• Today: December 10, 2024

មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារីបានបញ្ជាក់ថាជនពិការភាពដើរតួសំខាន់ក្នុងការជួយសង្គម និងសេដ្ឋកិច្ច

(កំពត)នារសៀលថ្ងៃទី ១ ខែកញា ឆ្នាំ២០២៣នេះ លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានថ្លែងនៅក្នុងពិធីជួបសំណេះសំណាលនិងសួរសុខទុក្ខស្តាប់បញ្ហាប្រឈាមនិងតម្រូវការជនពិការភាពជាអ្នកបម្រើការងារផ្នែកផ្ដល់សេវាកម្មម៉ាស្សានៅក្នុងក្រុងកំពតខេត្តកំពត។

លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារីបានលើកឡើងឲ្យដឹងថាជនពិការភាពដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលចាស់និងរាជរដ្ឋាភិបាលថ្មី ថាជិនពិការភាពកម្ពុជាភាគច្រើនទទួលបានឱកាសសិក្សាអប់រំនិងបានបណ្ដុះបណ្ដាលផ្នែកខាងជំនាញវិជ្ជាជីវៈដើម្បីឲ្យពួកគាត់អាចធ្វើការឬប្រកបមុខរបរចិញ្ចឹមជីវិតបានដោយមិនចាំបាច់ដើសុំទានដល់អ្នកដទៃនោះឡើយ។

មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារីបានបញ្ជាក់ថា ជនពិការភាពបានដើរតួនាទី យ៉ាងសំខាន់ក្នុងការជួយដល់កិច្ចការងារសង្គម សេដ្ឋកិច្ច និងកិច្ចការអភិវឌ្ឍន៍ប្រទេសជាតិ និងបានស្នើសុំដល់អាជ្ញាធរ មន្ទីរអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្តកំពត ជួយបន្តយកចិត្តទុកដាក់លើកកម្ពស់តម្លៃ សិទ្ធិ និងសេរីភាពរបស់ជនពិការភាពឲ្យបានកាន់តែល្អប្រសើរ។

ជាមួយគ្នានេះដែ លោកជំទាវ រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានលើកឡើងថានាបច្ចុប្បន្នឃើញជាក់ស្តែងសម្រាប់សមាជិកសមាគមន៍តន្ត្រីសំនៀងជនពិការប្រមាណជាង៧០០នាក់ (ស្ត្រី ២៨៧នាក់)នៅទូទាំងប្រទេស ភាគច្រើនប្រកបរបរម៉ាស្សា (២១ក្រុម) ជាអ្នកចម្រៀង អ្នកដូរតន្ត្រី អ្នកជំនាញដេរប៉ាក់ អ្នកជួសជុលគ្រឿងអេឡិកត្រូនិចជាដើម កំពុងទទួលបានប្រាក់ចំណូលសមរម្យ។
លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានបញ្ជាក់ឱ្យដឹងទៀតថា នាបច្ចុប្បន្នជនពិការភាពមានការតស៊ូប្រឹងប្រែង មិនយកពិការភាពរបស់ខ្លួនធ្វើជាឧបសគ្គជីវិតទេ រហូតអ្នកខ្លះទទួលបានភាពជោគជ័យក្នុងជីវិត និងអ្នកខ្លះក្លាយជាឯកឧត្តមថ្នាក់ដឹកនាំនៅតាមបណ្តាក្រសួង និងស្ថាប័នផ្សេងៗថែមទៀតផង។

ជារួមជនពិការភាពបានដើរតួយ៉ាងសំខាន់ក្នុងការជួយដល់កិច្ចការសង្គម សេដ្ឋកិច្ច និងការអភិវឌ្ឍន៍ជាតិ។

នៅក្នុងឱកាសនោះដែរ លោកជំទាវ រដ្ឋលេខាធិការក្រសួងកិច្ចការនារី ក៏បានស្នើដល់អាជ្ញាធរ មន្ត្រីមន្ទីរជំនាញ ពាក់ព័ន្ធសូមជួយបន្តតាមដាន និងយកចិត្តទុកដាក់ជាអាទិភាពក្នុងការជួយលើកកម្ពស់តម្លៃ សិទ្ធិ និងសេរីភាពរបស់ជនពិការភាព ឲ្យកាន់តែល្អប្រសើរ។ 

ក្នុងកម្មវិធីសំណេះសំណាលដែលមានការចូលរួមពីឯកឧត្តម និងលោកជំទាំវ គណៈប្រតិភូក្រសួង និងមន្ត្រីថ្នាក់ដឹកនាំ មន្ទីរជំនាញពាក់ព័ន្ធនារសៀលនោះដែរ ក៏បាននាំមកនូវអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិការមួយចំនួន ចែកជូនដល់ជនពិការភាពផងដែរ។(សឹង រ៉ាត់)

Tags

Comment