• Today: December 22, 2024

នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសលាលែងពីតំណែងជាផ្លូវការបន្ទាប់ក្រុមគោព្រៃកម្ពុជាចាញ់មីយ៉ាន់ម៉ា២-០


ភ្នំពេញ៖ ការលាលែងពីតំណែងរបស់នាយឧត្តមសេនីយ៍ សៅ សុខា ពីប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បន្ទាប់បញ្ចប់ការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា (U22) ជាមួយក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ដោយលទ្ធផលកម្ពុជាចាញ់២-0 បានក្លាយជាប្រធានបទក្តៅគគុកនៅលើបណ្តាញសង្គម។


តាមរយៈគណនីហ្វេសប៊ុកឈ្មោះ G Sao Sokha នៅយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ នេះ បានសរសេររៀបរាប់ដូច្នេះថា «បន្ទាប់ពីបរាជ័យក្នុងការប្រកួតចម្រុះក្នុងពូល A ក្នុងព្រិត្តិការណ៍ sea games ខ្ញុំគោរពនូវការសន្យា ដើម្បីបង្ហាញ នូវស្មារតីទទួលខុសត្រូវ ខ្ញុំសូមប្រកាសលាលែងពីតំណែងប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជា ចាប់ពីរាត្រីថ្ងៃ អាទិត្យ ទី ០៧ ខែ ឧសភា ឆ្នាំ ២០២៣  ខ្ញុំសូមប្រគល់ជូនលោកខៀវ សាម៉េត អនុប្រធានស.ប.ក ជាប្រធានស្តីទីចាប់ពីពេលនេះតទៅ»។
ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នាយឧត្តមសេនីយ៍ សៅ សុខា បានសរសេរទៀតថា «ខ្ញុំសូមអរគុណឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងបងប្អូនដែលបានបញ្ចេញមតិគាំទ្រខ្ញុំអោយបន្តដំណែងជាប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជាព្រមទាំងសូមអភ័យទោសដែលរូបខ្ញុំបាទពុំអាចនាំកិត្តិយសជូនជាតិបានតាមរយះការប្រកួតបាល់ទាត់ក្នុងព្រិត្តិការណ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ»។ 
លោកបានសរសេរបន្ថែមទៀតថា «ខ្ញុំសូមអរគុណលោកអនុប្រធាន សមាជិកគណះកម្មាធិការប្រតិបត្តិស.ប.ក និងមន្ត្រីបុគ្គលិកទាំងអស់ដែលបានរួមជាមួយខ្ញុំបាទធ្វើការងារលើវិស័យកីឡាបាល់ទាត់កន្លងមក ។ ខ្ញុំសូមជូនពរអ្នកទាំងអស់គ្នាមានសុខភាពល្អ ចម្រុងចម្រើន មានសុភមង្គល់គ្រប់ក្រុមគ្រួសារ និងជួបប្រទះតែសំណាងល្អជានិច្ច»។
សូមជម្រាបថា នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់ម្ពុជា កន្លងទៅថ្មីៗនេះ លោកប្រកាសថានឹងលាលែងពីតំណែងជាប្រធានប្រសិនបើក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាមិនអាចឆ្លងចូលដល់វគ្គពាក់កណ្តាលផ្តេចព្រ័តទេនោះ៕

Tags

Comment