• Today: December 22, 2024

អភិបាលខេត្តកែបបានបើកផ្ដល់ប្រាក់របបគោលនយោបាយគាំពារនៅក្នុងសហគមន៍ខេត្តកែបសង្គមកិច្ចជូនប្រជាពលរដ្ឋចំនួន២៣៩នាក់

 (ខេត្តកែប)    កាលពីរសៀលថ្ងៃទី៣ខែមេសា ឆ្នាំ២០២៣ឯកឧត្តមបណ្ឌិត​ សោម​ពពិសិដ្ឋអភិបាលខេត្តកែប អញ្ជើញជាអធិបតីក្នុងពិធីបើកផ្ដល់ប្រាក់របបគោលនយោបាយគាំពារ​សង្គម​ ក្នុងសហគមន៍ខេត្តកែប ដែលរៀបចំឡើងដោយមន្ទីរសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទាខេត្តកែប។

ដោយមានការអញ្ជើញចូលរួមពី​ ឯកឧត្តម វ៉ិតវាល់ដា អគ្គនាយករងនៃអគ្គនាយកដ្ឋាន ស្តារសម្បទានិងប្រតិភូក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទា តំណាង​កំលាំងទាំងបីប្រធាន​ អនុប្រធាន​មន្ទីរអង្គភាពជុំវិញខេត្ត​ អភិបាលក្រុង ស្រុក​ មេឃុំ ចៅសង្កាត់មេភូមិ និងបងប្អូនជាជនមានពិការភាពចំនួន២៣៩នាក់។ 

បើតាមរបាយការណ៍របស់លោក ចាន់សាម៉េង ប្រធានមន្ទីរសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទាខេត្ត​កែបបានឲ្យដឹងថា នាពេលកន្លងមកក្រសួងសង្គមកិច្ច​ និងមន្ទីរសង្គមកិច្ច​ អតីតយុទ្ធជន​ និង យុវនីតិសម្បទាខេត្តបានធ្វើការបណ្តុះបណ្តាល​ ស្តីពីការកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម​ និងសិទ្ធិជាមូលដ្ឋាន ជូនដល់មន្ត្រីស្រុក/ក្រុងលោកមេឃុំ ចៅសង្កាត់​ និងមន្ត្រីទទួលបន្ទុកកម្មវិធី ឃុំ/សង្កាត់ក្នុងការរៀបចំ ទិន្ននយ័អត្តសញ្ញាណពិការភាពដែលមានលក្ខណះស្តង់ដារួមមួយតាមប្រពន្ធ័បច្ចេកវិទ្យាគ្រប់គ្រងព៌ត័មានពិការភាព សម្រាប់ជាមូលដ្ឋានកំណត់ក្រុមគោលដៅជនមានពិការភាពក្នុងការលើកកម្ពស់សេវាគាំពារសង្គម​ និងការអភិវឌ្ឍដល់ជនមានពិការភាពដើម្បីចូលរួម ចំណែកធ្វើអោយសម្រេចគោលដៅអភិវឌ្ឈន៏ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល។

លោកប្រធានបន្ថែមថាតាមរយះការសហការជាមួយអាជ្ញាធរ ក្រុងស្រុក ឃុំសង្កាត់ ក្នុងការចុះសម្ភាសន៍កំណត់អត្តសញ្ញាណកម្មជនមានពិការភាពទូទាំងខេត្តពីឆ្នាំ២០២១ រហូតមកដល់ខែមីនា ឆ្នាំ២០២៣នេះ សម្ភាសន៍បានចំនួន៦២៨ នាក់ស្រីចំនួន ២៩៤នាក់ ពិការកម្រិតស្រាល៣៥៧ នាក់ពិការកម្រិតមធ្យមចំនួន១១៣ នាក់, ពិការកម្រិតធ្ងន់ បំផុត១៥៨ នាក់។

ក្នុងនោះក្រសួងបានអនុម័តបោះពុម្ពប័ណ្ណចំនួន៦២០នាក់ និងចេញប្រកាសទទួលស្គាល់ជនពិការ​ ដើម្បីទទួលបានរបបគោលនយោបាយ ចំពោះជនពិការក្រីក្រនៅសហគមន៍និងបានបើកផ្តល់ប្រាក់លើកទី១នៅពេលនេះចំនួន២៣៩ នាក់​ ស្រី១២៧នាក់(ក្រុងកែបចំនួន១១០នាក់,​ ស្រុកដំណាក់ចង្អើរចំនួន១២៩នាក់ ) ។

ជនមានពិការភាពដែលត្រូវទទួលបានប្រាក់ឧបត្ថម្ភរយះពេល៦ខែស្មើ ១២០,០០០រៀល​ ចំនួន ១២៦នាក់និងទទួលប្រាក់ឧបត្ថម្ភរយះពេល ១២ខែស្មើ ២៤០,០០០រៀល ចំនួន១១៣នាក់សរុបទឹកប្រាក់ដែលត្រូវចំណាយបើកជូនលើកទី១សម្រាប់ឆ្នាំ ២០២២ចំនួន ៤២,២៤០,០០០រៀល ។

ឯកឧត្តមសោម ពិសិដ្ឋអភិបាលខេត្តកែបបានមានប្រសាសន៍សំណេះសំណាល​ ផ្តាំផ្ញើក្នុងឱកាសនោះ បានបញ្ជាក់ថាក្រៅពីរបបគោលនយោបាយគាំពារសង្គម​ ចំពោះជនពិការក្រីក្រនៅសហគមន៍  ប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលយោបាយគាំពារសង្គម​រួមមាន​ សុខុមាលភាព ជីវភាពរបស់ប្រជាពលរដ្ឋក្រីក្ររងគ្រោះនិងងាយរងគ្រោះជាក់ស្ដែងដូចជា ការចាក់វ៉ាក់សាំងដូសមូលដ្ឋាននិងដូសជំរុញជូនប្រជាពលរដ្ឋការឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម០២ឆ្នាំការឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសំពាធអតិផរណា ជាដើម។

នាឱកាសនោះអភិបាលខេត្តកែបបានផ្តាំផ្ញើទៅដល់លោកប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តនិងស្ថាប័នពាក់ព័ន្ធ ជាពិសេសលោកអភិបាលក្រុង ស្រុកមេឃុំ ចៅសង្កាត់និងមន្ត្រីដែលទទួលបន្ទុកត្រូវអនុវត្តកម្មវិធីនៅក្នុងឃុំ សង្កាត់ភូមិ ត្រូវបន្តផ្សព្វផ្សាយជូនពលរដ្ឋនិងបន្តចុះសម្ភាសន៍ការកំណត់អត្តសញ្ញាណកម្មជូនជនមានពិការភាព​ ដើម្បីជាឧត្តមប្រយោជន៍របស់បងប្អូនដែលជនមានពិការភាព។ (សឹង រ៉ាត់)

Tags

Comment