• Today: December 22, 2024

ស្នងការនគរបាលខេត្តព្រៃវែង ដាក់ចេញយុទ្ធនាការបោសសម្អាត ក្រុមក្មេងទំនើង គ្រឿងញៀន និងល្បែងស៊ីសង

ព្រៃវែង៖ លោកឧត្តមសេនីយទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង នៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ នេះ បានដាក់ចេញនូវបទបញ្ជាថ្មីមួយទៀត គឺយុទ្ធនាការបោសសម្អាត ក្រុមក្មេងទំនើង បញ្ហាគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទឱ្យខានតែបាន។

ការថ្លែងបែបនេះ របស់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ធ្វើឡើងក្នុងកិច្ចប្រជុំលើកទី២ រយៈពេលមួយខែ ដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់អធិការដ្ឋានក្រុង ស្រុក ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដោយមានការចូលរួមពីសំណាក់លោកអធិការក្រុង-ស្រុក ទាំង ៣ ។

នៅក្នុងកិច្ចប្រជុំខាងលើ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានដាក់ចេញនូវបទបញ្ជាដល់លោកអធិការនគរបាលក្រុង-ស្រុក ទាំង១៣ ត្រូវពង្រឹងសមត្ថភាពមន្ត្រីនគរបាល ពង្រឹងការអនុវត្តការងារ វិន័យកងកម្លាំង និងដាក់ចេញនូវយុទ្ធនាការមុនពីធីបុណ្យចូលឆ្នាំខ្មែរ អធិការក្រុង-ស្រុក ទាំង ១៣ ត្រូវបង្ក្រាបក្រុមក្មេងទំនើង ល្បែងស៊ីសង និងគ្រឿងញៀន ពិសេសក្រុងព្រៃវែង ។

បន្ទាប់ពីទទួលបានការណែនាំ និងដាក់ចេញនូវបទបញ្ជា ក្នុងការអនុវត្តការងារបន្ត លោកអធិការនគរបាលក្រុង-ស្រុក ទាំង ១៣ បានប្ដេជ្ញាអនុវត្តឲ្យបានល្អផងដែរ។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បន្ទាប់ពីទទួលតំណែងជាស្នងការនគរបាលខេត្តព្រៃវែង កាលពីពេលថ្មីនេះ ត្រូវបានមហាជន និងប្រជាពលរដ្ឋមើលឃើញនូវសកម្ម​ភាពដឹកនាំល្អប្រសើរក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ និងបង្ក្រាបបទល្មើសជាបន្តបន្ទាប់ទាំងបទល្មើសព្រហ្មទណ្ឌ បង្ក្រាបក្រុមក្មេងទំនើង បញ្ហាគ្រឿងញៀន និងល្បែងស៊ីសងជាដើម៕


 

Tags

Comment