• Today: December 22, 2024

ជំពាក់បំណុលគេបែកគំនិតយកម៉ូតូទៅបញ្ចាំហើយយកដុំថ្មវាយក្បាលខ្លួនឯងរួចមកប្តឹងសមត្ថកិច្ចថាជាករណីប្លន់យកម៉ូតូ

 

ខេត្តកណ្តាល ៖ អង្គភាពស្នងការដ្ឋាន នគរបាលខេត្តកណ្តាល នៅថ្ងៃទៅ១៥ ខែសីហា ឆ្នាំ២០២៣ បានបញ្ជាក់ឱ្យដឹងថា ដោយអនុវត្តតាមការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ថ្ងៃចន្ទ ១៣រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញស្នងការដ្ឋាននិងអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ បានធ្វើការស្រាវជ្រាវបកស្រាយបំភ្លឺ “ករណី៖ អំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម”។

ក្នុងរបាយការណ៍បញ្ជាក់ថា បានកើតហេតុ៖ នៅថ្ងៃទី១៣.០៨.២០២៣  វេលាម៉ោង ០៣: ៣០នាទីទៀបភ្លឺស្ថិតនៅចំណុច តាមបណ្តាយផ្លូវកៅស៊ូ ៧០B ស្ថិតនៅ ភូមិអរិយក្សត្រ  សង្កាត់អរិយក្សត្រ  ក្រុងអរិយក្សត្រ  ខេត្តកណ្តាល។ 

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះ : គ្មាន គឺគេបង្កើតអង្គហេតុ ភូតភរសមត្ថកិច្ច។ 

ដោយឡែកជនសង្ស័យមានឈ្មោះ រស់  វឌ្ឍនា  ភេទប្រុស  អាយុ២៧ឆ្នាំ  ជនជាតិខែ្មរ  មុខរបរ  ពេទ្យសត្វស្នាក់នៅបច្ចុប្បន្ន  ក្នុងបុរីទួលសង្កែ  ភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។ក្នុងនោះសម្ភារបាត់បង់ ក៏គ្មាន  ។

សមត្ថកិច្ច បានបញ្ជាក់ពីសភាពរឿងហេតុឱ្យដឹងថា នៅថ្ងៃទី១៣.០៨.២០២៣  វេលាម៉ោង  ០៧:៣០នាទី  ជនសង្ស័យបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្រ  ថាមានករណី អំពើលួចមានស្ថានទម្ងន់ទោស  ( ភ្ជង់កាំភ្លើងខ្លី វាយក្បាលហ្នឹងដុំថ្ម)  យកម៉ូតូរបស់ខ្លួនម៉ាក Honda Scoopy  ពណ៌ស លាយផ្កាឈូក  ផលិតឆ្នាំ២០២២  ពាក់ស្លាកលេខ  1JM-8242  នៅថ្ងៃទី១៣.០៨.២០២៣  វេលាម៉ោង  ០៣:៣០នាទីទាបភ្លឺ  ចំណុចតាមបណ្តាយផ្លូវកៅស៊ូ៧០ B ភូមិអរិយក្សត្រ  សង្កាត់អរិយក្សត្រ  ក្រុងអរិយក្សត្រ  ខេត្តកណ្តាល  នៅពេលខ្លួនធ្វើដំណើរត្រឡប់មកពីរាជធានីភ្នំពេញវិញ ។ 

ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនសង្ស័យ  កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌក្រុង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្រធ្វើការសាកសួរបំភ្លឺជនសង្ស័យ និងឆែកតាមកាមេរ៉ាសុវត្ថិភាពតាមដងផ្លូវ បានបង្ហាញអោយឃើញពីសកម្មភាពមិនប្រក្រតីដែលជនសង្ស័យបានបំភ្លឺ  បែរជាឃើញជនសង្ស័យដើរម្នាក់ឯងចុចទូរស័ព្ទខុសពីផ្លូវកន្លែងដែលកើតហេតុ  ទើបសមត្ថកិច្ចបានហៅជនសង្ស័យមកសាកសួរជាលើកទី២។  នៅចំពោះមុខសមត្ថកិច្ច  ជនសង្ស័យ បានសារភាពថា  នៅថ្ងៃទី១២.០៨.២០២៣  វេលាម៉ោង១៨:០០នាទីល្ងាច ខ្លួនបានខ្ចីម៉ូតូម្តាយឈ្មោះ  អ៊ុ  សុខនៅ  ម៉ាកHonda Scoopy ពណ៌ស លាយផ្កាឈូក  ផលិតឆ្នាំ២០២២  ពាក់ស្លាកលេខ  1JM-8242  ទៅធ្វើការដឹកតែគុជនៅហាងមិត្តភក្កិ ឈ្មោះ សីហា នៅម្តុំវត្តបទុម  រាជធានីភ្នំពេញ  និយាយរួចជនសង្ស័យបានជិះម៉ូតូម្នាក់ឯងចេញពីផ្ទះទៅឆ្លងតាមកំពង់ចម្លងអរិយក្សត្រ  ឆ្ពោះទៅផ្សារឃ្លាំងរំសេវ  រាជធានីភ្នំពេញ  ដើម្បីបញ្ចាំម៉ូតូនៅហាងមួយមិនចាំយីហោ  បានប្រាក់ចំនួន១.៥០០ដុល្លារ  ដោយទទួលប្រាក់ពីអ្នកទទួលបញ្ចាំតាមរយ:  ABA ហើយខ្លួនក៏បានផ្ទេរប្រាក់នោះ  ចំនួន១.៤៩០ដុល្លាតាមABAសងបន្តទៅអោយឈ្មោះ  Y VANNAK បន្តិចក្រោយមកក៏បានហៅ  ផាស់អាប់ជិះទៅហាងលក់តែគុជ របស់មិត្តភក្តិនៅម្តុំវត្តបទុម  អង្គុយលេងដល់វេលាម៉ោង  ៣:០០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៣.០៨.២០២៣  ជនសង្ស័យ បានពឹងអោយអ្នកស្គាល់គ្នាដឹកមកកំពង់ចម្លងអរិយក្សត្រហើយឆ្លងទូកដរមកដល់ខាងភូមិអរិយក្សត្រ បានឡើងជិះផាស់អាប់ដើម្បីទៅផ្ទះ ពេលជិះដល់ចំណុចហាងលក់មីហឹរ ក៏ឈប់ចុះដើរ ចុចទូរស័ព្ទសំដៅទៅផ្ទះ  ពេលដើរដល់ផ្លូវចូលបុរីទួលសង្កែ  ជនសង្ស័យក៏រើសយកដុំថ្មទំហំប៉ុនបាតដៃមកវាយក្បាលខ្លួនឯងពីក្រោយចំនួន០២ដង  បណ្តាលអោយបែកក្បាលឈាម  ដើម្បីប្រឌិតរឿង កុហកម្តាយ បន្ទាប់មកជនសង្ស័យបានយកទូរស័ព្ទមកថតពីខាងក្រោយក្បាលខ្លួន  ផ្ញើតាមឆាតទៅប្រពន្ធដោយនិយាយកុហកថា  ចោរបានស្ទាក់វាយភ្ជង់ប្លន់យកម៉ូតូ បាត់ហើយ រួចជនសង្ស័យក៏បន្តដំណើរដើរទៅដល់ផ្ទះហើយបានស្រែកហៅម្តាយឲ្យបើកទ្វារ  ពេលម្តាយចេញបើកទ្វារឃើញសភាពកូនមានឈាមក្បាលក៏សួរ  ជនសង្ស័យបានប្រឌិតរឿងប្រាប់ទៅម្តាយថា ចោរបានស្ទាក់វាយភ្ជង់ប្លន់យកម៉ូតូ  និយាយចប់ម្តាយបានដឹកជនសង្ស័យទៅមន្ទីរពេទ្យដើម្បីព្យាបាលរបួស។

 បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ បន្តចាត់ការតាមនីតិវិធី ៕

Tags

Comment