• Today: December 22, 2024

ជនសង្ស័យ ចំនួន១១នាក់ ត្រូវបានឃុំខ្លួនពាក់ព័ន្ធបទ: ប៉ុនប៉ងលួចដោយស្ថានទម្ងន់ទោស និងហិង្សាដោយចេតនា ដោយស្ថានទម្ងន់ទោស

កំពង់ស្ពឺ៖ ក្រុមជនសង្ស័យ ចំនួន១១នាក់ ត្រូវបានក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ក្នងបទល្មើស: ប៉ុនប៉ងលួចដោយស្ថានទម្ងន់ទោស និងហិង្សាដោយចេតនា ដោយស្ថានទម្ងន់ទោស។

លោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការរងទទួលផ្នែកព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា លោក សំ ប៊ុនពៅ ចៅក្រមស៊ើបសួរបានចេញដីកាឃុំខ្លួនជនសង្ស័យ ចំនូន១១ននាក់  ក្នងបទល្មើសប៉ុនប៉ងលួចដោយស្ថានទម្ងន់ទោស និងហិង្សាដោយចេតនា ដោយស្ថានទម្ងន់ទោស ប្រព្រឹត្តនៅរោងចក្រ ដំណាប់ស្វាយ ហ៊ូ ណាន
ស្ថិតនៅភូមិខ្នងក្រាំង ឃុំតាំងសំរោង ស្រុកភ្នំស្រួច
ខេត្តកំពង់ស្ពឺ កានពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងមកនេះ។

សូមរំឭកថា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ០០និង១០នាទី នៅចំណុចក្នុងរោងចក្រដំណាប់ស្វាយ ហ៊ូណាន ស្ថិតនៅក្នុងភូមិខ្នងក្រាំង ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានចោរមួយក្រុមមិនស្គាល់អត្តសញ្ញាណ បានចូលទៅលួចស្ករសរនៅក្នុងរោងចក្រត្រាវជនជាតិចិន តាមទាន់ផ្ទុះបានវាយតប់គ្នាបណ្តាលឱ្យជនជាតិចិនរងរបួស។

បន្ទាប់ពីកើតហេតុសមត្ថកិច្ច បានបើកការស៊ើបអង្កេត រហូតថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១១និង០០នាទី យោងតាមការចង្អុលបង្ហាញពីជនរងគ្រោះ សមត្ថកិច្ចបានហៅឈ្មោះ ហ៊ុន ធីន ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិក្រាំងគរ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច មុខរបរ កម្មករដំណាប់ស្វាយ មកសាកសួរនៅអធិការដ្ឋាននគរបានស្រុកភ្នំស្រួច។

តាមចម្លើយ ជនសង្ស័យចំពោះមុខសមត្ថកិច្ច បានសារភាពថា  "ខ្លួនពិតជាបានធ្វើសកម្មភាពដូចការចោទប្រកាន់ខាងលើពិតប្រាកដមែន រួមទាំងបក្សពួក ១០នាក់ទៀត"។

កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ប៉ុស្តិ៍នគរបាលតាំងសំរោងបាន ឃាត់ខ្លួនជនសង្ស័យ ចំនួន១០នាក់ បន្ថែមទៀត កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។

ជនសង្ស័យទាំង១១ បានសារភាពថា "ពួកគេពិតជាបានធ្វើសកម្មភាពប្លន់ និងវាយជនជាតិចិនឱ្យរបួសពិតប្រាកដមែន"។

ឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការរងទទួលផ្នែកព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា "ក្រុមជនសង្ស័យទាំង១១នាក់ ត្រូវបានឃុំខ្លួនតាមដីការបស់តុលាការរួចរាល់ហើយ"៕

Tags

Comment