• Today: December 22, 2024

ករណីគ្រូជោគជ័យទៀតហើយ! ស្ត្រីជាម្ចាស់បំណុលសម្រេចប្ដឹងឧកញ៉ា នួន អក ទៅតុលាការខេត្តព្រៃវែង ក្នុងករណីចេញសែកស្អុយជាបន្តបន្ទាប់

ភ្នំពេញ៖ ស្ត្រីរងគ្រោះម្នាក់ជាម្ចាស់បំណុលបានសម្រេចប្តឹងឧកញ៉ា នួន អក ដែលជាគ្រូបង្រៀនទ្រឹស្តីជោគជ័យ ពាក់ព័នក្ធករណីចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់ «សែកស្អុយ» និងរំលោភលើទំនុកចិត្តចូលទៅតំណាងអយ្យ​កា​រអមសាលាដំបូងខេត្តព្រៃវែង ដើម្បីស្វែងរកយុត្តិធម៌ និងចាត់ការតាមផ្លូវច្បាប់។

នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ នេះ បណ្តាញសារព័ត៌មាន MSJ TV ទទួលបានពាក្យបណ្តឹងមួយរបស់ស្ត្រីឈ្មោះ ហាស់ វណ្ណៈ អាយុ ៤៦ឆ្នាំ ជាអាជីវករ មានទីលំផ្ទះលេខ២៧២ នៅភូមិត្នោត ឃុំរការ ស្រុកពាតរាំង ខេត្តព្រៃវែង ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដាក់ជូនព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង ប្តឹងឈ្មោះ នួន អក ភេទប្រុស អាយុ៤១ឆ្នាំ ជាអាជីវករ និងជាគ្រូជោគជ័យ មានទីលំនៅភូមិញរ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ពីបទៈ ចេញមូលទានប័ត្រគ្មានសាច់ប្រាក់ និងរំលោភលើសេចក្តីទុកចិត្ត។

ស្ត្រីរងគ្រោះបានរៀបរាប់ក្នុងពាក្យបណ្តឹងថា ដំបូងឡើយនាងបានចូលរៀនផ្នែកទីផ្សារជោគជ័យ ដែលមានឈ្មោះ នួន អក ជាគ្រូបង្រៀន បន្ទាប់ពីបានស្គាល់គ្នាហើយ ឈ្មោះ នួន អក បានប្រើយុទ្ធសាស្ត្រណែនាំឲ្យចូលហ៊ុនវិនិយោគ ដោយបានប្រាក់ចំណេញទ្វេរដង គឺ១គុណជា២ ត្រឹមតែរយៈពេល១៣ខែប៉ុណ្ណោះ។ ស្ត្រីរងគ្រោះបន្តទៀតថា ដោយសារតែជឿជាក់តាមការបញ្ចុះបញ្ចូលលួងលោម នៅខែវិច្ឆិកា ឆ្នាំ២០១៩ គាត់បានប្រគល់ប្រាក់ឲ្យឈ្មោះ នួន អក ចំនួន៥០ ០០០$ (ប្រាំម៉ឺនដុល្លារអាមេរិក) មានរយៈពេលវិនិយោគចំនួន១៣ខែ គិតចាប់ពីថ្ងៃ១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ដោយឈ្មោះ នួន អក សន្យាប្រគល់ប្រាក់ដើម និង ភាគលាបមកឲ្យវិញ សរុបចំនួន១០០.០០០$ (ដប់ម៉ឺនដុល្លារអាមេរិក)។ 

ស្ត្រីរងគ្រោះដែលចាញ់បោកគ្រូជោគជ័យ បានរៀបរាប់ទៀតថា លុះដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ដែលជាថ្ងៃកំណត់បង្វិលប្រាក់ដើមវិនិយោគ និង ភាគលាបមកឲ្យវិញនោះស្រាប់តែឈ្មោះ នួន អក មិនព្រមប្រគល់ប្រាក់ឡើយ ដោយគេចវេស រហូត។ ក្រោយពីបានព្យាយាមស្កាត់ជួបជាច្រើនដងឈ្មោះ នួន អក បានចេញមូលប្បទានប័ត្រលេខ ៦៣១៩៦៣ ចុះថ្ងៃនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ដែលមានទឹកប្រាក់ចំនួន២៦,​០​០០$ (ពីរម៉ឺនប្រាំមួយពាន់ដុល្លារ) ដើម្បីទូទាត់ប្រាក់ខាងលើ និងនៅដើមខែមេសា ឆ្នាំ២០២៣នេះ គាត់បានយកមូលប្បទានប័ត្រខាងលើទៅដកប្រាក់នៅធនាគារស្រុកពារាំង ប៉ុន្តែខាងធនាគារបានប្រាប់ថា ពុំមានទឹកប្រាក់ឡើយ (សែកស្អុយ) ដូចមានមូលប្បទានប័ត្របញ្ជូនត្រឡប់ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០​២​៣ ជាភស្ដុតាង រួមបានព្យាយាមទាក់ទងឈ្មោះ នួន អក អំពីករណីដែលចេញនូវមូលប្បទានប័ត្រខាងលើ​​នេះ ប៉ុន្តែឈ្មោះនេះ មិនបានឆ្លើយតប ហើយថែមទាំងគេចវេសពីគាត់រហូតមកដល់បច្ចុប្បន្ន។

សូមបញ្ជាក់ថា ឧកញ៉ា នួន អក នៅភូមិញរ សង្កាត់កណ្ដាលជុំ ក្រុងច្បារមន ជាគ្រូបង្រៀនផ្នែកទ្រឹស្តីជោគជ័យ ជាអគ្គនាយកក្រុមហ៊ុន អចលនទ្រព្យ ជាម្ចាស់រីស៊ត កំពតឋានសួគ៌ និងជាម្ចាស់គម្រោងផ្សារអាហារសមុទ្រខៀវ ២៤ម៉ោង នៅមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្ដាលទៀតផង។

ក្នុងបណ្តឹងរបស់ស្ត្រីឈ្មោះ ហាស់ វណ្ណៈ ដែលបានចាញ់បោកលោកគ្រូជោគជ័យ ឧកញ៉ា នួន អក បានសូមណូមពរចំនួន៣ចំណុចដូចខាងក្រោម៖ ១- សូមឱ្យព្រះរាជអាជ្ញាធ្វើការចោទប្រកាន់ឧកញ៉ា នួន អក តាមនីតិវិធី ,- សូមទាមទារប្រាក់ដើម ចំនួន៥០,០០០ដុល្លារ និង៣-សូមទាមទារសំណងជំងឺចិត្តចំនួន៤០លានរៀលផងដែរ។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងបណ្តឹងចោទប្រកាន់ខាងលើ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ នេះ អង្គភាពយើងមិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោកឧកញ៉ា នួន អក ដែលជាគ្រូបង្រៀនទ្រឹស្តីជោគជ័យបានឡើយ៕

Tags

Comment