បន្ទាយមានជ័យ ៖ ភ្លើងប្រចណ្ឌបានធ្វើឱ្យបុរសជាប្តីក្លាយជាឃាតករចាក់សម្លាប់ប្រពន្ធ រត់គេចខ្លួន ត្រូវបានសមត្ថកិច្ចតាមប្រម៉ាញ់ចាប់ខ្លួនបាន នៅវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅភូមិ៩៣ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
អធិការនគរបាលស្រុកម៉ាឡៃ បានប្រាប់ថា ជនសង្ស័យដែលជាឃាតករសម្លាប់ប្រពន្ធមានឈ្មោះ ជា សារ៉ាន់ អាយុ ៣៥ឆ្នាំ ជាកម្មករ រស់នៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ។
នគរបាលបានឲ្យដឹងថា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ នៅចំណុចភូមិថ្មី ឃុំឋស្រុកម៉ាឡៃ មានករណីឃាតកម្មចាក់សម្លាប់ស្ត្រីរងគ្រោះម្នាក់បណ្តាលឱ្យជនរងគ្រោះឈ្មោះ មើយ ពឿង អាយុ ៣៨ឆ្នាំ ក្រោយទទួលបានព័ត៌មាន កម្លាំងនគរបាលជំនាញបានចុះទៅពិនិត្យស្ត្រីរងគ្រោះដែលស្លាប់ត្រូវបានប្តីចាក់ និងកាំបិតសចុងស្រួច ចំប្រឡោះដើមទ្រូងបណ្តាលស្លាប់ភ្លាមៗ រួចជនសង្ស័យដែលជាឃាតករត្រូវបានរត់គេចខ្លួន ប៉ុន្តែគេចមិនផុតកណ្តាប់ដៃនគរបាលឡើយ។
លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានបញ្ជាក់ថា ក្រោយពីមានករណីឃាតកម្មប្តីចាក់សម្លាប់ប្រពន្ធកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបានធ្វើការស្រាវជ្រាវឃាត់ខ្លួនសង្ស័យទាំងយប់ត្រូវបានបញ្ជូនមកសាកសួរនៅអធិការដ្ឋាននគរបាលដ្ឋាន។
តាមចម្លើយសារភាព បុរសជាឃាតករ បាននិយាយថា "ក្រោយត្រឡប់ពីធ្វើការនៅប្រទេសថៃហើយមកដល់ផ្ទះកើតមានទំនាស់ពាក្យសម្តីឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ដោយសាររឿងភ្លើងប្រចណ្ឌ ទើបជ្រុលដៃចាក់សម្លាប់ប្រពន្ធ ហើយរត់គេចខ្លួនត្រូវបានសមត្ថកិច្ចឃាត់បានតែម្តង"។
បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងអនុវត្តតាមនីតិវិធីបន្ត៕
Comment