ព្រៃវែង៖ យុវជនមួយក្រុមមានគ្នា ចំនួន ០៣នាក់ បានជួបជុំគ្នាផឹកស៊ីច្រៀងសប្បាយជាមួយគ្នា រហូតដល់បុរសម្នាក់ មានទំនាស់ពាក្យសម្ដី ដោយខឹងជនរងគ្រោះមិនឱ្យច្រៀង ក៏ទាញកាំបិទប៉័ងតោចាប់បណ្តាលឱ្យរងរបួសធ្ងន់ ភ្លាមៗនោះសមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យ ដើម្បីកសាងសំណុំរឿងបញ្ជូនសំណុំរឿងទៅតុលាការ។
ករណីអំហិង្សារកាប់ចាប់គ្នា បានកើតឡើងនៅវេលាម៉ោង ១៧ និង១៥នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្ទះឈ្មោះ ឥត ឃ្លី ស្ថិតក្នុងភូមិសាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។
នគរបាលបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ឡុង ឈីត ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ។ ចំណែកជនរងគ្រោះមានឈ្មោះ ពៅ វីរៈ ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិ-ឃុំជាមួយគ្នា បានរងរបួស ចំនួន ០៣កន្លែង ត្រង់ក្បាល ត្រង់ស្មា និងត្រចៀក។
នគរបាលខេត្តព្រៃវែង បានឱ្យដឹងថា មុនពេលកើតហេតុ ឈ្មោះ ឡុង ឈីត ជាជនសង្ស័យ, ឈ្មោះ ពៅ វីរៈ ជនរងគ្រោះ និងឈ្មោះ ឥត ឃ្លី ជាម្ចាស់ផ្ទះ បានជួបជុំគ្នាផឹកស៊ីជាមួយគ្នា និងច្រៀងលេងកម្សាន្តសប្បាយដោយយកទូរសព្ទរបស់ឈ្មោះ ឡុង ឈីត ជនសង្ស័យ មកចាក់បទច្រៀងដើម្បីច្រៀងលេង ពេលនោះជនសង្ស័យបានខឹងជនរងគ្រោះមិនឱ្យខ្លួនច្រៀង និងបានទាស់ពាក្យសម្តីគ្នាទើបជនសង្ស័យក៏បានយកទូរសព្ទខ្លួនវិញ រួចដើរចេញទៅផ្ទះបាត់ទៅ លុះបន្តិចក្រោយមកក៏ត្រឡប់មកវិញយកកាំបិតមកកាប់ជនរងគ្រោះ បណ្ដាលឱ្យរងរបួស ចំនួន ០៣កន្លែងតែម្តង។ ក្រោយពេលកើតហេតុ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកពាមជរ បានចុះអន្តរាគមន៍ និងចាប់ឃាត់ខ្លួនជនសង្ស័យយកមកសួរនាំ នៅអធិការដ្ឋាននគរបាលស្រុកពាមជរ។
បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជនមួយកន្លែង។ ដោយឡែក ជនសង្ស័យ ត្រូវបានកម្លាំងនគរបាល ចាប់ឃាត់យកមកអធិការដ្ឋាននគរបាលស្រុកពាមជរ ដើម្បីសួរនាំ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕
Comment