរិយាប័ន្ន និង សមធម៌ ការបន្តផ្តល់អាទិភាពខ្ពស់ ទៅលើការវិនិយោគលើមូលធនមនុស្ស ដោយផ្តោតលើការកែទម្រង់វិស័យអប់រំ និងវិស័យសុខាភិបាល ការលើកកម្ពស់ និងការបង្កើនការវិនិយោគ ទាំងការវិនិយោគសាធារណៈ ទាំងការវិនិយោគឯកជន លើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ទាំងផ្នែករឹង ទាំងផ្នែកទន់ ដើម្បីបង្កើនភាពទាក់ទាញ និងគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច ក៏ដូចជាបម្រើដល់សេចក្តីត្រូវការគ្រប់ ផ្នែករបស់ប្រជាជន ការយកចិត្តទុកដាក់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង ការបង្កើតបរិយាកាសអំណោយផលដល់សហគ្រាសធុនមីក្រូ តូច និង មធ្យម និង ធុរកិច្ចថ្មី ឱ្យរីកលូតលាស់ ការលើកកម្ពស់ភាពជាដៃគូរវាងរដ្ឋ និង វិស័យឯកជន ការបង្កើនភាពស៊ីជម្រៅ និងការពង្រឹងភាពធន់ហិរញ្ញវត្ថុ ព្រមទាំងការពង្រីកបរិយាប័ន្នហិរញ្ញវត្ថុ រួមបញ្ចូលនូវការរៀបចំ និងការកែលម្អក្របខ័ណ្ឌ និងយន្តការហិរញ្ញប្បទាន ព្រមទាំងការធ្វើពិធីកម្មផលិតផល និងសេវាហិរញ្ញវត្ថុ សំដៅរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ច និងការវិនិយោគ និង ការជំរុញធ្វើបរិវត្តកម្មឌីជីថល ទាំងក្នុងសង្គម និង សេដ្ឋកិច្ច ។ល។
ទី៣- ការធានាបន្តជំរុញលើកកម្ពស់ និងកែលម្អជីវភាពរបស់ប្រជាជន តាមរយៈការផ្តល់ជូនដល់ស្រទាប់យុវជន នូវការអប់រំ និងការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ ប្រកបដោយ គុណភាព ព្រមជាមួយនឹងឱកាសទទួលបានការងារធ្វើ ការជួយកសិករក្នុងការពង្រីកផលិតកម្ម និង ការរកទីផ្សារលក់កសិផលដោយថ្លៃសមរម្យ ការបន្តដំឡើងប្រាក់ឈ្នួលអប្បបរមា និង ប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ព្រមជាមួយនឹងការកែលម្អលក្ខខណ្ឌការងារ និង ការការពារអាជីពជូនកម្មករ-និយោជិត ការបន្តដំឡើងបៀវត្សអប្បបរមា និង ប្រាក់សោធននិវត្តន៍ ជូនមន្ត្រីរាជការសាធារណៈគ្រប់ប្រភេទ ព្រមទាំងនិវត្តជន និង អតីតយុទ្ធជន គួបផ្សំជាមួយ នឹងការរៀបចំប្រព័ន្ធបៀវត្ស និង ប្រព័ន្ធលើកទឹកចិត្ត ក្នុងវិស័យសាធារណៈ ឱ្យកាន់តែមាន ប្រសិទ្ធភាព និង ភាពគ្រប់ជ្រុងជ្រោយ ដោយផ្អែកលើគុណាធិបតេយ្យ សំដៅលើកកម្ពស់ ផលិតភាពការងារ សមិទ្ធកម្ម និង ជីវភាពមន្ត្រីសាធារណៈ ឱ្យមានសង្គតិភាព ជាមួយកំណើន សេដ្ឋកិច្ច និងលទ្ធភាពនៃថវិកាជាតិ ។ល។
ទី៤- ការធានានូវសុវត្ថិភាពសង្គម និងលំនឹងក្នុងការរស់នៅរបស់ប្រជាជន, ទាំងនា បច្ចុប្បន្ន ក៏ដូចជាទៅអនាគត, តាមរយៈការអភិវឌ្ឍ និង ការពង្រឹងប្រព័ន្ធគាំពារសង្គម, ដែលរួម បញ្ចូលនូវ របបជំនួយសង្គម និង របបសន្តិសុខសង្គម, ប្រកបដោយប្រសិទ្ធភាព និង ចីរភាព ដែលជួយគាំពារប្រជាជនគ្រប់រូប, ជាពិសេស គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និង គ្រួសារងាយរងហានិភ័យ, ពីគ្រោះអាសន្ន និង វិបត្តិនានា ដោយមិនទុកឱ្យប្រជាជនណាម្នាក់ទទួលរង គ្រោះដោយមិនមានការយកចិត្តទុកដាក់នោះឡើយ ។
ទី៥- ការធានាបង្កើនការយកចិត្តទុកដាក់ដល់ ចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ការកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈ ការប្រើប្រាស់ឱ្យបានប្រសើរបំផុត នូវ ផលលាភប្រជាសាស្ត្រ និង ការពង្រឹងភាពធន់នៃប្រជាសាស្ត្រ របស់កម្ពុជា; ការលើកកម្ពស់ សមភាពយេនឌ័រ; ការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយចីរភាព; ការខិតខំបង្កើនហិរញ្ញប្ប-ទានចីរភាព សំដៅជំរុញការវិនិយោគបៃតង និង សេដ្ឋកិច្ចបៃតង; ការជំរុញការវិនិយោគ សាធារណៈ ដែលមានភាពធន់នឹងអាកាសធាតុ និង មានការបញ្ចេញកាបូនទាប; និង ការធានា ចីរភាពបរិស្ថាន ព្រមទាំងការត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបទៅនឹងបញ្ហានៃការប្រែប្រួល អាកាសធាតុ៕
Comment