• Today: December 31, 2024

សំណុំរឿងឃាកម្មបាញ់មនុស្សដូចបាញ់ចាប តាមដងផ្លាវស្រុកថ្មគោល ត្រូវបានបំបែកចាប់ខ្លួនជនសង្ស័យ ចំនួន០៦នាក់

បាត់ដំបង៖ សំណុំរឿងឃាតកម្មបាញ់សម្លាប់យុវជនម្នាក់ តាមដងផ្លូវនៅស្រុកថ្មគោល ត្រូវបាកម្លាំងអាវុធហត្ថ និងស្នងការនគរបាលខេត្តបាត់ដំបង សហការគ្នាស្រាវជ្រាវចាប់ខ្លួនអ្មកពាក់ព័ន្ធសរុបចំនួន ០៦នាក់។

នៅរសៀលថ្ងៃទី១២ មេសា ឆ្នំា២០២៣ នេះ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តបាត់ដំបង បានបញ្ជូនសំណុំរឿងជនសង្ស័យទាំង០៦នាក់ ទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់។  

ជនសង្ស័យទាំង០៦នាក់ ដែលសមត្ថកិច្ចចាប់ខ្លួន រួមមាន៖  ទី១-ឈ្មោះ វុធ សុខសួស្ដី ហៅសល់ អាយុ ២៥ឆ្នាំ នៅភូមិអន្លង់ក្រូច ឃុំបួរ ស្រុកភ្នំព្រឹក ជាជនដៃដល់បាញ់សម្លាប់ជនរងគ្រោះ ,ទី២-ឈ្មោះ ឡុង ស្រីចើត អាយុ ២១ឆ្នាំ (បក្សពួក) ,ទី៣-ឈ្មោះ កៅ ឡីគួ អាយុ២១ឆ្នាំ (បក្សពួក) ,ទី៤-ឈ្មោះ កែវ ឡេងហាក់ អាយុ២៣ឆ្នាំ (បក្សពួក) ទី៥-ឈ្មោះ លឹម គឹមថុង អាយុ១៨ឆ្នាំ (បក្សពួក) និងទី៦-ឈ្មោះ ស៊ី សំ អាយុ២៧ឆ្នាំ (បក្សពួក)។

នគរបាលបានឲ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំង ០៦នាក់ គឺ ជនសង្ស័យ ចំនួន០៣នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួន និងចំនួន០៣នាក់ទៀត ដែលមានទាំងជនដៃដល់កាន់កាំភ្លើងបាញ់ផ្ទាល់ដៃដល់ផង ត្រូវកម្លាំងនគរបាល នៃស្នងការខេត្ត តាមឃាត់ខ្លួនបាន ពេលពួកគេកំពុងសំងំលាក់ខ្លួននៅក្នុងផ្ទះសំណាក់មួយកន្លែង នៅក្នុងភូមិអង់ សង្កាត់អូរចា ក្រុងបាត់ដំបង។

ក្នុងប្រតិបត្តិការបង្ក្រាបក្រុមឃាតករបាញ់សម្លាប់មនុស្សខាងលើ កម្លាំងជំនាញ ដកហូតបានវត្ថុតាង កាំភ្លើងខ្លី ០១ដើម  និងម៉ូតូចំនួន០៥គ្រឿង ដែលក្រុមជនដៃដល់ជិះធ្វើសកម្មភាព ក្នុងអំពើឃាតកម្មនេះ។  

សូមរំឭកថា កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ កន្លងទៅ នៅលើកំណាត់ផ្លូវលំមួយកន្លែង នៅភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ជនរងគ្រោះម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់ប្រហាបណ្តាលឲ្យឈ្មោះ រឿង ប៉ូឡូ ភេទប្រុស អាយុ ២៨ឆ្នាំ នៅភូមិ ឃុំកើតហេតុស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ និងជនរងគ្រោះម្នាក់ទៀតគេចផុតពីគ្រោះថ្នាក់។ បន្ទាប់ពីកើតហេតុក្រុមឃាតករនាំគ្នាបើម៉ូតូរត់គេចខ្លួនបាត់ស្រមោល។

ក្រុមជនសង្ស័យបានសារភាពថា មូលហេតុដែលឈានដល់ការបាញ់សម្លាប់ជនរងគ្រោះផ្ដើមចេញពីរឿងគំនុំផ្ទាល់ខ្លួន ព្រោះធ្លាប់មានទំនាស់ពាក្យសម្តីគ្នានៅកន្លែងផឹកស៊ី។

បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងបូកបញ្ចូលគ្នាជាមួយបញ្ជូនក្រុមជនដៃដល់ដៃទាំង០៦នាក់ ទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់៕

Tags

Comment