• Today: December 22, 2024

ករណីស្ទាក់បាញ់សម្លាប់យុវជនម្នាក់ តាមផ្លូវដូចបាញ់ចាប ពាក់ព័ន្ធរឿងគំនុំ ទំនាស់ពាក្យសម្តី ក្នុងវង់ផឹកស៊ី ខណៈពេលជនរងគ្រោះកំពុងជិះម៉ូតូ

បាត់ដំបង៖ អំពើឃាតកម្ម បាញ់សម្លាប់មនុស្ស តាមដផ្លូវដ៏សាហាវ ដូចបាញ់សត្វចាប នៅស្រុកថ្មគោល ខេត្តបាត់ដំបង ត្រូវសមត្ថកិច្ចកំណត់បានមុខសញ្ញាជនសង្ស័យហើយ គឺជាមនុស្សធ្លាប់ស្គាល់គ្នាដោយផ្តើមឡើងពីរឿងទំនាស់ពាក្យសម្តីក្នងវង់ផឹកស៊ី រហូតឈានដល់តាមបាញ់សម្លាប់តែម្តង។

លោក អ៊ឹម កុសល អ្នកនាំពាក្យស្នងការនគរបាលខេត្តបាត់ដំង បានប្រាប់ MSJ TV នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នេះថា ករណីឃាតកម្មបាញ់សម្លាប់យុវជនម្នាក់តាមដងផ្លូវនោះ កម្លាំងសមត្ថកិច្ចជំនាញកំណត់បានមុខសញ្ញាជនសង្ស័យហើយ គឺជនល្មើសជាអ្នកស្គាល់គ្នា និងធ្លាប់ផឹកស៊ីជាមួយគ្នាញឹកញាប់។ អ្នកនាំពាក្យរួបនេះ បានបន្ថទៀតថា ករណីនេះ តាមសមត្ថកិច្ចជំនាញសន្និដ្ឋានថា ផ្តើមឡើងដោយសាររឿងទំនាស់ពាក្យសម្តី តាំងពីម្សិលមិញរហូតដល់ពេលនេះ ជំនាញកំពុងតាមប្រមាញ់ក្រុមជនសង្ស័យដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។

សូមរំឭកថា នៅរសៀលថ្ងៃទី០៩ មេសា ឆ្នំា២០២៣ ម្សិលមិញនេះ ត្រង់ចំណុចភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង បានករណីអំពើឃាតកម្ម ដ៏សាហាវមួយកើតឡើង តាមដងផ្លូវ ដោយខ្មាន់កាំភ្លើងបានជិះម៉ូតូដេញបាញ់សម្លាប់យុវជន ចំនួន០២នាក់ ដូចបាញ់ចាបបណ្តាលឱ្យរងរបួសធ្ងន់ និងបានស្លាប់ម្នាក់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ និងម្នាក់ទៀត បានគេចផុតពីគ្រោះរត់ទាំងព្រលឹងចុងសក់។  ក្រោយពីធ្វើសកម្មភាព បាញ់សម្លាប់ជនរងគ្រោះ ក្រុមជនល្មើស បានផ្តួលម៉ូតូរត់គេចខ្លួន និងធ្លាក់ទូរស័ព្ទ០១គ្រឿង នៅកន្លែងកើតហេតុ។

មន្ត្រីនគរបាលខេត្តបាត់ដំបង បានប្រាប់ឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ រឿង ប៉ូឡូ ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។ ជនរងគ្រោះមានគ្នា ចំនួន០២នាក់ ជិះម៉ូតូមួយគ្រឿងត្រូវខ្មាន់កាំភ្លើងមានគ្នា០៤ទៅ០៥នាក់ ជិះម៉ូតូដេញស្ទាក់បាញ់ ចំនួន០២គ្រាប់ត្រូវចំដើមទ្រូង០១គ្រាប់ និងមួយគ្រាប់ទៀតខុស រងរបួសធ្ងន់ និងបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

សាក្សីនៅក្បែរកន្លែងកើតហេតុ បាននិយាយថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូឌុបគ្នាក្នុងភូមិ ស្រាប់តែមានមនុស្សមួយក្រុមទៀត បានដកកាំភ្លើងបាញ់ ចំនួន០២ គ្រាប់សំដៅជនរងគ្រោះបណ្តាលឱ្យដួលលើផ្លូវឈាមជោគខ្លួនបង្កភាពភ្ញាក់ផ្អើលក្រុមជនសង្ស័យបាននាំគ្នារត់គេចខ្លួនបាត់តែម្តង។ តាមប្រភពព័ត៌មាន បានឱ្យដឹងទៀតថា រវាងជនរងគ្រោះ និងជនល្មើសជាមនុស្សធ្លាប់ស្គាល់ និងផឹកស៊ីជាមួយគ្នាញឹកញាប់ ប៉ុន្តែចុងក្រោយនេះពួកគេមានទំនាស់ពាក្យសម្តីគ្នាឈានដល់ចងគំនុំស្ទាក់បាញ់សម្លាប់ជីវិតមនុស្សដូចបាញ់ចាបតែម្តង។

លោក អ៊ឹម កុសល អ្នកនាំពាក្យស្នងការនគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា «មុខសញ្ញាជនល្មើសសមត្ថកិច្ចជំនាញកំណត់បានច្បាស់លាស់ហើយនឹងកំពុងតាមប្រមាញ់ចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប»។

បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Tags

Comment