• Today: December 22, 2024

កសិករចិញ្ចឹមត្រីឆ្ពង់១០គ្រួសារដាក់ពាក្យប្ដឹងក្រុមហ៊ុន Kubon cambodia biotechnologyទាមទារសំណង់ដែលក្រុមហ៊ុនបង្ហូរកាកសំណល់ជាតិពុលធ្វើឲ្យងា…ប់ត្រីរបស់ពួកគាត់ ខាតបង់ទឹកប្រាក់រាប់ម៉ឺនដុល្លារ


ខេត្តព្រះសីហនុ÷    ពលរដ្ឋដែលជាកសិករចិញ្ចឹមត្រីឆ្ពង់១០គ្រួសារមានទីលំនៅភូមិកំពង់ស្មាច់តូច ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានប្រមូលផ្ដុំគ្នាធ្វើពាក្យបណ្ដឹងដាក់ទៅសាលាស្រុកព្រៃនប់កាលពីរសៀលថ្ងៃទី៥ខែមិថុនាឆ្នាំ ២០២៣សុំកិច្ចអន្តរាគមន៍ពីលោកអភិបាលស្រុកព្រៃនប់ដើម្បីទាមទារឲ្យក្រុមហ៊ុន Kubon cambodia biotechnology( គូបុ៑ន ខេមបូឌា បាយតិចនូឡូជី )ដែលបានបង្ហូរកាកសំណល់ជាតិពុលពីរោងចក្រស្បែកគោរបស់ខ្លួនហូរចូលទៅក្នុងដៃព្រែកកំពង់ស្មាច់កន្លែងដែលពួកគាត់ចិញ្ចឹមត្រីឆ្ពង់ធ្វើឲ្យត្រីឆ្ពង់របស់គាត់ងាប់ខ្ទិចខ្ទីគ្មានសេសសល់នោះឡើយ។


មុនពេលដាក់ពាក្យប្ដឹងប្រជាកសិករទាំងនោះបានប្រមូលផ្ដុំគ្នានៅមុខសាលាស្រុកព្រៃនប់ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានយើងនិងសុំឲ្យអ្នកសារព័ត៌មានជួយផ្សព្វផ្សាយដើម្បីឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ពិសេសប្រមុខថ្នាក់ដឹកនាំបានជ្រាប។
ក្រោយពីបានដាក់ពាក្យបណ្ដឹងចូលទៅក្នុងសាលាស្រុកប្រជាកសិករទាំងនោះបានរាយការណ៍ប្រាប់មកអង្គភាពយើងថាអាជ្ញាធរស្រុកព្រមទទួលយកពាក្យបណ្ដឹងរបស់គាត់។ប៉ុន្តែមិនដឹងថ្ងៃណាអាជ្ញាធរបានដោះស្រាយជូនពួកគាត់នោះទេ។ក្នុងខ្លឹមសារពាក្យបណ្ដឹងបានសរសេរថា÷ យើងខ្ញុំជាប្រជាពលរដ្ឋរស់នៅភូមិកំពង់ស្មាច់តូច ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចំនួន១០ គ្រួសារ មានរាយនាមដូចខាងក្រោមដែលបានចិញ្ចឹមត្រីឆ្ពង់នៅចំណុចព្រែកកំពង់ស្មាច់អស់រយៈពេល៨ឆ្នាំកន្លងមកហើយដែលមាន២ទីតាំង ៖ 
-    ទីតាំងទី១-ស្ថិតក្នុងភូមិកំពង់ស្មាច់តូច ឃុំទឹកល្អក់ 
 -និងទីតាំងទី២ស្ថិតក្នុងភូមិសំរ៉ុងក្រោម ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
                   សូមគោរពចូលមក លោកអភិបាលនៃគណៈអភិបាលស្រុកព្រៃនប់
កម្មវត្ថុ:    សុំប្ដឹងក្រុមហ៊ុន Kubon cambodia biotechnology ( គូបុ៑ន ខេមបូឌា បាយអូតិចនូឡូជី ) មានទីតាំងស្ថិតនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបានបង្ហូរកាកសំណល់ជាតិពុលពីរោងចក្រស្បែកគោធ្វើឲ្យពុលត្រីឆ្ពុង់ពួកយើងខ្ញុំងាប់អស់ទាំងស្រុងគ្មានសេសសល់កាលពី ថ្ងៃទី២៣-២៤ខែឧសភាឆ្នាំ២០២៣កន្លងទៅ។ ហើយមកដល់ពេលនេះពុំមានការដោះស្រាយជាសំណងជូនដល់កសិករចិញ្ចឹមត្រីឆ្ពង់យើងខ្ញុំនៅឡើយ។
កសិករចិញ្ចឹមត្រីឆ្ពង់យើងខ្ញុំខាតបង់ថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ដោយសារក្រុមហ៊ុនខាងលើនេះបានបង្ហូរកាកសំណល់ជាតិពុលធ្វើឲ្យងាប់ត្រីកសិករដែលមានរាយនាមខាងក្រោម÷
១-លោកស្រី យុទ្ធ សុធា ងាប់ត្រីឆ្ពង់ធំចំនួន១២០០០ក្បាលគិតជាទឹកប្រាក់ចំនួន៤៨០០០ដុល្លា(បួនម៉ឺនប្រាំបីពាន់ដុល្លាសហរដ្ឋអាមេរិក)។
២-លោក អ៊ុន ណាត ងាប់ត្រីឆ្ពង់ធំចំនួន៧៩០០ក្បាលគិតជាទឹកប្រាក់ចំនួន៣១៦០០ដុល្លា(បីម៉ឺនមួយពាន់ប្រាំមួយរយដុល្លារសហរដ្ឋអាមេរិក)។
៣-លោក ហេង អ៊ូ ងាប់ត្រីឆ្ពង់ធំចំនួន៣០០០ក្បាលគិតជាទឹកប្រាក់ចំនួន១២០០០ដុល្លា(មួយម៉ឺនពីរពាន់ដុល្លាសហរដ្ឋអាមេរិក)។
៤-លោក យ៉ែម ឡាយ ងាប់ត្រីឆ្ពង់ធំចំនួន៥០០ក្បាលនិងតូចចំនួន៣៥០០ក្បាលសរុបទឹកប្រាក់ចំនួន៥៧០០ដុល្លា(ប្រាំពាន់ប្រាំពីររយហាសិបដុល្លាសហរដ្ឋអាមេរិក)។


៥-លោក កាវ នៅ ងាប់ត្រីឆ្ពង់តូចចំនួន២០០០ក្បាលសរុបទឹកប្រាក់២០០០ដុល្លា(ពីរពាន់ដុល្លាសហរដ្ឋអាមេរិក)។
៦-លោក គុយ គាន់ ងាប់ត្រីឆ្ពង់តូចចំនួន២៨០០ក្បាលសរុបទឹកប្រាក់២៨០០ដុល្លា(ពីរពាន់ប្រាំបីរយដុល្លាសហរដ្ឋអាមេរិក)។
៧-លោក ចន ភាព ងាប់ត្រីឆ្ពង់តូចចំនួន៦០០ក្បាលសរុបទឹកប្រាក់៦០០ដុល្លា(ប្រាំមួយរយដុល្លាសហរដ្ឋអាមេរិក)។
៨-លោក ចន ប៉ុយ ងាប់ត្រីឆ្ពុងតូចចំនួន៥០០ក្បាលសរុបទឹកប្រាក់ចំនួន៥០០ដុល្លា(ប្រាំរយដុល្លារសហរដ្ឋអាមេរិក)។
៩-លោក ផៃ សំណាង ងាប់ត្រីឆ្ពុងតូចចំនួន៨០០០ក្បាលសរុបទឹកប្រាក់ចំនួន៨០០០ដុល្លា(ប្រាំបីពាន់ដុល្លារសហរដ្ឋអាមេរិក)។
១០-លោក ផៃ វិចិត្រ ងាប់ត្រីឆ្ពង់តូចចំនួន៧០០០ក្បាលសរុបទឹកប្រាក់ចំនួន៧០០០ដុល្លា(ប្រាំពីរពាន់ដុល្លាសហរដ្ឋអាមេរិក)។
ពួកយើងខ្ញុំសូមជម្រាបជូនលោកអភិបាលថាកសិករចិញ្ចឹមត្រីយើងខ្ញុំបានចិញ្ចឹមត្រីនៅចំណុចនេះដោយខ្ចីបុលពីមីក្រូហិរញ្ញវត្ថុគ្រប់ៗគ្នាដើម្បីមកប្រកបអាជីវកម្មនៅទីនេះ។
ន័យដូចបានជម្រាបជូនខាងលើនេះនាងខ្ញុំ-ខ្ញុំបាទដែលជាប្រជាពលរដ្ឋកសិករចិញ្ចឹមត្រីឆ្គង់ដូចបានជម្រាបជូនខាងលើ សូមលោកអភិបាលនៃគណៈអភិបាលស្រុកព្រៃនប់មេត្តាជួយដោះស្រាយដល់កសិករយើងខ្ញុំ សូមឲ្យក្រុមហ៊ុនចេញមុខទទួលខុសត្រូវសងសំណងជាដាច់ខាតមកដល់កសិករយើងខ្ញុំដោយក្តីអនុគ្រោះផង។
ជុំវិញបញ្ហាខាងលើនេះលោក អ៊ី ធារិន អភិបាលនៃគណៈអភិបាលស្រុកព្រៃនប់បានប្រាប់អ្នកសារព័ត៌តាមទូរសព្ទកាលពីវេលាម៉ោង3:11នាទីល្ងាច ថ្ងៃទី06ខែមិថុនា ឆ្នាំ២០២៣នេះថា÷ ចំពោះពាក្យបណ្ដឹងដែលពលរដ្ឋប្ដឹងមកអាជ្ញាធរស្រុកគឺបានទទួលហើយ ប៉ុន្តែពាក់ព័ន្ធនឹងបច្ចេកទេសរឿងពុលបរិស្ថាន
គឺមានមន្ទីរបរិស្ថាននិងកសិកម្មដូចនេះប្រសិនបើមន្ទីរបរិស្ថានរកឃើញកំហុសរបស់ក្រុមហ៊ុនខាងមន្ទីរបរិស្ថាននឹងមានវិធានការពិន័យតាមច្បាប់។
លោកបង្ហើបបន្ថែមថាកន្លងមករោងចក្រខាងលើនេះខាងមន្ទីរបរិស្ថានធ្លាប់បានសោះទៅពិន័យម្ដងរួចហើយដែរ។ លោក សា មុតសុធារិទ្ធ ប្រធានមន្ទីរបរិស្ថានបានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាមកាលពីវេលាម៉ោង3:44នាទីល្ងាច ថ្ងៃទី6 ខែមិថុនា ឆ្នាំ២០២៣នេះថា÷ពេលពាក្យបណ្ដឹងទៅដល់ដៃអាជ្ញាធរលោកនឹងសហការជាមួយអាជ្ញាធរចុះទៅពិនិត្យទីតាំងខាងលើនេះ។
ដោយឡែកលោក អែមភា រដ្ឋបាលជលផលស្រុកព្រៃនប់ យើងមិនអាចសុំការបំភ្លឺពីលោកបានទេ ដោយលេខរបស់លោកត្រូវបានបិទ ចំណែកឯភាគីខាងក្រុមហ៊ុនគូប៉ុន រោងចក្រផលិតស្បែកគោ បានឲ្យអ្នកសារព័ត៌មានយើងដឹងនៅថ្ងៃទី6 ខែមិថុនាឆ្នាំ 2023 វេលាម៉ោង 4:14 នាទី នេះថា ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះភាគីខាងក្រុមហ៊ុនក៏បានដឹងហើយដែរ ។
លោកបញ្ជាក់បន្ថែមថា ក្រោយកើតហេតុ ខាងមន្ទីរពាក់ព័ន្ធលោកបានចុះមកពិនិត្យម្ដងហើយ។ ដូចនេះលោកក៏កំពុងរង់ចាំការធ្វើពិសោធន៍របស់អាជ្ញាធរថាតើរឿងងាប់ត្រីរបស់ប្រជាពលរដ្ឋខាងលើនេះមានការជាប់ពាក់ព័ន្ធហ្នឹងក្រុមហ៊ុនលោកដែរឬទេ។

 

Tags

Comment