• Today: December 22, 2024

ទិវាកីឡាអាស៊ានឆ្នាំ២០២៣ ធ្វើឡើងនៅខេត្តកែប មានមនុស្សចូលរួមប្រមាណ១,០០០នាក់


(កែប)    ៖    នៅថ្ងៃទី ៨ខែសីហា ឆ្នាំ២០២៣នេះរដ្ឋបាលខេត្តកែបបានរៀបចំ ពិធីបើកទិវាកីឡាអាស៊ាន(ASEAN Sports Day) ប្រចាំឆ្នាំ២០២៣ ត្រូវបានរៀបចំឡើងនៅឆ្នេរលេងទឹកខេត្តកែប ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកជំទាវ ឯកឧត្តម ប៊ូ ជុំសេរី អនុវដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា រួមទាំងគណៈប្រតិភូកីឡាជាច្រើនរួមទៀត។ 
   ថ្លែងនាឱកាសនោះ ឯកឧត្តម ប៊ូ ជុំសេរី អនុវដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ទិវាកីឡាអាស៊ាន (ASEAN Sports Day) ប្រចាំឆ្នាំ២០២៣នេះរៀបចំធ្វើឡើង ស្របតាមផែនការ៥ឆ្នាំរបស់បណ្តាប្រទេសជាសមាជិកអាស៊ាន ដើម្បីគាំទ្រយុទ្ធនាការចលនា ប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត”លើប្រភេទកីឡាជិះកង់ចម្ងាយ ១៥គីឡូម៉ែត្រ រត់ចម្ងាយ ៥គីឡូម៉ែត្រ និងហាត់ប្រាណតាមចង្វាក់ភ្លេង ដែលមានអ្នកចូលរួមប្រមាណ ១,២៩៤នាក់ ក្រោមកិច្ចសហការរៀបចំដោយរដ្ឋបាលខេត្ត និងក្រសួងអប់រំ យុវជន និងកីឡា ដែល មានអគ្គនាយកដ្ឋានកីឡាជាសេនាធិការនាពេលនេះ។
   ឯកឧត្តម បន្តថា ក្នុងឆ្នាំនេះយើងសម្រេចយកខេត្តកែប រៀបចំនូវពិធីនេះក្នុងចំណោមខេត្តទេសចរណ៍ដទៃៗទៀត ក្នុងគោលបំណងជំរុញការងារបច្ចេកទេសកីឡាមួយផ្នែក ហើយមួយផ្នែកទៀតដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្ត ដើម្បីធ្វើយ៉ាងណាអោយខេត្ត របស់យើងកាន់តែមានភាពរីកចម្រើនខ្លាំងថែមទៀត។

   ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ថ្លែងថា តាមរយៈទិវាកីឡាអាស៊ាននាឱកាសនេះ មិនត្រឹមតែលើកកម្ពស់ វិស័យកីឡា និងសុខភាពប៉ុណ្ណោះទេ ប៉ុន្តែវានឹងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឲ្យមកសម្រាក លម្ហែកម្សាន្តក្នុងខេត្តកែប កាន់តែច្រើនបន្ថែមទៀត តាមរយៈព្រឹត្តិការណ៍នេះ និងសូមសហព័ន្ធកីឡា ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា អាចកំណត់យកខេត្តកែប ជាខេត្តគោលដៅក្នុងព្រឹត្តិការណ៍ ប្រកួតកីឡា និងទិវាផ្សេងៗផងដែរ។
   ឯកឧត្តមបន្តថា ក្នុងនាមរដ្ឋបាលខេត្តកែបសូមថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានជ្រើសយកខេត្តកែបធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំទិវាកីឡាអាស៊ានដ៏មានសារៈសំខាន់នេះ និងជាព្រឹត្តិការណ៍ថ្មីមួយទៀតនៅលើទឹកដីខេត្តកែប។(សឹង រ៉ាត់)


Tags

Comment