• Today: November 21, 2024

ទស្សនៈនយោបាយ! ការប្រកាសលាឈប់ពីតំណែងជានាយករដ្ឋមន្ត្រី របស់សម្តេចតេជោ ហ៊ុន សែន គឺជាការលះបង់ដ៏ធំ ដើម្បីធានាសេចក្តីសុខសាន្តរបស់ជាតិ

ភ្នពេញ៖ សម្តេចតេជោ ហ៊ុន សែន ជារដ្ឋបុរសរបស់កម្ពុជាយ៉ាងពិតប្រាកដ ដែលបានតស៊ូពលិកម្មសព្វបែបយ៉ាង និងឆ្លងកាត់ឧបសគ្គធំៗរាប់មិនអស់ក្នុងសមរភូមិយោធា នយោបាយ និងការទូត ជាពិសេស គឺការយកអាយុជីវិតធ្វើជាដើមទុន ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនឱ្យបានផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងស្វែងរកបាននូវសុខសន្តិភាពយ៉ាងពេញលេញសម្រាប់មាតុភូមិកម្ពុជាដ៏កំសត់។ 
   ការធានាបាននូវសុខសន្តិភាព គឺមិនមែនជារឿងចៃដន្យងាយៗពេកនោះទេ គឺសម្តេចតេជោ បានប្រឹងប្រែងស្តារកសាង ភិវឌ្ឍប្រទេសជាជំហានៗ ក្នុងនោះមានទាំងយុទ្ធសាស្ត្រ «ជំហានគីង្គក់» ក៏មាន ទម្រាំប្រទេសជាតិមួយនេះបានស្គាល់នូវភាពរុងរឿង សម្បូរសប្បាយ ថ្កុំថ្កើងដូចសព្វថ្ងៃ។ 
   ក្នុងតំណែងជានាយករដ្ឋមន្ត្រីរយៈពេលយូរជាងគេ រហូតដល់ជាង ៣៨ឆ្នាំ សម្តេចតេជោ ហ៊ុន សែន គឺជាប្រមុខដឹកនាំប្រទេសដែលប្រកបដោយមហាគុណធម៌បំផុត។ ក្នុងប្រវត្តិសាស្ត្រជាង ៥០០ឆ្នាំ ចុងក្រោយ មកដល់យុគសម័យតេជោសែន គ្មានមេដឹកនាំណាមួយដែលដឹកនាំជាតិ មាតុភូមិធានាបាននូវសុខសន្តិភាព និងរក្សាបាននូវស្ថិរភាពនយោបាយរឹងមាំ និងសុខចិត្តលះបង់អំណាច ដើម្បីការពារសុខសន្តិភាព យូរអង្វែងដូចសម្តេចតេជោ ហ៊ុន សែន ឡើយ។ 
  សម្តេចតេជោ ហ៊ុន សែន ប្រកាសលាឈប់ពីតំណែងជានាយករដ្ឋមន្ត្រី គឺជាការលះបង់ដ៏ធំ ដើម្បីធានាសេចក្តីសុខសាន្តរបស់ជាតិ។ នេះហើយ ជាបេះដូង និងជាមហាគុណតម្លៃដ៏ធំធេងកាត់ថ្លៃពុំបាន ក្នុងនាមជារដ្ឋបុរស និងជាអគ្គមគ្គុទេសក៍ឯករបស់កម្ពុជា គឺ «សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាព និងជាបិតាឯកភាពជាតិខ្មែរ»៕

Tags

Comment